បន្ទាប់ពីចូលរួមពិធីបើក នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសម័យប្រជុំពេញអង្គរបស់សន្និសីទ។ នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ ASEAN បានផ្តោតទៅលើការវាយតំលៃការអនុវត្តចក្ខុវិស័យសហគមន៍ ASEAN ឆ្នាំ ២០២៥ ពិភាក្សាលើវិធានការបង្កើនប្រសិទ្ធិភាពនៃសកម្មភាព ASEAN និងផ្លាស់ប្តូរយោបល់ស្ដីពីបញ្ហាដែលតំបន់ និងអន្តរជាតិមានចំណាប់អារម្មណ៍។

leftcenterrightdel
រូបថត៖ asean2017.ph

ថ្នាក់ដឹកនាំបញ្ជាក់ម្ដងទៀតអំពីការរក្សា និងជម្រុញសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ ក៏ដូចជាដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្ដីពីច្បាប់សមុទ្រ អនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការណ៍ស្ដីពីក្រមប្រតិបត្តិនៃបណ្ដាភាគីនៅសមុទ្រខាងកើត (DOC) និងបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិ (COC)។ សន្និសីទស្វាគមន៍ការដែលសន្និសីទជាន់ខ្ពស់ ASEAN - ចិនលើកទី២០ ដែលនឹងប្រកាសចាប់ផ្ដើមឡើងវិញនូវដំណើរការពិភាក្សាកសាង COC និងបញ្ជាក់ពីការខំប្រឹងប្រែងទាំងអស់គ្នាដើម្បីធ្វើឲ្យសមុទ្រខាងកើតមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍ។

អំពីស្ថានភាពអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំទាំងអស់បានផ្តោតទៅលើការទប់ស្កាត់ភេរវកម្មនិយម ជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងចំណុចក្តៅទាំងឡាយក្នុងតំបន់ រួមទាំងសមុទ្រខាងកើត ឧបទ្វីបកូរ៉េ និងស្ថានភាពនៅរដ្ឋរ៉ាក់ឃីន នៃប្រទេសមីយ៉ាន់ម៉ា។ ថ្នាក់ដឹកនាំ ASEAN បានឯកភាពគ្នាអំពាវនាវជំនួយ និងការចូលរួមរបស់ដៃគូ ជាពិសេសគឺយន្តការនានាដែលដឹកនាំដោយ ASEAN សំដៅដោះស្រាយបញ្ហាប្រឈមមុខដែលកំពុងកើតឡើង។

មានប្រសាសន៍នៅសន្និសីទ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បញ្ជាក់ពីអត្ថន័យនៃការរំលឹកខួបលើកទី៥០ នៃការបង្កើត ASEAN និងកិច្ចសហប្រតិបត្តិការ ៣ ចំណុចដែល ASEAN ត្រូវយកចិត្ដទុកដាក់ក្នុងពេលខាងមុខនេះ។ លោកនាយករដ្ឋមន្រ្តីក៏ស្នើឲ្យ ASEAN ចាប់អារម្មណ៍ថែមទៀតដល់ការកសាងសហគមន៍សេដ្ឋកិច្ច ASEAN (AEC) និងការអភិវឌ្ឍរបស់សហគ្រាសតាមរយៈការជម្រុញចងសម្ព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្លុក ព្រមទាំងជួយគ្នាទៅវិញទៅមកក្នុង សហគមន៍៕

បកប្រែដោយ Thuy Anh