ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam នៅទីស្នាក់ការព្រឹទ្ធសភា ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ លោកស្រី Santo Akiko ក៏បានផ្តាំផ្ញើសេចក្តីអំណរគុណរបស់រដ្ឋសភាជប៉ុន (ទាំងព្រឹទ្ធសភានិងសភាជាន់ទាប) ជូនចំពោះរដ្ឋសភាវៀតណាមនិងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ដែលបានប្រគល់អំណោយជាម៉ាស់ចំនួន ២០.០០០ សន្លឹកដល់រដ្ឋសភាជប៉ុនបន្ទាប់ពីការផ្ទុះឡើងនៃ COVID-19 ហើយបាននិយាយថា រដ្ឋសភាជប៉ុនបានផ្ទេរម៉ាស់ទាំងនេះភ្លាមៗទៅកាន់មូលដ្ឋានសុខាភិបាល និងបុគ្គលិកសុខាភិបាលជប៉ុន ដែលកំពុងឈរនៅខ្សែប្រយុទ្ធជួរមុខដើម្បីប្រឆាំងនឹងជំងឺរាតត្បាត។

leftcenterrightdel
ប្រធានព្រឹទ្ធសភាជប៉ុនលោកស្រី Santo Akiko ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam (រូបថត៖ vnanet.vn)

ចំពោះទំនាក់ទំនងជប៉ុន-វៀតណាម លោកស្រីប្រធានព្រឹទ្ធសភា Santo Akiko បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍល្អប្រសើរក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ  ជាពិសេសគឺការអភិវឌ្ឍដ៏សកម្មក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាជប៉ុននិងរដ្ឋសភាវៀតណាមផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តោតការយកចិត្តទុកដាក់ដល់សហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន ដោយទទួលបានទាំងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនិងការថែទាំសុខភាពចាំបាច់ផង នៅក្នុងបរិបទនៃជំងឺរាតត្បាត។ លោក Vu Hong Nam បានអះអាងថា រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាមជានិច្ចកាលប្រកៀកជាមួយប្រជាជន រដ្ឋាភិបាលនិងរដ្ឋសភាជប៉ុនក្នុងរាល់ការលំបាកទាំងអស់៕

តាម vovworld.vn