ក្នុងសារជូនពរឆ្នាំថ្មី ២០១៨ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងនូវគ្រោះថ្នាក់ និង បញ្ហាប្រឈមដែលពិភពលោកកំពុងប្រឈមមុខ។ លោកបានឲ្យដឹងថា ឆ្នាំ ២០១៧ ពិភពលោកឆ្លងកាត់ការគំរាមកំហែងជាច្រើនដែលក្នុងនោះមានការជម្លោះគ្នាកើតមានឡើងកាន់តែធ្ងន់ធ្ងរក៏ដូចជាការព្រួយបារម្ភពីសមាគមន៍អន្ដជាតិអំពីស្ថានភាពអាវុធនុយក្លេអ៊ែរដែរ។ ទន្ទឹមនឹងនោះដែរផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ការអសមភាពកើនឡើង និងការរំលោភសិទ្ធិមនុស្សបានកើតឡើងជាបន្ដបន្ទាប់ ហើយជាតិនិយមមាននិន្នាការកើនឡើងដែរ។ ក្នុងបរិបទនោះ លោក António Guterres និយាយថា មានតែតាមរយៈសាមគ្គីភាពសហគមន៍អន្តរជាតិទើបដោះស្រាយជម្លោះ លុបបំបាត់គំនុំគំគួន និងការពារផលប្រយោជន៍រួមឡើយ។ “សាមគ្គីភាពពិតជាផ្លូវតែមួយគត់”។ អនាគតរបស់យើងផ្អែកលើប្រការនេះ លោក António Guterres ក៏បានអំពាវនាវឲ្យបណ្ដាថ្នាក់ដឹកនាំនៅលើពិភពលោកទាំងមូល“ផ្សាភ្ជាប់គ្នា បង្កើតនូវជំនឿទុកចិត្ដឡើងវិញដោយតាមរយៈសាមគ្គីភាពរវាងប្រជាពលរដ្ឋដើម្បីគោលដៅរួម”។ តាមការដកស្រង់សម្ដីរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

leftcenterrightdel
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យសហគមន៍អន្ដរជាតិសាមគ្គីគ្នាក្នុងឆ្នាំថ្មីឆ្នាំសកល ២០១៨ (រូបថត៖ un.org)


ក្នុងសាររបស់សម្ដេចប៉ាប Francis បានឲ្យដឹងថាឆ្នាំ ២០១៧ កន្លងមក ពិភពលោកត្រូវបំផ្លាញដោយសង្គ្រាម ការបោកប្រាស់ និងអយុត្ដិធម៌ ព្រមទាំងអំពាវនាវឲ្យមនុស្សគ្រប់រូបត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។

រីឯលោកប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងថា ឆ្នាំ ២០១៧ ប្រទេសអាមេរិកសម្រេចបានសមិទ្ធិផលជាច្រើនដូចជាការកំណែទម្រង់ប្រព័ន្ធពន្ធ និងកម្មវិធីថែទាំសុខភាព។ ក្នុងសារជូនពរឆ្នាំថ្មី លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា ទីផ្សាផ្សារហ៊ុននឹងបន្តកើនឡើង ហើយក្រុមហ៊ុនទាំងឡាយនឹងបន្តវិនិយោគនៅអាមេរិក។ "ឆ្នាំ ២០១៨ នឹងជាឆ្នាំដ៏ល្អអស្ចារ្យសម្រាប់ប្រទេសអាមេរិក" លោកប្រធានាធិបតីបានសរសរនៅលើបណ្តាញសង្គម Twitter។

ក្នុងបទថ្លែងនៅឱកាសឆ្នាំថ្មីសកល ២០១៨ យោងតាមភ្នាក់ងារព័ត៌មានចិនស៊ីនហួរ លោក Xi Jinping ប្រធានរដ្ឋចិនបានសន្យាថា ប្រទេសចិននឹងអនុវត្ដការធ្វើកំណែទម្រង់ក្នុងឆ្នាំ២០១៨។ មេដឹកនាំចិនបញ្ជាក់ថា មកដល់ឆ្នាំ ២០២០ នឹងជួយប្រជាជនចិននៅជនបទលប់បំបាត់ភាពក្រីក្រវេទនា។ អំពីបញ្ហាអន្ដរជាតិ លោក Xi Jinping បញ្ជាក់ថា ចិននឹងរក្សាសិទ្ធិកំណត់ និងបទបញ្ញត្ដិរបស់អង្គការសហប្រជាជាតិ ហើយគោរពកាតព្វកិច្ចអន្ដរជាតិ អនុវត្ដការសន្យាសំដៅដោះស្រាយបញ្ហារប្រែប្រួលអាកាសធាតុ រួមចំណែករក្សាសន្ដិភាព និងអភិវឌ្ឍន៍សកលលោក។

ថ្លែងលើស្ថានីយ៍ទូរទស្សន៍ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានជូនពរប្រទេសរុស្ស៊ីបានរស់នៅដោយសន្ដិភាព និងរុងរឿង។ “ស្មារតីសាមគ្គី មិត្ដភាព និងស្នេហារដោយឥតលក្ខ័ណ្ឌរបស់ប្រទេសរុស្ស៊ីបានផ្ដល់កម្លាំងចិត្ដសម្រាប់យើងក្នុងការអនុវត្ដបេសកម្ម និងសមិទ្ធិផលធំធេង” Sputnik បានដកស្រង់សម្ដីលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។

ពីវិមាន Elysee លោក Emmanuel Macron ប្រធានាធិបតីបារាំងបានសន្យាបន្ដអនុវត្ដកម្មវិធីកំណែទម្រង់របស់ខ្លួន និង“ដំណើរអភិវឌ្ឍបារាំង” ក្នុងបរិបទខឿនសេដ្ឋកិច្ចមានការវិវត្ដន៍។ លោកប្រធានាធិបតី Emmanuel Macron បានឲ្យដឹងថា “គម្រោងសង្គមធំមួយ” នឹងត្រូវបានអនុវត្ដដែលក្នុងនោះមានការធានានូវថែទាំសុខភាព និងផ្ទះសម្បែងចំពោះជនអនាថា។ មេដឹកនាំបារាំងសង្កត់ធ្ងន់ថា ឆ្នាំ ២០១៨ នឹងជាឆ្នាំផ្សាភ្ជាប់របស់ប្រទេស ហើយលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងប្រទេសលប់បំបាត់ការ “ខ្វែងគំនិត” ព្រមទាំងលោកសន្យាថា ប្ដេជ្ញាប្រឆាំងនឹងអំពើភេរវកម្មនៅមជ្ឈិមបូព៌ា អាហ្វ្រីកនិងលើទឹកដីបារាំង។ រីឯសម្រាប់អឺរ៉ុប លោកប្រធានាធិបតី Emmanuel Macron បញ្ជាក់សារជាថ្មីម្តងទៀតនូវការសន្យាចំពោះតំបន់ ព្រមទាំងជឿជាក់ថា “អឺរ៉ុបផ្ដល់ផលប្រយោជន៍សម្រាប់បារាំង” លោកអំពាវនាវឲ្យប្រជាពលរដ្ឋបារាំងចូលរួមការស្ទង់មតិ ដើម្បីធ្វើឲ្យអឺរ៉ុបសាមគ្គី និងប្រជាធិបតេយ្យជាងនេះទៅទៀត៕

បកប្រែដោយ Pham Diep