នៅក្នុងកិច្ចសន្ទនា លោករដ្ឋមន្ត្រី Hishammuddin Hussein បានអះអាងថា ម៉ាឡេស៊ី មានគោលបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ លោកបានអបអរសាទរចំពោះជោគជ័យរបស់វៀតណាម ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងស្នើឱ្យប្រទេសទាំងពីររៀបចំលក្ខណចាំបាច់ទាំងអស់ដើម្បីបើកឲ្យមានការហោះហើរត្រង់ឡើងវិញនាពេលឆាប់ៗ។ លោករដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី ក៏បានអបអរសាទរវៀតណាម ចំពោះជោគជ័យក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តាំងពីដើមឆ្នាំមក ជាពិសេស វៀតណាម បានរៀបចំបណ្តាកិច្ចប្រជុំរបស់អាស៊ានប្រកបដោយជោគជ័យ ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៅក្នុងតំបន់ និងនៅលើពិភព។ វៀតណាម រក្សាបានសាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាបានជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា។ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោក Hishammuddin ក៏បានសួរសុខទុក្ខអំពីស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តភាគកណ្តាលនៃប្រទេសវៀតណាម ព្រមទាំងអះអាងថា ម៉ាឡេស៊ី ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាម អស់ពីសមត្ថភាពតាមតែអាចធ្វើទៅបាន។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ vnanet.vn)

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានគាំទ្រ និងជួយសម្របសម្រួលឲ្យមានជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាម ឲ្យវិលត្រឡប់មកប្រទេសវិញ។ វៀតណាមសន្យាថា នឹងបន្តបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន អ្នកជំនាញ និងកម្មករដែលមានសមត្ថភាពខ្ពស់ពីបណ្តាប្រទេស ដែលក្នុងនោះមានប្រទេសម៉ាឡេស៊ី ដើម្បីចូលធ្វើការនៅ វៀតណាម។ លោក Pham Binh Minh ក៏បានស្នើឲ្យម៉ាឡេស៊ី បន្តមានទង្វើមនុស្សធម៌ចំពោះអ្នកនេសាទវៀតណាម ដែលត្រូវបានចាប់ខ្លួននៅ ម៉ាឡេស៊ី ស្របតាមច្បាប់អន្តរជាតិ ក្នុងស្មារតីសាមគ្គីភាពអាស៊ាន។

ភាគីទាំងពីរបានឯកភាពថា នឹងបញ្ចប់កម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២០-២០២៥។ ភាគីទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរទ្វេភាគី និងជាមួយបណ្តាប្រទេសអាស៊ាន លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និង APEC នៅខែវិច្ឆិកា ខាងមុខនេះប្រកបដោយជោគជ័យ៕

បកប្រែដោយ Thanh Cong