លោកនាយករដ្ឋមន្រ្តីបានសម្តែងការសប្បាយរីករាយដែលសភាអឺរ៉ុប (EP) បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​វៀត​ណាម និងសហភាពអ៊ឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ដោយសម្លេងគាំទ្រខ្ពស់ ។ នេះជាព្រឹត្តិការណ៍សំខាន់មួយ​ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង EU។ តាងនាមរដ្ឋាភិបាលវៀតណាម លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberti ដោយបានខិតខំប្រឹងប្រែងក្នុងការជម្រុញ EP ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរនេះ។ តាមរយៈលោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberti លោកនាយករដ្ឋមន្រ្តីបានពាំនាំការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងបណ្តាសមាជិកសភានៃសហភាពអឺរ៉ុបដែលបានខិតខំប្រឹងប្រែងនិង​គាំទ្រដើម្បី​ EVFTA និង EVIPA ត្រូវបានការផ្តល់សច្ចាប័ន ដែល​ជា​ការ​ឆ្លើយតបនឹងក្តីរំពឹងរបស់សហគមន៍ធុរកិច្ច និងប្រជាជននៃភាគីទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាល បណ្តាក្រសួង និងស្ថាប័នរបស់វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញការសន្យាទាំងឡាយជាមួយ EU  ដោយបញ្ជាក់ថាកិច្ចព្រមព្រៀងទាំងពីរនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃភាគីទាំងពីរ​។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូប​ថត៖ vnanet.vn)

 

ដោយឯកភាពនឹងយោបល់របស់លោកនាយករដ្ឋមន្រ្តី លោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberti ឲ្យដឹងថា លទ្ធផលនេះបានមកពីការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល រដ្ឋសភា និងស្ថាប័នយុត្តិធម៌របស់វៀតណាមដែលបានខិតខំធ្វើឱ្យដំណើរការនេះទទួលបានជោគជ័យ។ យោងតាមឯកអគ្គរដ្ឋទូត Pier Giorgio Aliberti អោយដឹងថា ចំនួនសម្លេងគាំទ្រខ្ពស់បានបង្ហាញពីការវាយតម្លៃជាវិជ្ជមានរបស់សហភាពអឺរ៉ុបចំពោះវៀតណាម និង​បង្ហាញទំនុកចិត្តរបស់សហគមន៍អ៊ឺរ៉ុបចំពោះដំណើរការកែទម្រង់របស់វៀតណាម។ សហគមន៍អ៊ឺរ៉ុបត្រៀមខ្លួនរួមដំណើរជាមួយវៀតណាមក្នុងដំណើរការនេះ។ លោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberti ជឿជាក់ថាវៀតណាមនឹងចាប់យកឱកាសនេះ។ សហភាពអឺរ៉ុបប្តេជ្ញាចិត្តថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បី​​អនុវត្តកិច្ចព្រមព្រៀង​ទាំងពីរប្រកបដោយជោគជ័យ៕

បកប្រែដោយ Thanh Cong