នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរចំពោះសមិទ្ធផលនានាដែលប្រទេសប៊ូតង់ សម្រេចបាននាពេលកន្លងមក។ លោកអះអាងថា វៀតណាមចង់លើកកម្ពស់ទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយជាមួយប្រទេសប៊ូតង់។ ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនអំពីប្រវត្តិសាស្រ្ត វប្បធម៌ និងសាសនា ដូច្នេះអាចសហការ និងចែករំលែកបទពិសោធន៍ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបប្រធានក្រុមប្រឹក្សាជាតិនៃព្រះរាជាណាចក្រប៊ូតង់ លោក Tashi Dorji (រូប​ថត៖ vnanet.vn)

ប្រធានព្រឹទ្ធសភាប៊ូតង់ លោក Tashi Dorji បានឲ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យសម្រាប់លោក ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា។ ទន្ទឹមនឹងនោះ លោកបានវាយតំលៃខ្ពស់ចំពោះការរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ២០១៩របស់វៀតណាម។ លោក Tashi Dorji បានបន្តថា ប្រទេសប៊ូតង់បច្ចុប្បន្ននេះបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ៣៦ នៅលើពិភពលោក រួមទាំងប្រទេសវៀតណាម។ លោកបានឯកភាពថា ប្រទេសវៀតណាម និងប៊ូតង់មានភាពស្រដៀងគ្នាជាច្រើនអំពីទេសភាព សាសនា និងប្រជាជន ដែលនេះ​​ជាលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រគល់​អំ​ណោយ​ជូន​ប្រធានក្រុមប្រឹក្សាជាតិនៃព្រះរាជាណាចក្រប៊ូតង់ លោក Tashi Dorji (រូប​ថត៖ vnanet.vn)

លោក Tashi Dorji ឲ្យដឹងថា ប្រទេសប៊ូតង់កំពុងសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាមក្នុងការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ លើសពីនេះទៀត ប្រទេសប៊ូតង់កំពុងបង្កើនកការ​កំណែទម្រង់ និងធ្វើ​យន្តូបនីយកម្មក្នុង​វិ​ស័យ​កសិកម្ម ដូច្នេះហើយប៊ូតង់ចង់សហការជាមួយវៀតណាមក្នុងវិស័យនេះ រួមទាំងការនាំចូលគ្រឿងចក្រកសិកម្មពីវៀតណាម និងសិក្សារៀនសូត្រពីបទពិសោធន៍ក្នុងការអភិវឌ្ឍកសិកម្មរបស់វៀតណាម។  លោក Tashi Dorji ក៏បានអះអាងថា ការពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ក៏មានសារៈសំខាន់ណាស់ដែរ។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងវិស័យកសិកម្មជាមួយប៊ូតង់ ហើយសង្ឃឹមថា ប៊ូតង់នឹងបន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីឱ្យប្រទេសទាំងពីរមានការឯកភាពគ្នានៅក្នុងអង្គការអន្តរជាតិ​នានាដែលភាគីទាំងពីរជាសមាជិក៕

បកប្រែដោយ Duy Hoan