ម្យ៉ាងទៀតវៀតណាមជា​និច្ច​កាល​វាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមដំណើររបស់អង្គការសហប្រជាជាតិក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសការគាំទ្រដ៏មានតម្លៃ និងជាក់ស្តែងដែលទាក់ទងនឹងប្រភពទុនបញ្ញា និងបច្ចេកវិទ្យាក្នុងគ្រាលំបាកបន្ទាប់ពីសង្គ្រាម។ ម៉្យាងវិញទៀត វៀតណាមក៏ជាអ្នកចូលរួមយ៉ាងសកម្ម និងមានការរួមវិភាគទានជាក់ស្តែងជាច្រើនលើវិស័យទាំង ៣ ដែលមានការយកចិត្តទុកដាក់រួមរបស់អង្គការសហប្រជាជាតិ ពោលគឺសន្តិសុខ សន្តិភាព ការអភិវឌ្ឍ និងការធានាសិទ្ធិមនុស្ស។

leftcenterrightdel
បណ្តាប្រទេសអបអរសាទរវៀតណាមជាប់ឆ្នោតជាសមាជិកមិន​អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១ នៅសម័យប្រជុំលើកទី៧៣ មហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ (រូប​ថត៖ Xinhua)

ក្នុងវិស័យសន្តិសុខ-សន្តិភាព វៀតណាមជា​និច្ច​កាល​ប្រកាន់ខ្ជាប់នូវគោលការជាមូលដ្ឋាន​គ្រឹះនៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ មិនប្រើ ឬគំរាមប្រើកម្លាំង។ ប្រទេសវៀតណាមគឺជាហត្ថលេខីនៃបណ្តាសន្ធិសញ្ញាអន្តរជាតិស្តីពីការរំសាយអាវុធដូចជា៖ សន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ អនុសញ្ញាស្តីពីការហាមឃាត់អាវុធជីវសាស្រ្ត (BWC) និង​អនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី (CWC) ជា​ដើម។ ព្រឹត្តិការណ៍សំខាន់មួយដែលត្រូវរំលឹកឡើងវិញគឺថាចាប់ពីឆ្នាំ ២០១៤ មក វៀតណាមបានចាត់បញ្ជូននាយទាហានទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្នុងវិស័យអភិវឌ្ឍន៍ ពីប្រទេសត្រូវដាក់ទណ្ឌកម្ម វៀតណាមបានលូតលាស់យ៉ាងខ្លាំងដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម។ វៀតណាមអាចមានមោទនភាពពីព្រោះដោយមានជំនួយប្រកបដោយប្រសិទ្ធភាពពីអង្គការសហប្រជាជាតិ វៀតណាមបានក្លាយជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ ក្នុងការធានាសិទ្ធិមនុស្ស វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឺងប្រែងទាំងឡាយសម្រាប់លើកកម្ពស់សិទ្ធិមនុស្សនៅលើពិភពលោក។ វៀត​ណាម​បាន​ដាក់ស្នើ ហើយ​ត្រូវបានផ្តល់អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះសិទ្ធិកុមារ ព្រមទាំងវៀត​ណាម​ក៏​បានដាក់ចេញ និងចូលរួមក្នុងគំនិតផ្តួចផ្តើមជាច្រើនដូចជា៖ ការការពារសិទ្ធិការងាររបស់ជនពិការ ​ការ​​ធានាបរិយាកាសធ្វើការប្រកបដោយសុវត្ថិភាពសម្រាប់ពលករដែលធ្វើការនៅលើសមុទ្រ ការលើកកម្ពស់ការអប់រំ ការការពារ ទប់ស្តាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរស្ត្រីនិងកុមារី ... វៀតណាមក៏ជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិសំខាន់បំផុតស្តីពីសិទ្ធិមនុស្សដូចជា៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច វប្បធម៌ និងសង្គម អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តី អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការប្រកាន់ពូជសាសន៍  និងអនុសញ្ញាស្តីពីសិទ្ធិកុមារ។

ជាមួយនឹងការខិតខំប្រឹងប្រែង និងការចូលរួមវិភាគទានប្រកបដោយប្រសិទ្ធភាពចំពោះសកម្មភាព និងដំណើរការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ វៀតណាមទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការដែលវៀតណាមជាប់ឆ្នោតជាសមជិកនៃស្ថាប័នជាច្រើនរបស់អង្គការសហប្រជាជាតិដោយមានសំឡេងគាំទ្រខ្ពស់ដូចជា៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អាណត្តិ ២០០៨-២០០៩) ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ពីរអាណត្តិ ១៩៩៨-២០០០ និង ២០១៦-២០១៨) ក្រុមប្រឹក្សាសិទ្ធិមនុស្ស (អាណត្តិ  ២០១៤-២០១៦) ក្រុមប្រឹក្សាប្រតិបត្តិយូណេស្កូ (អាណត្តិ ២០១៥-២០១៩) គណៈកម្មការច្បាប់អន្តរជាតិ (អាណត្តិ ២០១៧-២០២១) ។ ហើយថ្មីៗនេះ វៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ នេះជាលើកទី ២ ក្នុងរយៈពេល១០ឆ្នាំដែលប្រទេសវៀតណាមបានជាប់ឆ្នោតជាសមាជិកនៃស្ថាប័នដែលមានតួនាទីនាំមុខរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយ​នេះមិនត្រឹមតែជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះតួនាទីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការជឿរទុកចិត្ត និងការរំពឹងទុកលើការចូលរួមប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។

ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមតែងតែចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិជាអាទិភាពកំពូលមួយក្នុងគោលនយោបាយការបរទេសរបស់​ខ្លួន​។ ដោយ​ផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងល្អក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក វៀតណាមមានសុទិដ្ឋិនិយមទាំងស្រុងចំពោះទំនាក់ទំនងវៀតណាម - អង្គការសហប្រជាជាតិនៅលើដំណើរឆ្ពោះទៅមុខ ដោយហេតុនេះបានរួមចំណែកជាវិជ្ជមានដល់កិច្ចប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីទង់ជាតិរបស់អង្គការសហប្រជាជាតិនឹងជាទង់ជាតិនៃសន្តិភាព នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាទង់ជាតិនៃជំនឿ និងក្តីសង្ឃឹមទៅលើថ្ងៃអនាគតភ្លឺស្វាង៕

បក​ប្រែ​ដោយ Duy Hoan