ដោយលើកឡើងនូវតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសជាតិ លោក Victor Kot បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលប្រវត្តិសាស្ត្រនៃសតវត្សរ៍ទី ២០ និងបណ្តាទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី ២១ ប្រទេសវៀតណាមបានបង្កើតការលើកទឹកចិត្តដ៏ធំធេងសម្រាប់ការបង្កើតចលនាកុម្មុយនិស្តអន្តរជាតិ និងសម្រាប់ការតស៊ូរបស់អ្នកកុម្មុយនិស្ត និងបដិវត្ត ក៏ដូចជាប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ លោកអគ្គលេខាបក្ស Victor Kot បានសម្តែងនូវការកោតសរសើរ និងការគោរពចំពោះប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់បក្សកុម្មុយនិស្តវៀតណាមក្នុង​រយៈ​ពេល ៩០ ឆ្នាំកន្លងមក ក្នុងតួនាទីជាអ្នកដឹកនាំដ៏សក្តិសមដែលត្រូវបានប្រជាជនវៀតណាមទទួលស្គាល់ក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដើម្បីឯករាជ្យជាតិ ក៏ដូចជាតួនាទី​ដឹកនាំ និងកិត្យានុភាពរបស់បក្សកុម្មុយនិស្ត​វៀត​ណាម​លើ​ឆាក​អន្តរជាតិ។

leftcenterrightdel
អគ្គលេខាបក្សកុម្មុយនិស្តអាហ្សង់ទីន លោក Victor Gorodeki Kot សំណេះសំណាល​ជា​មួយ​​លេខារង នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ លោកស្រី Ngo Thi Thanh Hang នៅអគាអនុស្សាវរីយ៍ នៃទីស្នាក់ការបក្សកុម្មុយនីស្តអាហ្សង់ទីន នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ។ រូបថត៖ vnanet.vn)

 

យោងតាមលោកអគ្គលេខាបក្សកុម្មុយនីស្តអាហ្សង់ទីនឲ្យដឹងថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងការចូលរួមពីប្រជាជនវៀតណាមទាំងមូល ប្រទេសវៀតណាមទទួលបានជ័យជម្នះដ៏ធំធេងក្នុងការតស៊ូប្រឆាំងនឹងពួកអាណានិគម បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រជាជន ដែលជាដំ​បូងបង្អស់គឺការចាប់បដិសន្ធិនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ហើយបន្ទាប់មកគឺការតស៊ូដើម្បីឯករាជ្យជាតិ និងការវាយឲ្យបរាជ័យចក្រពត្តិនិយម។ មិនត្រឹមតែប៉ុណ្ណោះទេ បន្ទាប់ពីបង្រួបបង្រួមប្រទេសជាតិ បក្សកុម្មុយនិស្តវៀតណាមបានបន្តដឹកនាំប្រទេសជាតិក្នុងការស្តារ និងអភិវឌ្ឍ​សេដ្ឋកិច្ចដោយ​មានទិសដៅត្រឹមត្រូវចាប់តាំងពីក្រោយឆ្នាំ ១៩៨៦ កសាងសង្គមថ្មីមួយដោយមានសមិទ្ធិផល​លេច​ធ្លោ​ជាច្រើន។

លោក Victor Kot បានមានប្រសាសន៍ថា ទោះបីនៅមានការលំបាកក៏ដោយ ក៏ជោគជ័យទាំងឡាយរបស់វៀតណាមក្នុង​ដំណើរការអនុវត្តការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទទួលបានការកោតសរសើរជាច្រើន​ពីសំណាក់​សហគមន៍អន្តរជាតិ។

ទាក់ទិននឹងទំនាក់ទំនងរវាងបក្សកុម្មុយនីស្តអាហ្សង់ទីន និងវៀតណាម លោក Victor Kot មានប្រសាសន៍ថា នេះជាទំនាក់ទំនងប្រវត្តិសាស្រ្តដោយផ្អែកលើលទ្ធិម៉ាក្ស  - លេនីន ដែលមានទស្សនៈស្រដៀងគ្នា មានទំនាក់ទំនងមិត្តភាពស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តអាហ្សង់ទីនជាច្រើនមានទំនាក់ទំនងល្អជាមួយថា្នក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមដូចជា លោកប្រធានហូជីមិញ ឬលោកអគ្គលេខាបក្ស Le Duan និងថ្នាក់ដឹកនាំជាច្រើនទៀត។ ជាពិសេស ក្នុងដំណាក់កាលដែលវៀតណាមត្រូវឆ្លងកាត់ការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក ជាសម័យដែលបក្សកុម្មុយនិស្តអាហ្សង់ទីនបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយគាំទ្រចំពោះការតស៊ូរបស់ប្រជាជន​វៀត​ណាម។

លោកអគ្គលេខាបក្សកុម្មុយនិស្តអាហ្សង់ទីនបានរំលឹកឡើងវិញថា នៅសម័យនោះ បក្សកុម្មុយនិស្តអាហ្សង់ទីនបានបង្កើត​ចលនាសាមគ្គីជាមួយវៀតណាម ហើយបានផ្សព្វផ្សាយ និងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃការតស៊ូបដិវត្ត​ដ៏អង់អាច់ក្លាហានរបស់ប្រជាជនវៀតណាម។

លោក Victor Kot បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រណៃណី ហើយទន្ទឹមនឹងនោះក៏បង្ហាញការគាំទ្រចំពោះដំណើរការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយជោគជ័យរបស់វៀតណាម ក៏ដូចជាតួនាទីដែលកំពុងកើនឡើងរបស់វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងទំនាក់ទំនងអន្តរជាតិ។

លោកអគ្គលេខាបក្សកុម្មុយនិស្តអាហ្សង់ទីនជឿជាក់យ៉ាងមុតមាំថា ប្រទេសវៀតណាមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សកុម្មុយនិស្តវៀតណាមនឹងបន្តអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាំងឡាយរបស់ប្រទេសជាតិ ក៏ដូចជាទទួលបានសមិទ្ធិផលថ្មីៗនៅក្នុងការកសាងលទ្ធិសង្គមនិយម។ លោកក៏បានបង្ហាញក្តីសង្ឃឹមថា ចំណងសាមគ្គីភាព និងមិត្តភាពរវាងបក្សកុម្មុយនីស្តអាហ្សង់ទីន និងបក្សកុម្មុយនីស្តនិងវៀតណាមនឹងត្រូវបានរឹតបន្តឹង ហើយឆ្ពោះទៅរកជោគជ័យថ្មីៗថែមទៀត៕

បកប្រែដោយ Duy Hoan