leftcenterrightdel
តំណាងរបស់ក្រុមហ៊ុន Samsung វៀតណាម ស្ថានទូតកូរ៉េខាងត្បូង ផ្តល់អំណោយជូនដល់សាលាបឋមសិក្សា Chien Thang

សាលា “ក្តីសង្ឃឹម” គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន Samsung វៀតណាម ជាមួយនឹងអង្គការកូរ៉េខាងត្បូង Korea Food for the hungry international (KFHI) និងសមាគមមិត្តភាព វៀតណាម - កូរ៉េខាងត្បូងខេត្ត Thai Nguyen (VIKOFAT) ។ ថវិកាសម្រាប់ការសាងសង់ និងការអភិវឌ្ឍក្នុងទឹកប្រាក់ 950,000 ដុល្លារអាមេរិក (ប្រហែល 22 ពាន់លាន​វៀតណាមដុង) ក្នុងរយៈពេល 10 ឆ្នាំដែលក្នុងនោះក្រុមហ៊ុន Samsung Electronics Vietnam (SEVT) បានឧបត្ថម្ភទឹកប្រាក់ 500,000 ដុល្លារអាមេរិក ដោយរួមទាំងចំណាយទាំងអស់លើការសាងសង់ និងការប្រតិបត្តិក្នុងឆ្នាំសិក្សាដំបូងបង្អស់។ ថវិកានៅ​សល់នឹងត្រូវបានប្រមូលពីរាល់អង្គការ សប្បុរសជន ក៏ដូចជាពីរាល់អង្គភាពដែលចំណុះក្រុមហ៊ុន Samsung វៀតណាមទៀតផង។

សាលារៀននេះត្រូវបានសាងសង់នៅលើផ្ទៃដីប្រហែល 6,000 ម ការេ ដោយមានកន្លែងសម្រាប់ការសិក្សា ផ្ទះបាយ  បន្ទប់សម្រាកសម្រាប់គ្រូបង្រៀន កន្លែងលេងកំសាន្តដ៏ធំទូលាយជាដើម។  បន្ទប់រៀនត្រូវបានបំពាក់ដោយសម្ភារៈ បរិក្ខារទំនើបៗដែលត្រូវបានបង្កើតឡើងជាប្រព័ន្ធដ៏ស៊ីសង្វាក់គ្នាមួយ។ សាលារៀននេះត្រូវបានកសាងឡើងសំដៅជួយដល់សិស្សានុសិស្សក្រីក្រ និងសិស្សានុ​សិស្សមានជីវភាពរស់នៅជួបការលំបាកនៅក្នុងមូលដ្ឋាន អាចទទួលបានការរីកធំធាត់ទាំងកាយសប្បទាន និងផ្លូវចិត្ត។ តាមការរំពឹងទុកនឹងមានសិស្សប្រហែលពី 300 នាក់ដែលមានអាយុពី 6 ទៅ 16 ឆ្នាំមកពីគ្រួសារក្រីក្រនឹងចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាដោយឥតគិតថ្លៃនៅសាលា “ក្តីសង្ឃឹម” ដែលចាប់ផ្តើមពីខែកក្កដា។

“សាលានេះត្រូវបានគេរំពឹងថា នឹងជួយឲ្យសិស្សមានឱកាសទទួលបានការបណ្តុះបណ្តាល និងការអភិវឌ្ឍទេពកោសល្យដែលជាក់ស្តែងដូចជា តន្រ្តី វិចិត្រសិល្បៈ ភាសាអង់គ្លេស។ មានបទពិសោធន៍ ដោយបានឆ្លងកាត់ការងារផ្សេងៗគ្នាដើម្បីអាចជ្រើសរើសយកមុខរបររបស់ខ្លួននាពេលអនាគត។ សិស្សនឹងបានចូលរួមក្នុងបណ្តាកម្មវិធីនៃការប្រកួតប្រណាំងកីឡា ការតាំងពិរព័ណ៌ ឬការទៅលេងកំសាន្ត។ល។ ក្រៅពីនោះទៀត កុមារក៏ទទួលបានចំណេះដឹងខ្ពស់ក្នុងបញ្ហាកាយសប្បទាន និងសង្គមកិច្ច តាមរយៈកម្មវិធីហ្វឹកហ្វឺនផ្នែកសុខាភិបាល ការតាមដានពិនិត្យសុខភាព ការជួយឧបត្ថម្ភថ្នាំពេទ្យ ការស្វែងយល់អំពីគ្រឿងញៀន និងផ្លូវភេទ រួមទាំងសកម្មភាពជាច្រើនថែមទៀត។

ប្អូន Duong Yen Nhi ជាសិស្សរៀនថ្នាក់ទី ៣ សាលាបឋម សិក្សា Quyet Thang បានប្រាប់ថា ប្អូនសប្បាយចិត្តណាស់ ប្រសិនបើបានរៀនដោយឥតគិតថ្លៃនៅសាលា "ក្តីសង្ឃឹម" ពីព្រោះថានៅទីនេះ ប្អូននឹងបានរៀនច្រៀង និងរៀនភាសាអង់គ្លេសផងដែរ។ ប្អូន Nguyen Phuong Thao សិស្សថ្នាក់ទី៣ បានចែករំលែកថា ខ្ញុំចូលចិត្តរៀនគូរ ហើយក្តីសង្ឃឹមគឺចង់ក្លាយជាវិចិត្រករផងដែរ។ “ជួយធ្វើឱ្យក្តីសង្ឃឹម ក្លាយជាការពិត” នោះ គឺជាគោលបំណងដែល "សាលាក្តីសង្ឃឹម” ឆ្ពោះទៅរកការជួយឲ្យឱ្យក្តីសុបិនរបស់កុមារក្រីក្របានក្លាយជាការពិត៕

បកប្រែដោយ Minh Trung