បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធានចូលកាន់ដំណែងថ្មី លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងអនុប្រធានាធិបតីលោក Ma'ruf Amin។

leftcenterrightdel
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo (រូបថត៖ vnanet.vn)

នៅជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម - ឥណ្ឌូនេស៊ី ក្នុងរយៈពេលកន្លងមក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវកម្មវិធីសកម្មភាពសម្រាប់ឆ្នាំ ២០១៩-២០២៣ និងសហប្រតិបត្តិការក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី ៦០ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Sukarno នៅវៀតណាម ក៏ដូចជាត្រៀមរៀបចំសកម្មភាពរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២០។ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានស្នើឱ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យសេដ្ឋកិច្ច កសិកម្ម ការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ អាកាសចរណ៍ និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។

ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ សម្រាប់សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក៏ដូចជាសហគមន៍អាស៊ាន។ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ពង្រីកប្រពៃណីនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ នៅវេទិកាពហុភាគី ជាពិសេសនៅពេលដែលវៀតណាមជាប្រធានអាស៊ាន ហើយប្រទេសទាំងពីរជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០២០។

លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសំខាន់របស់ឥណ្ឌូណេស៊ីនៅក្នុងតំបន់ និងលើពិភពលោក។ ទាក់ទិននឹងការប្រែប្រួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យភាគីឥណ្ឌូណេស៊ី បន្តគាំទ្រជំហរយុត្តិធម៌របស់វៀតណាម ជំទាស់នឹងការរំលោភលើអធិបតេយ្យភាព និងរំលោភលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ជំរុញការអនុវត្តយ៉ាងពេញលេញ និងប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត និងការចរចាដើម្បីឈានដល់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)  ប្រកបដោយប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិ៕

បកប្រែដោយ Huyen Trang