leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ថតរូបជាអនុស្សាវរីយ៍ជាមួយប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូល G7 បើកទូលាយ (រូបថត៖ vnanet.vn)

 

កិច្ចប្រជុំកំពូល G7 បើកទូលាយក្រោមអធិបតីភាពរបស់ប្រទេសកាណាដា និងត្រូវបានផ្ដោតទៅលើបញ្ហាការពារសមុទ្រ និងមហាសមុទ្រ។ ព្រមទាំងអង្គប្រជុំបានវាយតំលៃលើបញ្ហាកខ្វក់បរិស្ថាន និងការរុករកធនធានធម្មជាតិតាមសមុទ្រ និងមហាសមុទ្រគ្មាននិរន្ដរភាពដែលជាបញ្ហាប្រឈមរួមនៃសកលលោក ហើយនិងប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយនិរន្ដរភាពនៃសកល ជាពិសេសគឺប្រទេសនៅជាប់មាត់សមុទ្រ។ ទន្ទឹមនឹងនោះអង្គប្រជុំបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ និងមហាសមុទ្រ។

នៅឯកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងឡាយបានសន្យាអនុវត្តការព្រមព្រៀងក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ (COP 21) ចែករំលែកការផ្ដួចផ្ដើមគំនិត និងវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជំរុញយន្ដការដោះស្រាយរាល់បញ្ហាសមុទ្រដោយឈរលើមូលដ្ឋាន​គោរពច្បាប់អន្ដរជាតិ ទប់ទល់នឹងការសំណឹកនៅតាមឆ្នេរសមុទ្រ និងទឹកសមុទ្រឡើងខ្ពស់ បង្កើតយន្ដការសហប្រតិបត្ដិការស្ដីពីការគ្រប់គ្រងសំរាមប្លាស្ទិច និងការធ្វើនេសាទខុសច្បាប់ ព្រមទាំងបង្កើនការគ្រប់គ្រង និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ទឹកសមុទ្រឡើងខ្ពស់ ការប្រើប្រាស់ទឹកទន្លេមេគង្គគ្មាននិរន្ដរភាព។ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានបញ្ជាក់ទៀតថា វៀតណាមសន្យាអនុវត្ដត្រឹមត្រូវតាមការព្រមព្រៀង COP 21 និងស្នើឲ្យបណ្ដាប្រទេស និងសហគមន៍អន្ដរជាតិបន្ដជួយឧបត្ថម្ភ និងបង្កើនកិច្ចសហប្រតិបត្ដិការជាមួយវៀតណាមក្នុងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងទប់ទល់ទឹក​សមុទ្រឡើងខ្ពស់ និងទឹកប្រៃជ្រាបចូល ក៏ដូចជាការគ្រប់គ្រង និងការប្រើប្រាស់ប្រភពទឹកនៅទន្លេមេគង្គក្រោមប្រកបដោយនិរន្ដរភាពផងដែរ។

លោកនាយករដ្ឋមន្ដ្រីក៏បានស្វាគមន៍បណ្ដាប្រទេស គាំទ្រគោលជំហររបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត អាស្រ័យហេតុនេះ បណ្ដាប្រទេសត្រូវតែបង្កើនកិច្ចសហប្រតិបត្ដិការក្នុងការធានាសន្ដិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្ដិវិធីដោយឈរលើមូលដ្ឋានគោរពច្បាប់អន្ដរជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២(UNCLOS) សំដៅពង្រឹងសន្ដិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្ដិការក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Pham Diep