នៅកិច្ចសន្ទនាជាមួយតំណាង ABAC តំណាងធុរកិច្ចបានបញ្ជាក់លើការត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការអនុវត្តផែនការទប់ទល់និងស្ដារឡើងវិញបន្ទាប់ពីរងផលប៉ះពាល់នៃ Covid-19។ ទន្ទឹមនឹងនោះ តំណាងទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP និងជឿជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងរួមវិភាគទានយ៉ាងធំធេងក្នុងការស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ABAC) 

តាងនាមថ្នាក់ដឹកនាំអាស៊ាន លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធុរកិច្ចក្នុងការកសាងសហគមន៍អាស៊ាន។ លោកចាត់ទុកថា សហគមន៍ធុរកិច្ចគឺជាស្នូលនៃការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ លោកនាយករដ្ឋមន្រ្តីក៏ស្នើឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងសហគមន៍ធុរកិច្ចផ្ដោតទៅលើការជម្រុញវិនិយោគ ពាណិជ្ជកម្មក្នុងប្លុកអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ានបានសន្យាថា នឹងជួយឧបត្ថម្ភសហគមន៍ធុរកិច្ចឲ្យយកឈ្នះលើផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាល Covid-19 ព្រមទាំងអំពាវនាវឲ្យធុរកិច្ចរួមដំណើរ និងគាំទ្ររដ្ឋាភិបាលក្នុងការពង្រីកតួនាទីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងដើម្បីឆ្លងកាត់ការលំបាក ស្ដារសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យអាស៊ានក្លាយជាគោលដៅទាក់ទាញវិនិយោគិន។

នៅកិច្ចសន្ទនាជាមួយតំណាងយុវជនអាស៊ាន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃតួនាទី និងការរួមវិភាគទានដ៏សំខាន់របស់យុវជនក្នុងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ ថ្នាក់ដឹកនាំអាស៊ានរំពឹងថា យុវវ័យអាស៊ាននឹងលើកកម្ពស់ភាពក្លៀវក្លា ភាពសកម្ម ស្វាហាប់  នវានុវត្ត ស្មារតីហ៊ានគិតហ៊ានធ្វើ មានទំនួលខុសត្រូវដើម្បីចូលរួមចំណែកក្នុងការទប់ទល់នឹងការរីករាលដាលនៃ Covid-19 និងការកសាងសហគមន៍អាស៊ាន៕

បកប្រែដោយ Thanh Cong