អ្នកយកព័ត៌មាន៖ តើលោកនាយករដ្ឋមន្រ្តីមានការវាយតំលៃយ៉ាងដូចម្តេចអំពីការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងរុស្ស៊ីក្នុងវិស័យនយោបាយ សង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងពេលកន្លងមក?

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ីមានការអភិវឌ្ឍជាវិជ្ជមាន និងមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងនយោបាយមានភាពជឿទុកចិត្តខ្ពស់ដោយមានជំនួប និងការផ្លាស់ប្តូរគណៈប្រតិភូជាច្រើន ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងមានសកម្មភាពសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានជម្រុញទំនាក់ទំនងនៅគ្រប់ជាន់ថ្នាក់  ដោយមានយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានបង្កើតឡើង។ ជាពិសេស ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong កាលពីខែកញ្ញា ឆ្នាំ២០១៨ និងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev និងលោកប្រធាន Duma ជាតិរុស្ស៊ី  Volodin កាលពីចុងឆ្នាំ ២០១៨ បានបង្កើតនូវសន្ទុះដ៏ខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោក​ជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់រដ្ឋធានីម៉ូស្គូ ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (រូប​ថត៖ vnanet.vn)

លើសពីនេះទៀត ប្រទេសទាំងពីរនឹងរៀបចំឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម ក្នុងឆ្នាំ២០១៩ - ២០២០ ដោយមានសកម្មភាពជួបប្រាស្រ័យ រំលឹកខួបអនុស្សាវរីយ៍ និងការផ្បព្វផ្សាយនានាដែលប្រកបដោយអត្ថន័យសំខាន់ៗ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននានារវាងវៀតណាម និងរុស្ស៊ី (១៩៩៤ - ២០១៩) និងរំលឹកខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនង (១៩៥០ - ២០២០) ដែលរួមចំណែកក្នុងការរឹតបន្តឹងចំណងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីឲ្យកាន់តែស៊ីជំរៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។ ពិធីបើកព្រឹត្តិការសំខាន់ៗទាំងនេះក្រោមសហអធីបតីភាពរបស់នាយករដ្ឋមន្ត្រីទាំងពីរ វៀតណាម - រុស្ស៊ី នឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះនៅទីក្រុងម៉ូស្គូ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបចូលជាធរមាន បានធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងរុស្ស៊ី ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ ២០១៧ សម្រេចបាន ៣,៥៥ ពាន់លានដុល្លារ ពោលគឺកើនឡើង ៣១% បើប្រៀបធៀបនឹងឆ្នាំ២០១៦ ហើយ​ឆ្នាំ២០១៨ សម្រេចបាន ៤,៥៧ ពាន់លានដុល្លារ ពោលគឺកើនឡើង ២៨,៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។ ទំហំពាណិជ្ជកម្មក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៩ សម្រេចបាន ១,១៣ ពាន់លានដុល្លារ កើនឡើង ១០,៦៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨។ ការវិនិយោគរវាងប្រទេសទាំងពីរបន្តបាន​ពង្រីកដោយមានគម្រោងធំៗជាច្រើន (ប្រេងឧស្ម័ន   អគ្គិសនី ... ) ដែលបានដាក់ឲ្យដំណើរការនាពេលកន្លងមក។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការជាប្រពៃណីលើវិស័យអប់រំ បណ្តុះបណ្តាល និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា ប្រទេសទាំងពីរក៏ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍ផងដែរ។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានបន្តបានពង្រីក ដែលរួមចំណែកក្នុងការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។

អ្នកយកព័ត៌មាន៖ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ តើលោក និងលោក Medvedev គ្រោងនឹងពិភាក្សា​ទៅលើបញ្ហាសហប្រតិបត្តិការទ្វេភាគីណាខ្លះ?

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc៖  រាល់ជំនួប និងដំណើរទស្សនកិច្ចជាន់ខ្ពស់នាពេលកន្លងមកបានបង្កើតនូវកម្លាំងចលករខ្លាំងក្លាសំរាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។

ក្នុងកំឡុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីលើកនេះ ខ្ញុំ និងលោក Medvedev នឹងពិនិត្យឡើងវិញនូវស្ថានភាពនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលកន្លងមក រួមទាំងការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយពិភាក្សា​លើ​ទិសដៅ និងវិធានការជាក់ស្តែងនានាដើម្បីដោះស្រាយរាល់បញ្ហាឧបសគ្គ និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ីលើគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទុន។ ភាគីទាំងពីរនឹងផ្តោតលើការពិភាក្សា​អំពីគម្រោងសហប្រតិបត្តិការសំខាន់មួយចំនួនដូចជា ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុយក្លេអ៊ែរ រួមទាំងគម្រោងនានាស្តីពីប្រេងឥន្ធនៈ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគមនាគមនៅវៀតណាម ក៏ដូចជាការជួយគាំទ្រវៀតណាមក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ។ លើសពីនេះទៀត ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ដើម្បី​ឆ្លើយតបទៅនឹងផលប្រយោជន៍ជាក់ស្តែងនៃប្រទេសទាំងពីរ។

អ្នកយកព៌ត៌មាន៖ តាមការវាយតំលៃរបស់លោក តើវិស័យណាខ្លះក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីដែលសម្រេចបាននូវការវិឌ្ឍនជឿនលឿនខ្លាំងបំផុត ហើយវិស័យណាដែលមានសក្តានុពលតែមិនទាន់បានទាញយក?

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖ វៀតណាម និងរុស្ស៊ីមានសក្តានុពលសហប្រតិបត្តិការជាច្រើនលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានបន្តសហការគ្នាប្រកបដោយប្រសិទ្ធភាពលើវិស័យថាមពល និងប្រេងឧស្ម័ន ដោយមានគម្រោងខ្នាតធំជាច្រើនដែលបានអនុវត្តទាំងនៅប្រទេសវៀតណាម និងទាំងនៅប្រទេស​រុស្ស៊ី។ វិស័យអប់រំ និងបណ្តុះបណ្តាលក៏ជាវិស័យសហប្រតិបត្តិការជាប្រពៃណីផងដែរ ដោយ​មាននិស្សិតវៀតណាមជាច្រើនបានជឿជាក់ និងជ្រើសយកប្រទេសរុស្ស៊ីជាគោលដៅសិក្សានៅក្រៅប្រទេស។ ចំណុចសំខាន់មួយទៀតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងពេលកន្លងមកគឺវិស័យទេសចរណ៍ ដោយ​ចំនួនភ្ញៀវទេសចររុស្ស៊ីបានមកវៀតណាមនៅឆ្នាំ ២០១៨ សម្រេចបាន ៦០៦,០០០នាក់ ធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាទីផ្សារទេសចរណ៍ធំបំផុតរបស់វៀតណាមនៅអឺរ៉ុប។

អ្នកយកព័ត៌មាន៖ វៀតណាម និងរុស្ស៊ីមានបទពិសោធន៍សហប្រតិបត្តិការយ៉ាងយូរអង្វែង និងទទួលបានជោគជ័យក្នុងវិស័យថាមពល និងបច្ចេកទេសយោធា។ តើលោកនាយករដ្ឋមន្ដ្រីអាចធ្វើអត្ថាធិប្បាយអំពីបេសកកម្មថ្មីនៅក្នុងវិស័យទាំងនេះបានដែឬទេ?

លោនាយករដ្ឋមន្ត្រី Nguyen Xuan Phuc៖ ថាមពល និងបច្ចេកទេសយោធាគឺជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងគួរឱ្យទុកចិត្តរវាងវៀតណាម និងរុស្ស៊ី។ ទាក់ទងនឹងវិ​ស័យ​ថាមពល ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការជាប្រពៃណីស្តីពីការរុករកប្រេងឧស្ម័ននៅវៀតណាម និងនៅរុស្ស៊ី ភាគីទាំងពីរកំពុងពង្រីកយ៉ាងសកម្មនូវទិសដៅសហប្រតិបត្តិការថ្មីដូចជា ការផ្តល់ប្រេងឆៅរបស់រុស្ស៊ីទៅរោងចក្រចម្រាញ់ប្រេងរបស់វៀតណាម ការដាក់ពង្រាយគម្រោងរួមបញ្ចូលអគ្គីសនី និងផលិតកម្មម៉ាស៊ីន ... ក្រៅពីនេះ ភាគីទាំងពីរកំពុងស្រាវជ្រាវ និងអនុវត្តគម្រោងថាមពលស្អាតដូចជា ថាមពលពន្លឺព្រះអាទិត្យនិងខ្យល់ដែលជាដំបូងទទួលបានលទ្ធផលជាវិជ្ជមានហើយ។ ជាពិសេសគឺ ការអនុវត្តគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យានុយក្លេអ៊ែរ ដែលជាគម្រោងមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ការប្រើថាមពលអាតូមិកក្នុងគោលបំណងសន្តិភាពនៅវៀតណាម។

ទាក់ទងនឹងបច្ចេកទេសយោធា ភាគីទាំងពីរបន្តសហប្រតិបត្តិការលើកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខាដោយ​ស្របតាមច្បាប់អន្តរជាតិ ដើម្បីសន្តិសុខ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកនាយករដ្ឋមន្ត្រី!

បក​ប្រែ​ដោយ​​ Duy Hoan