នៅក្នុងកិច្ចសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការអនុវត្តវិធានការបង្ការជំងឺរាតត្បាត។ លោកបានសង្កត់ធ្ងន់ថា ក្នុងស្មារតីនៃទំនាក់ទំនងពិសេស និងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ វៀតណាមត្រៀមជាស្រេចគាំទ្រ ចែករំលែក និងកៀកស្មាជាមួយប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ដើម្បីឱ្យប្រទេសទាំងពីរមានស្ថិរភាពនាពេលឆាប់ៗនេះ ហើយបន្តអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឆ្ពោះទៅមហាសន្និបាតបក្សនៃប្រទេសនីមួយៗ នៅដើមឆ្នាំ ២០២១។ លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់វៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំង និងទប់ស្កាត Covid-19។ លោកបានមានគោលបំណងចង់ឲ្យប្រទេសទាំងពីរនឹងបង្កើនការចែករំលែកព័ត៌មាន សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យលោកនាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលឡាវ បន្តបង្កើតលក្ខខណ្ឌអំណោយផលដល់សហគមន៍អាណិកជនវៀតណាមនៅប្រទេសឡាវ ក្នុងការបង្ការ និងទប់ទល់នឹងជំងឺ Covid-19 ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីរក្សាស្ថិរភាព សន្តិសុខសង្គម ជាពិសេសនៅតាមខេត្តជាប់ព្រំដែននានា។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ភាគីទាំងពីរគប្បីយកចិត្តទុកដាក់បន្ថែមទៀតចំពោះការរក្សាការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងកិច្ចសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិធានការនានារបស់កម្ពុជាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។ ប្រឈមមុខនឹងវិវឌ្ឍដ៏ស្មុគស្មាញនៃរោគរាតត្បាតនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបង្កើនការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នតំណាងរបស់ប្រទេសនីមួយៗ ក្នុងការជួយគាំទ្រពលរដ្ឋរបស់ប្រទេសរៀងៗខ្លួននៅក្នុងប្រទេសសាមី។ លោកបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃភាគីទាំងពីរសហការយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។ ឆ្លើយតបនឹងសំណើរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមត្រៀមជាស្រេចសម្របសម្រួលដើម្បីបញ្ជូនពលរដ្ឋកម្ពុជាដែលកំពុងដាក់នៅដាច់ដោយឡែកនៅប្រទេសវៀតណាមឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការបង្ការ និងទប់ទល់នឹងជំងឺរាតត្បាត ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានយកចិត្តទុកដាក់ និងឆ្លើយតបនឹងសំណើរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែចាត់ទុកអាណិកជនវៀតណាមនៅកម្ពុជាដូចជាប្រជាជនកម្ពុជាផងដែរ។ សម្តេចបានឯកភាពថា នឹងណែនាំដល់ក្រសួងស្ថាប័ន និងមូលដ្ឋាននានារបស់កម្ពុជា សម្របសម្រួលក្នុងការពង្រឹងវិធានការដើម្បីបង្ការ ទប់ទល់នឹងរោគរាតត្បាត និងជួយគាំទ្រសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទទាំងពីរនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការសម្របសម្រួល និងជំនួយទៅវិញទៅមករវាងប្រទេសនានា ក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 ពិតជាចាំបាច់ និងមានអត្ថន័យ។ ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពពិសេសរវាងប្រទេសទាំង៣ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជម្រាបជូនថា រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តជួយគាំទ្ររដ្ឋាភិបាលឡាវ និងរាជរដ្ឋាភិបាលកម្ពុជា នូវឧបករណ៍វេជ្ជសាស្ត្រចាំបាច់ដែលមានតម្លៃ ១០ ម៉ឺនដុល្លារអាមេរិកសម្រាប់ប្រទេសនីមួយៗ ក្រៅពីការគាំទ្រដោយផ្ទាល់ពីក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គការអាជីវកម្ម ដល់ដៃគូឡាវ និងកម្ពុជា។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមត្រៀមជាស្រេចបញ្ជូនអ្នកជំនាញសុខាភិបាល ទៅកាន់ប្រទេសឡាវ និងប្រទេសកម្ពុជា ដើម្បីជួយគាំទ្រ និងចែករំលែកបទពិសោធន៍ ក្នុងការបង្ការ និងទប់ទល់នឹងជំងឺរាតត្បាត៕

បកប្រែដោយ Huyen Trang