នៅក្នុងជំនួប អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្តែងនូវក្តីរីករាយចំពោះការវិវឌ្ឍយ៉ាងខ្លាំងក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ប្រទេសទាំងពីរបានបង្ហាញនូវស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ និងជាមិត្តល្អក្នុងគ្រាលំបាក ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក  Suga Yoshihide (រូបថត៖ vnanet.vn)

នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ លោកបានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវៀតណាមក្នុងតំបន់ និងគាំទ្រជានិច្ចដល់ការអភិវឌ្ឍរបស់វៀតណាម។ លោកក៏បានអះអាងថា រដ្ឋាភិបាលជប៉ុនថ្មី នឹងបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានមានប្រសាសន៍ថា ប្រទេសវៀតណាមកំពុងគ្រប់គ្រងជំងឺរាតត្បាត Covid-19 ប្រកបដោយជោគជ័យ និងកំពុងរៀបចំយ៉ាងសកម្មមហាសន្និបាតបក្សលើកទី ១៣។ លោកបានអះអាងថា វៀតណាមនឹងបន្តរក្សាគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេស ជំរុញទំនាក់ទំនងជាមួយដៃគូនានាឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាពិសេស វៀតណាមចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ និងយូរអង្វែង។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់ជប៉ុនចំពោះបញ្ហាសមុទ្រខាងកើត រួមទាំងការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២។

លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវរបស់វៀតណាមក្នុងតំណែងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ានឆ្នាំ ២០២០។ លោកបានអះអាងថា ជប៉ុននឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅវេទិកាតំបន់ និងអន្តរជាតិ ព្រមទាំងសម្តែងនូវការគាំទ្រចំពោះគោលជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត៕

បកប្រែដោយ Huyen Trang