អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម  បានសម្រេចចេញសាលក្រមផ្ដន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ទាំងពីរនាក់ គឺ នួន ជា (អាយុ ៩២ ឆ្នាំ) និង ខៀវ សំផន (អាយុ ៨៧ ឆ្នាំ) ម្តងរួចហើយ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតស្តីពីឧក្រិដ្ឋកម្ម ដែលបានបង្កឡើងចំពោះប្រជាជនវៀតណាម និងប្រជាជនកម្ពុជាពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។

leftcenterrightdel
អ្នកយកព័ត៌មានកម្ពុជា និងអ្នកកាសែតអន្តរជាតិតាមដានការដែលអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមតាមទូរទស្សន៍ (រូបថត៖ CNN)

លោកនាយឧត្តមសេនីយ៍ Pham Van Tra អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលចូលរួមផ្ទាល់ក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី បានរៀបរាប់ថា៖ នៅឆ្នាំ ១៩៧២ ពួក ប៉ុល ពត - អៀង សារី បានសម្លាប់ប្រជាជនកម្ពុជាយ៉ាងសាហាវព្រៃផ្សៃ។ ពួកវាថែមទាំងមានបំណងវាយលុកទៅលើតំបន់ព្រំដែនភាគនិរតីរបស់ប្រទេសយើងតាំងពីមុនហើយ។ បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយពីវៀតណាមបង្រួបបង្រួមប្រទេសជាតិ ប៉ុល ពត បានវាយលុកទៅលើកោះ Phu Quoc និងកោះ Tho Chu (នៅខេត្ត Kien Giang) និងសម្លាប់ប្រជាជនវៀតណាមជាង ៥០០ នាក់។លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានឲ្យដឹងថា ពេលនោះ វៀតណាមទើបនឹងឆ្លងផុតពីសង្គ្រាមដ៏រាំរៃទាំងពីរអស់រយៈពេលជាច្រើនទស្សវត្ស ហេតុនេះ យើងត្រូវការសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិណាស់។ លោកបាននិយាយថា៖ “ម្យ៉ាងយើងបានខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីទប់ស្កាត់កងកម្លាំងខ្មែរក្រហមចូលមកប្រទេសយើង ម្យ៉ាងទៀតយើងរិះរកវិធានការដោះស្រាយទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងទៀង ដើម្បីទប់ស្កាត់សង្គ្រាម។ យើងមិនដែលមានបំណងបញ្ជូនកងទ័ពទៅកាន់កាប់ប្រទេសណាមួយឡើយ”។

ប៉ុន្តែខណៈដែល ពួក ប៉ុល ពត វាយលុកទៅលើព្រំដែនភាគនិរតី និងសម្លាប់ប្រជាជនវៀតណាមយ៉ាងឃោឃៅព្រៃផ្សៃ តបតាមសេចក្តីអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា យើងបង្ខំចិត្តត្រូវតែបញ្ជូនកងទ័ពចូលមកប្រទេសកម្ពុជា ដើម្បីការពារប្រទេសជាតិផង និងជួយកងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជាផង។

កងទ័ពស្ម័គ្រចិត្តវៀតណាម បានជួយប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ។ កាលពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ១៩៩៨ ពួកខ្មែរក្រហមត្រូវបានលុបបំបាត់ចោលទាំងអង្គការនយោបាយ ទាំងអង្គការយោធា ហើយថ្ងៃនេះបានក្លាយទៅជាថ្ងៃសន្តិភាពនៅប្រទេសកម្ពុជា។

សេចក្តីសំរេចរបស់សាលាក្ដីខ្មែរក្រហមបានទទួលស្គាល់នូវភាពយុត្តិធម៌របស់វៀតណាម ក្នុងការដែលវៀតណាមបញ្ជូនកងទ័ពទៅជួយកងកម្លាំងបដិវត្តន៍កម្ពុជា ជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ក្នុងស្មារតី ជួយមិត្តគឺជួយខ្លួនឯង។

ថ្ងៃទី៧ ខែមករា ឆ្នាំនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងឡាយដែលបានពលីជីវិត ដើម្បីផ្តួលរំលំរបបខ្មែរក្រហម។ នេះក៏ជាឱកាសមួយសម្រាប់ប្រជាជននៃប្រទេសទាំងពីរទទួលស្គាល់តំលៃដ៏ធំធេងនៃសន្តិភាព ក៏ដូចជាតំលៃនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការក្នុងស្មារតីគោរពឯករាជ្យ ម្ចាស់ការ និងអធិបតេយ្យភាពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជាផងដែរ៕

បកប្រែដោយ Huyen Trang