ដូចដែលបានរំពឹងទុក នៅក្នុងសារលិខិតសហព័ន្ធ លោកប្រធានាធិបតី Donald Trump ប្រកាសថា លោកនឹងជួបមេដឹកនាំ Kim Jong-un នៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ។ កន្លែងសំរាប់កិច្ចប្រជុំនេះត្រូវបានលោកប្រធានាធិបតី Donald Trump ប្រកាសថាជារដ្ឋធានីហាណូយ។ លោកប្រធានាធិបតី Donald Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃទី ៨ ខែកុម្ភៈថា “បេសកជនរបស់ខ្ញុំទើបតែចាកចេញពីប្រទេសកូរ៉េខាងជើង បន្ទាប់ពីចូលរួមកិច្ចប្រជុំមួយប្រកបដោយប្រសិទ្ធភាព ហើយបានព្រមព្រៀងគ្នាអំពីពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលលើកទី២ ជាមួយលោក Kim Jong-un ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៃប្រទេសវៀតណាមនាថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ។ ខ្ញុំទន្ទឹងរង់ចាំជួបលោក Kim Jong-un និងឈានទៅរកការកសាងសន្តិភាព "។

ក្រសួងការបរទេសវៀតណាមបានស្វាគមន៍មេដឹកនាំនៃប្រទេសទាំងពីរអាមេរិក និងកូរ៉េខាងជើងរៀបចំកិច្ចប្រជុំកំពូលលើកទី ២ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការសន្ទនាដែលសំដៅរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ "វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះការសន្ទនាដែលសំដៅរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ ប្រទេសវៀតណាមមានឆន្ទៈចូលរួមវិភាគទានយ៉ាងសកម្ម និងសហការជាមួយភាគីពាក់ព័ន្ធដទៃទៀតដើម្បីកិច្ចប្រជុំកំពូលអាមេរិក​ - កូរ៉េខាងជើងលើកទី២ នេះ ទទួលបានជោគជ័យ។

leftcenterrightdel
លោកប្រធានាធិបតី Donald Trump និងមេដឹកនាំ Kim Jong-un ក្នុងអំឡុងពេលកិច្ចប្រជុំនៅខែមិថុនា ឆ្នាំ២០១៨ ( រូបថត៖ AFP)

សម្រាប់ប្រទេសកូរ៉េខាងត្បូង ប្រទេសនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំកិច្ចសន្ទនារវាងអាមេរិក និងកូរ៉េខាងជើង និងស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីអាមេរិក Donald Trump ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅវៀតណាម។  ព្រមទាំងសម្តែងសេចក្តីសង្ឃឹមថា ទំនាក់ទំនងរវាងភាគីនានានឹងកាន់តែប្រសើរឡើង។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បានឲ្យដឹងថា "យើងសង្ឃឹមថា វៀតណាមនឹងជាកន្លែងដ៏អស្ចារ្យ សម្រាប់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង បង្កើតប្រវត្តិសាស្ត្រថ្មី" ។

យោងតាមក្រុមអ្នកវិភាគអន្ដរជាតិឲ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនឹងជួយវៀតណាមទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ជាពិសេសពីសំណាក់អ្នកទេសចរ និងវិនិយោគិន តាមរយៈការផ្សព្វផ្សាយអំពីកិច្ចប្រជុំនេះ។ នេះក៏ជាឱកាសមួយសម្រាប់វៀតណាមលើកកម្ពស់គោលនយោបាយការបរទេសរបស់ខ្លួន រួមចំណែកបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ក៏ដូចជាសម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់។

សញ្ញាវិជ្ជមានមួយទៀតបានកើតឡើងនៅពេលប្រជាជនអាស៊ីកំពុងទទួលឆ្នាំថ្មីតាមចន្ទគតិគឺ អាមេរិក និងចិនបានយល់ព្រមធ្វើកិច្ចចរចាពាណិជ្ជកម្មថ្មីមួយទៀតនៅថ្ងៃទី១១ ខែកុម្ភៈ នៅក្នុងទីក្រុងប៉េកាំង ការពិភាក្សាលើកនេះផ្តោតលើកម្មសិទ្ធិបញ្ញា។ មុននេះ កិច្ចចរចាពាណិជ្ជកម្មលើកទី ២ រវាងសហរដ្ឋអាមេរិក និងចិនបាននាំមកនូវលទ្ធផលវិជ្ជមានដោយភាគីទាំងពីរបានដោះស្រាយបញ្ហាជាច្រើន។ ប្រទេសចិនបានឈានទៅរកការសម្របសម្រួលថ្មីមួយទៀត ដោយបានសន្យានឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ដែលជាការឆ្លើយតបតាមតម្រូវការសំខាន់មួយរបស់ក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំង។ លើសពីនេះទៀត ការបើកចំហរអំពីកិច្ចប្រជុំកំពូលមួយរវាងលោកប្រធានាធិបតី Donald Trump និងប្រធានរដ្ឋ​ចិន លោក ស៊ីជីនពីង  អាចប្រព្រឹត្តទៅនៅខែកុម្ភៈនេះដែរ ដើម្បីបង្ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយរវាងប្រទេសទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយទាំងទីក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងក្នុងបរិបទដែលកាលកំណត់នៃ "ការផ្អាក់សង្រ្គាមពាណិជ្ជកម្ម" រវាងខឿនសេដ្ឋកិច្ចនាំមុខគេទាំងពីរ នឹងបញ្ចប់នៅថ្ងៃទី ២ ខែមីនាខាងមុខនេះ។

មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិបានសន្និដ្ឋានថា ការប្រព្រឹត្តខាងនយោបាយនៅអាស៊ីនាពេលបច្ចុប្បន្ននេះបង្ហាញថា ការសន្ទនាគឺជាវិធានការនយោបាយដ៏មានប្រសិទ្ធភាពបំផុត រួមចំណែកនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Duy Hoan