ក្នុងកិច្ចពិភាក្សានាថ្ងៃទី២០ ឧសភា លោក Pham Binh Minh និងលោក Bruno Rodríguez Parilla បានជូនដំណឹងអំពីស្ថានភាពនៃប្រទេសនីមួយៗនៅពេលថ្មីៗនេះ និង​ពិភាក្សាអំពីទិសដៅ និងវិធានការនានា សំដៅជម្រុញទំនាក់ទំនងសាមគ្គីភាព ​កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាចែករំលែកទស្សនៈពីបញ្ហាក្នុងតំបន់ និងលើពិភពលោក។ លោករដ្ឋមន្រ្តីទាំងពីរបានឯកភាពថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលដំណាក់កាលអភិវឌ្ឍថ្មីដែលកាន់តែជាក់ស្ដែង និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោក Pham Binh Minh និងលោក Bruno Rodríguez Parilla (រូបថត៖ baoquocte.vn)

ក្នុងស្មារតីនោះ ភាគីទាំងពីរបានឯកភាព​គ្នាលើ​វិធានការមួយចំនួនដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី។ ព្រមទាំង លោករដ្ឋមន្រ្តីទាំងពីរបានពិភាក្សាអំពីវិធានការនានា សំដៅជំរុញការវិនិយោគរបស់​សហគ្រាសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបាន​ឯកភាពនឹងជួយគាំទ្រ  និងបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសនៃប្រទេសទាំងពីរ។

ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះការរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងនៅវេទិកាពហុភាគី ដើម្បីការពារផលប្រយោជន៍ និងលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់ទាំងពីរ និងលើពិភពលោក។

បន្ទាប់ពីកិច្ចពិភាក្សា លោករដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើផែនការស្តីពីការពិគ្រោះយោបល់នយោបាយសម្រាប់ដំណាក់កាល២០២០-២០២២ រវាងក្រសួងការបរទេសទាំងពីរវៀតណាម និងគុយបា៕

បកប្រែដោយ Thuy Anh