លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរុស្ស៊ីនៅពេលកន្លងមក រួមទាំងការរួមវិភាគទានដ៏សំខាន់របស់សភាជាតិនៃប្រទេសទាំងពីរ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការរក្សាជំនួបជាប្រចាំ និងការសម្របសម្រួលនៃសភាជាតិទាំងពីរនៅវេទិកាសភាអន្តរជាតិ រួមចំណែកជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកស្រី V. Matviyenko (រូបថត៖ vnanet.vn)

លោកស្រី V. Matviyenko បញ្ជាក់ថា ថ្នាក់ដឹកនាំរុស្ស៊ីបានឯកភាពក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ និងគួរឲ្យទុកចិត្តជាមួយវៀតណាម។ លោកស្រីបានសង្កត់ធ្ងន់លើមនោសញ្ចេតនាល្អប្រសើររវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ លោកស្រីប្រកាសថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនឹងបន្តសហការជាមួយរដ្ឋសភាវៀតណាម និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីដើម្បីអនុវត្តកិច្ចព្រមព្រៀង និងគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc វាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រមានប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដល់កិច្ចសហប្រតិបត្តិការរវាងតំបន់នានានៃប្រទេសទាំងពីរនៅពេលកន្លងមក។ លោករំពឹងថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបន្តជួយឧបត្ថម្ភខេត្ត និងទីក្រុងវៀតណាមក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាតំបន់រុស្ស៊ី។

*នាថ្ងៃដដែល នៅទីស្នាក់ការសភា Duma ជាតិរុស្ស៊ី លោក Nguyen Xuan Phuc បានជួបសវនាការជាមួយលោក V. Volodin ប្រធានសភា Duma ជាតិរុស្ស៊ី។

ភាគីទាំងពីរបានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភា Duma ជាតិរុស្ស៊ី។ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការសហការយ៉ាងជិតស្និទ្ធ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៃសភាជាតិទាំងពីរនៅវេទិកាអន្តរជាតិ រួមចំណែកយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី។

leftcenterrightdel
លោក Nguyen Xuan Phuc ជួបសវនាការជាមួយលោក V. Volodin (រូបថត៖ baochinhphu.vn)

លោក V. Volodin បានឲ្យដឹងថា សភា Duma ជាតិរុស្ស៊ីនឹងជួយគាំទ្រការកសាងក្របខ័ណ្ឌច្បាប់សមស្របដើម្បីជម្រុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម កសិកម្ម ថាមពល ប្រេងនិងឧស្ម័នរវាងប្រទេសទាំងពីរ។ លោក V. Volodin បញ្ជាក់ថា សភា Duma ជាតិរុស្ស៊ីនឹងជួយគាំទ្រនិងធ្វើការអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បី “ឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម” បញ្ចប់ប្រកបដោយជោគជ័យ។

លោក Nguyen Xuan Phuc បានស្នើឲ្យសភា Duma ជាតិរុស្ស៊ីជួយគាំទ្រ និងបង្កលក្ខណៈងាយស្រួលដែលអនុញ្ញាតឲ្យសហគមន៍ជនជាតិវៀតណាមត្រូវបានរស់នៅ និងធ្វើការដោយស្ថិរភាពនៅរុស្ស៊ី រួមវិភាគទានឲ្យការអភិវឌ្ឍរួមរបស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាយប់ថ្ងៃទី២៣ ឧសភា (តាមម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានចាកចេញពីរដ្ឋធានីម៉ូស្គូ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងអញ្ជើញទៅកាន់ទីក្រុង Oslo ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសន័រវែស៕

បកប្រែដោយ Thanh Cong