leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

 

ថ្លែងក្នុងព្រឹត្ដិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ក្នុងអាណត្តិរបស់ខ្លួនវៀតណាមនឹងខិតខំប្រឹងប្រែងរួមចំណែកក្នុងការទប់ស្កាត់ជម្លោះ និងដោះស្រាយជម្លោះដោយសន្តិវិធី យោងតាមមាត្រា ៦ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា វៀតណាមនឹងផ្ដល់អាទិភាពលើបញ្ហាសំខាន់ៗជាច្រើនដូចជាការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ប្រជាជនក្នុងការប៉ះទង្គិចនានា និងកម្ចាត់គ្រាប់បែក គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់​ពីសម័យសង្គ្រាមក៏ដូចជាសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានឆ្លើយសំនួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បីសមាជិកមិនអចិន្រ្តៃយ៍ទាំងអស់មានឥទ្ធិពលខ្លាំងជាងក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានបញ្ជាក់ថា ចំពោះបញ្ហាមួយដែលអាចយកមកពិភាក្សានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺចាំបាច់ត្រូវមានការគាំទ្រពីប្រទេសជាសមាជិកយ៉ាងហោចណាស់ចំនួន ៩ ប្រទេស ហើយវៀតណាមមិនលើកលែងលទ្ធភាពណាមួយឡើយហើយនឹងធ្វើអ្វីដែលជាចាំបាច់និងអាចធ្វើនៅពេលសមស្រប៕

បកប្រែដោយ Pham Diep