leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្ដិការជាមួយកូរ៉េខាងត្បូងនិងមានបំណងចង់សហការយ៉ាងជិតស្និទ្ធដើម្បីទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។

រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមដែលជាដៃគូសំខាន់នៅក្នុងគោលនយោបាយខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ព្រមទាំងលោកស្រីបានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តគាំទ្រវៀតណាមក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងប្រធានអាស៊ាន ២០២០ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងការជំរុញការអនុវត្ដកិច្ចព្រមព្រៀងជាន់ខ្ពស់ឲ្យមានប្រសិទ្ធភាព។

ភាគីទាំងពីរបានឯកភាពលើកទឹកចិត្ដអាជីវកម្មកូរ៉េខាងត្បូង ពង្រីកការវិនិយោគនៅវៀតណាមបន្ថែមទៀត និងផ្ដល់ជំនួយ ODA សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ហើយយកចិត្តទុកដាក់និងជួយគាំទ្រសហគមន៍អាណិកជនវៀតណាមនៅកូរ៉េខាងត្បូង។

ទាក់ទងនឹងបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពតាមយន្តការពហុភាគី។ សហការជាមួយវៀតណាមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - កូរ៉េខាងត្បូងលើកទី ១០, កិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ២ និងវេទិកាធុរកិច្ចមេគង្គ-កូរ៉េខាងត្បូងប្រកបដោយជោគជ័យក្នុងឆ្នាំនេះ៕

បកប្រែដោយ Thanh Cong