នៅក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន - អាមេរិក នាពេលខាងមុខ និងចែករំលែកអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួមគ្នា។

លោក David Stilwell ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយអាស៊ាន និងគាំទ្រអាស៊ានដើរតួនាទីយ៉ាងសំខាន់នៅក្នុងរចនាសម្ព័ន្ធតំបន់។ ភាគីទាំងពីរបានឯកភាពបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការអាស៊ាន - អាមេរិក នាពេលខាងមុខ។ អាស៊ានបានឯកភាពធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីសម្រេចការអនុវត្តផែនការសកម្មភាពអាស៊ាន - អាមេរិក សម្រាប់ដំណាក់កាល ២០១៦-២០២០ ហើយនឹងអនុម័តផែនការសកម្មភាពសហប្រតិបត្តិការទ្វេភាគីសម្រាប់ដំណាក់កាល​ ២០២១-២០២៥ នាពេលឆាប់ៗខាងមុខ។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងតំណាងប្រទេសដទៃទៀតនៅក្នុងកិច្ចសន្ទនា​ (hanoimoi.com.vn)

 

ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងទប់ទល់នឹងការរីករាលដាលនៃ Covid-19។ សហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានផ្តល់ថវិកាប្រមាណ ៨៧ លានដុល្លារដល់បណ្តាប្រទេសអាស៊ានសម្រាប់​ទប់ទល់ទៅនឹងការរីករាលដាលនៃ Covid-19 ហើយបានបញ្ជាក់ថា​នឹង​បន្តផ្តល់ជំនួយដល់បណ្តាប្រទេសនានាដើម្បីលើកកម្ពស់សមត្ថភាពបង្ការ និងការទប់ទល់នឹងជំងឺរាតត្បាត។

ដោយចែករំលែកលើចំណាប់អារម្មណ៍រួមនៅក្នុងស្ថានភាពអន្តរជាតិ និងក្នុងតំបន់ សហរដ្ឋអាមេរិកបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដែល​លើកកំពស់តួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនាគ្នា កសាងទំនុកចិត្តនៅក្នុងតំបន់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)  ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ។

ថ្លែងនៅកិច្ចសន្ទនានេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung  បានវាយតម្លៃខ្ពស់ចំពោះការផ្តល់ជំនួយទាន់ពេលវេលារបស់សហរដ្ឋអាមេរិកដល់អាស៊ានសម្រាប់​​ទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺរាត​ត្បាត​កូវីដ១៩​។ លោកបានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រអាស៊ានដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់ ការកាត់បន្ថយផលប៉ះពាល់នៃរោគរាតត្បាត និងជម្រុញការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព ព្រមទាំងបញ្ជាក់ថា អាស៊ានស្វាគមន៍ និងត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិនអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានចែករំលែកទស្សនៈរបស់បណ្តាប្រទេសដែលថា ក្នុងបរិបទបច្ចុប្បន្ននេះ បណ្តាប្រទេសត្រូវតែ​ជំរុញការសន្ទនា ការកសាងទំនុកចិត្ត និងមានទទួលខុសត្រូវដើម្បី​ធ្វើឱ្យសមុទ្រខាងកើតក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Duy Hoan