leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Motegi Toshimitsu (រូបថត៖ baoquocte.vn)

ក្នុងឱកាសនេះ ភាគីទាំងពីរបានជូនដំណឹងអំពីស្ថានភាព និងលទ្ធផលនៃការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងប្រទេសនីមួយៗ ព្រមទាំងឯកភាពគ្នានឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ  និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់រដ្ឋាភិបាលជប៉ុន។ លោកបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ប្រទេសវៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាពិសេសកញ្ចប់ជំនួយដល់និស្សិតវៀតណាម ដែលកំពុងសិក្សានៅប្រទេសជប៉ុន។

លោករដ្ឋមន្រ្តី Motegi Toshimitsu បានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ដែលត្រូវបានវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាមដែលបានប្រគល់ម៉ាស់ជូនជប៉ុន  និងអនុញ្ញាតឲ្យអ្នកជំនាញការជប៉ុនវិលត្រឡប់មកប្រទេសវៀតណាមធ្វើការវិញ។ លោករដ្ឋមន្រ្តី Motegi Toshimitsu បានមានប្រសាសន៍ថា ក្រៅពីជំនួយសម្រាប់បង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នោះ ជប៉ុននឹងបន្តគាំទ្រដល់ប្រទេសវៀតណាមនូវសម្ភារៈបរិក្ខារពេទ្យតាមតម្រូវការរបស់វៀតណាម។ ដោយផ្អែកលើស្ថានភាពនៃរោគរាតត្បាតនៅក្នុងប្រទេសទាំងពីរ លោករដ្ឋមន្ត្រី Motegi Toshimitsu បានស្នើឱ្យភាគីទាំងពីរផ្លាស់ប្តូរយោបល់យ៉ាងឆាប់ៗដើម្បីចាប់ផ្តើមការធ្វើដំណើរឡើងវិញរវាងប្រជាជននៃប្រទេសទាំងពីរជាបណ្តើរៗ ជាពិសេសអ្នកគ្រប់គ្រង អ្នកជំនាញការដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ។

ភាគីទាំងពីរបានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងអាស៊ាន និងមេគង្គ - ជប៉ុន ព្រមទាំងជំរុញការបង្កើតមជ្ឈមណ្ឌលអាស៊ានស្តីពីជំងឺឆ្លងដែលកំពុងលេចឡើង និងបញ្ហាវេជ្ជសាស្រ្តជាបន្ទាន់ដែលស្នើដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo នៅកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០៕

បកប្រែដោយ Huyen Trang