leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាមតំណាងឱ្យប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ ប្រធាន SOM ASEAN ភាគីចិនបានបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់អាស៊ានក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថិរភាព និងវិបុលភាពក្នុងតំបន់។ តំណាងភាគីចិនមានប្រសាសន៍ទៀតថា លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ ការផលិត និងការផ្សព្វផ្សាយវ៉ាក់សាំងការពារជំងឺ Cov-19 ។ នៅកិច្ចប្រជុំនេះ គំនិតផ្តួចផ្តើមជាក់លាក់ជាច្រើនត្រូវបានលើកឡើងដោយភាគីចិនដូចជាការប្រើប្រាស់មូលនិធិសហប្រតិបត្តិការអាស៊ាន - ចិន ដើម្បីជួយគាំទ្រដល់រាល់សកម្មភាពសហប្រតិបត្តិការក្នុងការឆ្លើយតបជំងឺរាតត្បាត ការរៀបចំវេទិកាអាស៊ាន - ចិន ស្តីពីកិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្ត និងការស្រាវជ្រាវលទ្ធភាពបង្កើតច្រករបៀងធ្វើដំណើរប្រកបដោយសុវត្ថិភាពរវាងចិន និងបណ្តាប្រទេសអាស៊ាន។

ប្រទេសចិនក៏បានលើកឡើងសំណើបង្កើតឲ្យមានយន្តការនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន - ចិន បានឆាប់ៗស្តីពីការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការសម្របសម្រួលដើម្បីជំរុញបណ្តាច្រករបៀងសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដោយកំណត់ប្រធានបទនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២១ គឺ “ឆ្នាំភាពជាដៃគូអភិវឌ្ឍន៍ អាស៊ាន - ចិន” និងសំណើដំឡើងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងអាស៊ាន - ចិន ក្នុងឆ្នាំ ២០២១។

រីឯប្រទេសអាស៊ានវិញ អាស៊ានបានបញ្ជាក់ថា ប្រទេសចិនតែងតែជាដៃគូមួយក្នុងចំណោមដៃគូឈានមុខគេរបស់អាស៊ាន។ បណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងសកម្មរបស់ចិនចំពោះគំនិតផ្តួចផ្តើមអាស៊ានលើមូលនិធិឆ្លើយតប Covid-19 និងឃ្លាំងផ្គត់ផ្គង់សម្ភារៈ បរិក្ខារវេជ្ជសាស្រ្តបន្ទាន់ក្នុងតំបន់ក៏ដូចជាការអនុវត្តនូវសកម្មភាពសហប្រតិបត្តិការជាក់ស្តែងជាច្រើនជាមួយអាស៊ានក្នុងរយៈពេលកន្លងមក។

ទាក់ទងនឹងការតំរង់ទិសនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តវិធីសាស្រ្តពីរក្នុងពេលតែមួយគឺការគ្រប់គ្រងនិងបង្ការជំងឺរាតត្បាតស្របពេលជាមួយការស្តាររាល់សកម្មភាពសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ។ ភាគីទាំងពីរក៏នឹងបន្តបំពេញនូវផែនការសកម្មភាពអាស៊ាន - ចិន សម្រាប់ឆ្នាំ ២០២១-២០២៥ ដើម្បីតំរង់ទិសលើរាល់អាទិភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលថ្មីនេះ។

អាស៊ាន និងចិន បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) យ៉ាងឆាប់ៗនៅឆ្នាំនេះ ហើយទន្ទឹមនឹងនេះគឺអនុវត្តពិធីសារស្តីពីការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិន (ACFTA) តាមរយៈនោះបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើពាណិជ្ជកម្មសេរីពហុភាគី និងការបើកចំហ។

បណ្តាប្រទេសអាស៊ាន និងចិន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលជំរុញកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្តដើម្បីធានាបាននូវបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ រួមទាំងសមុទ្រខាងកើត ការគោរព និងអនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបន្តការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ និងប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung