ប្រ​ឈម​មុខនឹងការរំលោភបំពានលើ​តំ​បន់​ព្រំដែនភាគនិរតីវៀតណាមរបស់កងទ័ព ប៉ុល ពត បក្ស និងរដ្ឋវៀតណាមមានបំណងថា វៀតណាម និងកម្ពុជានឹងចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីព្រំដែនរវាងប្រទេសទាំងពីរ ក្នុងស្មារតីគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវញទៅមក បន្តអភិវឌ្ឍចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ។ ហើយ​វៀតណាមបានអនុវត្តយ៉ាង​​ត្រឹមត្រូវនូវ​កិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅជំនួបសំណេះសំណាលរវាងតំណាងវៀតណាម និងកម្ពុជា នៅទីក្រុងភ្នំពេញ នា​ខែ​មេសា ឆ្នាំ១៩៧៦។

ដោយព្យាយាមអនុវត្តគោលការណ៍កសាងខ្សែព្រំដែនប្រ​កប​ដោយ​សន្តិភាព និងមិត្តភាពជាមួយកម្ពុជា គណៈកម្មាធិការបក្សយោធាមជ្ឈិមរបស់វៀតណាមបានបញ្ជាឲ្យយោធភូមិភាគ និងខេត្តជាប់ព្រំដែនជាមួយកម្ពុជា ពង្រឹង​ទំនាក់​ទំនង​សាមគ្គីភាពជាមួយប្រជាជនកម្ពុជា។ ក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់បក្ស នាខែធ្នូ ឆ្នាំ១៩៧៦ បក្ស និងរដ្ឋវៀតណាមនៅតែ​បន្តបញ្ជាក់ពីគោលជំហររបស់ខ្លួនគឺ៖ “ខិតខំអស់ពីកម្លាំងកាយចិត្តដើម្បី​ការពារ និងអភិវឌ្ឍទំនាក់ទំនងពិសេសរវាងប្រជាជនវៀតណាមជាមួយប្រជាជនឡាវ និងកម្ពុជា ពង្រឹង​ចំណងយុទ្ធសាមគ្គីភាព ទំនុកទុកចិត្ត កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងជួយ​គ្នា​ទៅវិញទៅមកលើគ្រប់វិស័យរវាងវៀតណាម ជាមួយកម្ពុជា និងឡាវ តាមគោលការណ៍សមភាព គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់គ្នា  គោរពផលប្រយោជន៍របស់គ្នា។

leftcenterrightdel
កម្លាំងកាំភ្លើង​ធំវៀតណាមការពារព្រំដែនភាគនិរតីវៀតណាម នាខែកញ្ញា ឆ្នាំ១៩៧៧ (រូបថត៖ vnanet.vn)

ទោះបីជា វៀតណាមមានការខិតខំប្រឹង​ប្រែង​ក្នុងដំ​ណើត​ការទូតហើយ​ក៏ដោយ ក៏ប៉ុន្តែ ប៉ុល ពត នៅ​តែ​បន្ត​ការ​ឃោសនា ដោយ​សំដៅបំភ្លៃប្រវត្តិសាស្រ្ត ​​បង្កជម្លោះ និងទន្រ្ទានចូល​កាន់កាប់ព្រំដែនភាគនិរតីវៀតណាម។ ពួកគេបានវាយ​បំ​ផ្លាញ​ភូមិដ្ឋាន សម្លាប់មនុស្សយ៉ាងឃោរឃៅ ទាំងមនុស្សចាស់ ទាំងស្រ្តី និងកុមារវៀតណាម។

ដោយ​ឆ្លើយតបតាមការ​អំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងប្រជាជនកម្ពុជា ព្រមទាំងអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន កងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាបាន​​វាយ​ផ្ដួលរំលំរបបប្រល័យពូជសាសន៍។

ចាប់ផ្ដើមនៃសង្រ្គាម ពួក​ ប៉ុល ពត បាន​ធ្វើការវាយសម្រុក​ជាបន្តបន្ទាប់ដោយមានទ្រង់ទ្រាយធំចំនួន៣ទៅ​លើតំបន់​មួយ​ចំ​នួន​របស់​វៀតណាម។ នាថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៧ ពួកគេបានធ្វើការវាយសំរុកលើឃុំ​ចំ​នួន​​១៤ ក្នុង​ចំ​ណោម​ឃុំ​ចំ​នួន​ ១៦ ឃុំដែល​ជាប់ព្រំដែននៃខេត្ត An Giang ដែល​វាយ​បំផ្លាញភូមិដ្ឋាន សាលារៀន មូលដ្ឋានផលិតកម្មជា​ច្រើន​របស់វៀតណាម។  ក្នុងរយៈពេលប្រមាណ ២០ ថ្ងៃ មនុស្សចំនួន​ ២២២ នាក់ត្រូវសម្លាប់  និង ៦១៤ នាក់ទៀតរងរបួស ផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាជនត្រូវវាយបំផ្លាញ។ ប្រឈ​ម​មុខ​នឹង​ការលុកលុយឈ្លានពានរបស់ពួក​ ប៉ុល ពត កម្លាំងការពារព្រំដែន និងសេនាជន រួម​ទាំង​កងឈ្លបនៅឃុំ Vinh Xuong ឃុំ Vinh Gia ឃុំ Nhan Hung  បានក្រោកឈរឡើងប្រយុទ្ធប្រ​ឆាំង​​នឹង​រាល់សកម្មភាពឈ្លានពានរបស់សត្រូវ។ កងទ័ពវៀតណាមបានកៀងគរកងវរៈសេនាធំមួយ នៃកងពលធំលេខ៣៣០ កងវរៈសេនាធំនាវាមួយ និងកងវរៈសេនាតូចពីរនៃខេត្ត An Giang ដើម្បីវាយបក ដោយ​កំទេចខ្មាំង​ចំនួន ៣០០ នាក់ និងបង​ឲ្យ​កងទ័ព ប៉ុល ពត ដកថយទៅប្រទេសកម្ពុជាវិញ។ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៧៧ គណៈកម្មាធិការបក្សយោធាមជ្ឈិមរបស់វៀតណាមបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធនៅភាគខាងត្បូង៖ “ប្តេជ្ញាការពារអធិបតេយ្យភាពដែនដីរបស់ខ្លួន ព្រមទាំងគោរពអធិបតេយ្យភាពដែនដីរបស់កម្ពុជា។  បន្តឃោសនានិង​ចលនា​ប្រជាជនកម្ពុជា និង​​​ឆ្លៀតយកការគាំទ្រពីសាធារណមតិ ​កសាងព្រំដែនជាមួយកម្ពុជាប្រ​កដោយ​ស្ថិរភាព វាយ​កម្ទេច​រាល់​ឧបាយកលដែល​ចង់​បំបែកបំបាក់ទំនាក់​ទំ​នង​រវាង​ប្រទេសទាំងបីនៅឧបទ្វីបឥណ្ឌូចិន”។

អនុវត្តតាមសារាចររបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមរបស់វៀតណាម អង្គភាពនានា​នៃ​យោធភូមិភាគទី៥ យោធភូមិភាគទី៧ យោធភូមិភាគទី៩ យោធភូមិភាគទី៣ និងយោធភូមិភាគទី៤ បានរៀបចំកងកម្លាំង និងមធ្យោបាយ កសាងផែន​ការ​ និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ។ អង្គភាពពាក់ព័ន្ធមួយចំនួនទៀតក៏ត្រៀមខ្លួនជាស្រេចសម្រាប់​វាយខ្មាំងនៅគ្រប់ទិសទីដែរ ។

leftcenterrightdel
កងទ័ពស្ម័គ្រចិត្តវៀតណាមទទួលបានជ័យជម្នះជាបន្តបន្ទាប់នៅកម្ពុជា (រូបថត៖ vnanet.vn)

ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧ កងទ័ព ប៉ុល ពត បានប្រមូលកងពលធំចំនួន៩ រួម​ជាមួយកម្លាំងមូលដ្ឋាន ធ្វើការវាយសំរុកដោយ​ទ្រង់​ទ្រាយ​ធំទី២ទៅលើ ខេត្ត An Giang ខេត្ត Kien Giang ខេត្ត Long An ខេត្ត Dong Thap និងឆ្ពោះទៅខេត្ត Tay Ninh ដោយ​បង្កឧក្រិដ្ឋកម្មជាច្រើនចំពោះប្រជាជនវៀតណាម។ ជាពិសេស នៅឃុំចំនួន៣ នៃស្រុក Tan Bien ស្រុក Ben Cau ខេត្ត Tay Ninh ពួក ប៉ុល ពត បានសំលាប់មនុស្សជាងមួយពាន់នាក់។

ប្រ​ឈម​មុខ​នឹង​ស្ថានភាពថ្មីនៃសង្រ្គាម អគ្គសេនាធិការដ្ឋានវៀតណាមបានសម្រេចចិត្ត​ចាត់​បញ្ជូនផ្នែកមួយនៃកង​កម្លាំង​ទ័ព​ស្រួ​ច​​ចំ​ណុះក្រសួង​ការ​ពារ​ប្រ​ទេសវៀតណាម​ ទៅ​វាយ​​បក​ទៅ​នឹងការវាយសម្រុក​របស់កង​ទ័ព​ ប៉ុល ពត នៅតំបន់ជាច្រើននៅតាមព្រំដែន ដណ្ដើមយក​ឡើងវិញនូវតំបន់ដែលត្រូវ​កង​ទ័ព​ ប៉ុល ពត កាន់កាប់។

នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៧៧ កង​ទ័ព ប៉ុល ពត បានធ្វើការវាយសំរុកថ្មីក្នុងបំណងទន្រ្ទានកាន់កាប់ទីរួមខេត្ត Tay Ninh។ ដោយ​ហេតុ​នោះ ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៧៧ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៨ អង្គទ័ពលេខ៤ អង្គទ័ពលេខ៣ យោធភូមិភាគទី៧ យោធភូមិភាគទី៩ បានប្រមូលកងពលធំចំនួន៨ សម្រាប់វាយបកខ្មាំង​នៅតាម​ផ្លូវលេខ៧ លេខ១ និងលេខ២ ដែល​បោសសំអាតកង​ទ័ព ប៉ុល ពត និងវាយ​កំទេចកងពលធំ ប៉ុល ពត ចំនួន៥ ហើយ​ធ្វើឲ្យផែនការកាន់កាប់ទីរួមខេត្ត Tay Ninh របស់ ប៉ុល ពត ត្រូវបរាជ័យ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៧ កងទ័ព ប៉ុល ពត បានចេញសេចក្តីប្រកាសដោយមូលបង្កាច់កងទ័ពវៀតណាមថា “វៀតណាម​ឈ្លានពានកម្ពុជា” ។ នៅថ្ងៃដដែល រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីថ្លែងការណ៍ស្ដីពីបញ្ហាព្រំដែនវៀតណាម-កម្ពុជា ដែលថ្លែងច្បាស់ថា គោលជំហរ និងគោលការណ៍របស់វៀតណាមគឺ៖ ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីការពារចំណងយុទ្ធសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា វែកញែកឧបាយកល និងឧក្រិដ្ឋកម្មរបស់ពួក ប៉ុល ពត ចំពោះប្រជាជនវៀតណាមនៅខេត្តតាមព្រំដែននិរតីវៀតណាម។

ក្នុងស្មារតីស្ថាបនា និងយុត្តិធម៌ បក្សនិងរដ្ឋវៀតណាមមានបំណងដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា តាមរយៈកិច្ចពិភាក្សាសន្តិភាព គោរពគ្នាទៅវិញទៅមក ដែលទទួលបានការគាំទ្រពីសាធារណមតិពិភពលោក។ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមសំដៅបង្កើតតំបន់គ្មានកងទ័ពតាមខ្សែព្រំដែនត្រូវបាន ប៉ុល ពត បដិសេធ​ដែលពួកគេបន្តបំផុសសង្គ្រាមឈ្លានពានព្រំដែនភាគនិរតីវៀតណាម៕

បកប្រែដោយ Thuy Anh