នៅឯជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh  បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់មួយរបស់វៀតណាម។ លោកបានសម្តែងការរីករាយដែលបានឃើញថាទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងជាក់ស្តែងលើគ្រប់វិស័យទាំងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។  លោកបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីសហប្រតិបត្តិការមនុស្សធម៌ ការជំនះផលវិបាកនៃសង្គ្រាម និងការបន្សាបជាតិពុលឌីអុកស៊ីន ដែលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនុកទុកចិត្តគ្នារវាងភាគីទាំងពីរ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh  បានស្វាគមន៍ចំពោះការដែលប្រទេសទាំងពីបានរៀបចំប្រកបដោយភាពបត់បែននៃសកម្មភាពទាំងឡាយក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតក្នុងបរិបទដែលកើតមានការរីករាលដាលនៃ Covid-19 រួមទាំងការដែលថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរបានផ្លាស់ប្តូរលិខិតអបអរសាទរក្នុងឱកាសនេះដែរ។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (រូប​ថត៖ BNG)

លោករដ្ឋមន្រ្តីការបរទេស Mike Pompeo បានវាយតម្លៃខ្ពស់ចំពោះការពង្រឹង និងពង្រីកទំនាក់​ទំនង​ភាពជាដៃគូគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយ ក៏ដូចជាការចែករំលែកចក្ខុវិស័យរួមគ្នាស្តីពីសន្តិភាព និងស្ថិរភាពនៅឥណ្ឌូ - ប៉ាស៊ីហ្វិក។ លោកអះអាងថា អាមេរិកយកចិត្តទុកដាក់ខ្ពស់ និងប្តេជ្ញារក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយវៀតណាម ហើយប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម។ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានសម្តែងនូវក្តីរីករាយចំពោះការដែលវៀតណាមនឹងទទួលអ្នកស្ម័គ្រចិត្តអាមេរិកមកកាន់ប្រទេសវៀតណាមដើម្បីបង្រៀនភាសាអង់គ្លេសតាមកិច្ចព្រមព្រៀងអនុវត្តកម្មវិធីសន្តិភាព។ ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការនានាដើម្បីទប់ទល់នឹងការរីករាលដាលនៃ Covid-19 ហើយបានជួយប្រជាជននៃប្រទេសទាំងពីរឱ្យវិលត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញយ៉ាងឆាប់ៗ រួមទាំងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្តារ និងថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងនៅលើពិភពលោក។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់អាមេរិកនៅវេទិកាអន្តរជាតិ។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំណាក់កាល ២០២០-២០២១ វៀតណាមនឹងបន្តសហការជាមួយអាមេរិក និងដៃគូនានាក្នុងការដោះស្រាយបញ្ហាប្រឈម រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។ លោករដ្ឋមន្រ្តីក្រសួងការបរទេស Mike Pompeo បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងបញ្ហាសកល ដោយសម្តែងនូវបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការសម្របសម្រួលដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក៕

បកប្រែដោយ Duy Hoan