leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមនិងលោក Alexander Lukashenko ប្រធានាធិបតីបេឡារុស្ស (រូបថត៖ vnanet.vn)

 

លោកប្រធានាធិបតី Alexander Lukashenko បានស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏ធំធេងក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរលង់មកហើយរវាងវៀតណាម និងបេឡារុស្ស។ លោកប្រធានាធិបតី Alexander Lukashenko បានមានប្រសាសន៍ថា  ប្រទេសទាំងពីរមានទំនាក់ទំនងនយោបាយនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ ការពារជាតិ និងការអប់រំកាន់តែល្អក្នុងរយៈពេលកន្លងមក។

លោកប្រធានាធិបតី Alexander Lukashenko និងលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានលើកឡើងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគដើម្បិសម្រេចឲ្យបានទំហំពាណិជ្ជកម្មដល់ ៥០០ លានដុល្លារអាមេរិក ដូចតាមការរំពឹងទុកពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

លោកស្រីប្រធានរដ្ឋសភា បានស្នើឲ្យភាគីទាំងពីរផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាពិសេសលើវិស័យដែលវៀតណាមមានឧត្ដមភាពនិងបេឡារុស្សត្រូវការ ហើយទាញយកសក្តានុពលនិងផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បេឡារុស្សគឺជាដៃគូប្រពៃណីដែលគួរឲ្យទុកចិត្តរបស់វៀតណាមក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ។

ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត លោកស្រីប្រធានរដ្ឋសភា បានឲ្យដឹងថា វៀតណាមស្វាគមន៍រាល់ការខំប្រឹងប្រែងរបស់ប្រទេសទាំងអស់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ដើម្បីកិច្ចសហប្រតិបត្ដិការនិងការអភិវឌ្ឍក្នុងតំបន់។ វៀតណាមមានបំណងចង់ឲ្យបេឡារុស្សគាំទ្រគោលជំហរនិងគោលការណ៍របស់​វៀតណាមនិងអាស៊ានគឺដោះស្រាយជំលោះដោយសន្តិវិធី ដោយមិនប្រើកំលាំង ឬ គំរាមកំហែងប្រើកំលាំង ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើតឲ្យបានឆាប់ (COC) រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

សម្រាប់បញ្ហានេះ លោកប្រធានាធិបតី Alexander Lukashenko បានឲ្យដឹងថា បេឡារុស្សតែងតែគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

* នាថ្ងៃទី ១៣ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលបេឡារុស្ស លោកស្រី Nguyen Thi Kim Ngan បានជួបសវនាការជាមួយលោក Sergey Nikolayevich Rumas នាយករដ្ឋមន្រ្តីបេឡារុស្ស  និងទទួលជួបជាមួយតំណាងអតីតយុទ្ធជនបេឡារុស្សដែលជួយវៀតណាមក្នុងកាតស៊ូសង្គ្រោះជាតិ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan បានជួបសវនាការជាមួយលោក Sergey Nikolayevich Rumas នាយករដ្ឋមន្រ្តីបេឡារុស្ស (រូបថត៖ vnanet.vn)

 

គួររំលឹកថា នារសៀលថ្ងៃទី ១២ ខែធ្នូ (តាមម៉ោងតំបន់) នៅរដ្ឋធានី Minsk លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមបានជួបពិភាក្សាការងារជាមួយលោក Vladimir Andreichenko ប្រធានសភាជាន់ទាបបេឡារុស្ស៕

បកប្រែដោយ Thanh Cong