leftcenterrightdel
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)​ 

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានបញ្ជាក់ថា ក្នុងនាមជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមជានិច្ចកាលបានចូលរួមយ៉ាងសកម្មទៅក្នុងបណ្តាសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។ គោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់វៀតណាមតែងតែស្របនឹងទស្សនៈរួមរបស់អាស៊ានពោលគឺគ្មានការអត់ឱនចំពោះគ្រឿងញៀនទេ ហើយប្រកាន់ខ្ជាប់ខ្ជួននូវដំណើរការឆ្ពោះទៅរក​គោលដៅកសាងសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន។

លោកស្រីអនុប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា “នៅឆ្នាំនេះ រដ្ឋសភាវៀតណាមបានជ្រើសរើសប្រធានបទនៃកិច្ចប្រជុំនេះគឺ “ការប្រែក្លាយពាក្យសម្តីទៅជាសកម្មភាពជាក់ស្តែង ដើម្បីឆ្ពោះទៅរក​សហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន” ដោយរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងរួមរបស់ AIPA ដើម្បីកសាងអាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប ក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ យុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនចាំបាច់ត្រូវតែបន្តកែសម្រួលឱ្យសមស្របទៅនឹងស្ថានការណ៍ថ្មី ដែលក្នុងនោះត្រូវយកមនុស្សជាមជ្ឈភាព បើកចំហរ និងគ្របដណ្តប់លើកម្មវិធីបន្សាបគ្រឿងញៀននានា រួមទាំងកម្មវិធីស្តារនីតិសម្បទានៅក្នុងសហគមន៍ ដើម្បីជួយអ្នកប្រើប្រាស់គ្រឿងញៀនបានសម្របខ្លួនទៅក្នុងសង្គម ហើយរស់នៅក្នុងជីវិតគ្មានគ្រឿងញៀន”។

ដោយធ្វើបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនក្នុងតំបន់ លោក Inshik Sim អ្នកស្រាវជ្រាវផ្នែកគ្រឿងញៀនខុសច្បាប់នៃតំបន់អាស៊ីអាគ្នេយ៍ - ប៉ាស៊ីហ្វិក បានឲ្យដឹងថា៖ ចំណេញប្រចាំឆ្នាំដែលនាំមកពីការផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់នៅអាស៊ីអាគ្នេយ៍ត្រូវបានប៉ាន់ប្រមាណថាអាចឡើងដល់ ៧១ ពាន់លានដុល្លារអាមេរិក។ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅតែបង្កើនការផលិតគ្រឿងញៀន ហើយពង្រីកទីផ្សារគ្រឿងញៀនដែរ៕

បកប្រែដោយ Duy Hoan