leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីជប៉ុន (រូបថត៖ baochinhphu.vn)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide។

នៅកិច្ចពិភាក្សា នាយករដ្ឋមន្រ្តីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម - ជប៉ុន។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើទិសដៅ និងវិធានការណ៍សំខាន់ៗដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការជឿទុកចិត្តខាងនយោបាយ តាមរយៈការរក្សាដំណើរទស្សនកិច្ច កិច្ចប្រជុំជាន់ខ្ពស់ និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសន្ទនា ព្រមទាំងពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាធិបតេយ្យសេរីជប៉ុន ក៏ដូចជារវាងរដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពអនុវត្តបទប្បញ្ញត្តិស្តីពីការធ្វើដំណើរជាអាទិភាពរវាងប្រទេសទាំងពីរ ដើម្បីបើកជើងហោះហើរពាណិជ្ជកម្មនាពេលឆាប់ៗ បង្កើតលក្ខខណ្ឌសំខាន់ៗដើម្បីជំរុញការស្តារឡើងវិញនូវសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពជំរុញការចុះហត្ថលេខាលើចក្ខុវិស័យរយៈពេលមធ្យម និងរយៈពេលវែងនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៅដំណាក់កាលបន្ទាប់។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide នៅទីស្នាក់ការរដ្ឋាភិបាល (រូបថត៖ vnanet.vn)

នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាសម្របសម្រួលជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំរោងសហប្រតិបត្តិការសំខាន់ៗ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការកសាងរដ្ឋាភិបាលអេឡិចត្រូនិច។ល។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ធ្វើពិពិធកម្ម ពហុភាគីនីយកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសដ៏សំខាន់មួយនៅក្នុងតំបន់ និងក្នុងគោលនយោបាយការបរទេសរបស់ជប៉ុន ដោយបានអះអាងថា ជប៉ុននឹងគាំទ្រយ៉ាងសកម្មដល់វៀតណាមដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ នៅខែវិច្ឆិកាខាងមុខ។

នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវេទិកាអន្តរជាតិនិងតំបន់ដូចជា អាស៊ាន មេគង្គ និងអង្គការសហប្រជាជាតិ ព្រមទាំងសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញយន្តការសមាហរណកម្មសេដ្ឋកិច្ចដូចជា កិច្ចព្រមព្រៀង CPTPP និង RCEP ជាដើម។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោយគោរពច្បាប់នៅសមុទ្រខាងកើត ជាពិសេស UNCLOS ១៩៨២។

នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញទំនាក់ទំនង វៀតណាម - ជប៉ុន ឡើងកំរិតកំពស់ថ្មីមួយ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ ចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Thanh Cong