នាថ្ងៃទី២២ ខែឧសភា (តាមម៉ោងក្នុងតំបន់) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ហើយទទួលជួបទីប្រឹក្សារងសន្តិសុខជាតិអាមេរិក លោក Charles Kupperman និងទីប្រឹក្សាសន្តិសុខជាតិរបស់អនុប្រធានាធិបតីអាមេរិក លោក Keith Kellogg។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ vnanet.vn)

នៅជំនួបទាំងនេះ  លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រៀមខ្លួនជាស្រេចជួបពិភាក្សាជាមួយអាមេរិក សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព របបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការ និងវឌ្ឍនភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើពិភពលោក។ លោក Pham Binh Minh បានចាត់ទុកថា ភាគីទាំងពីរគប្បីរក្សាការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា សន្តិសុខការពារជាតិ និងការជំនះពុះពារលើផលវិបាកដែលបង្កើតឡើងដោយសង្គ្រាមផងដែរ។

រីឯភាគីអាមេរិកបានអះអាងថា ភាគីទាំងពីរគប្បីសហការឲ្យបានល្អក្នុងការជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងរក្សាការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីផលប្រយោជនៃប្រទេសទាំងពីរ និងគាំទ្រចំពោះការជំនះពុះពារលើផលវិបាកដែលបង្កើតឡើងដោយសង្គ្រាម។       

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីលើការគាំទ្រ ចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ភាគីអាមេរិកបានអះអាងថា នឹងបន្តដើរតួនាទីយ៉ាងសកម្មនៅតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក សំដៅរក្សាសណ្ដាប់ធ្នាប់ដោយឈរលើច្បាប់ ជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ដ៏សំខាន់នេះ៕

បកប្រែដោយ Huyen Trang