leftcenterrightdel
 

ដើម្បីធានាបានការអនុវត្តរបបធានារ៉ាប់រងសុខភាពដល់យោធិន១០០% នៅក្នុងឆ្នាំ២០១៨ នេះ បើយោងតាមសេចក្តីសម្រេចលេខ 1167/QD-TTg ចុះថ្ងៃទី ២៨ មិថុនា ឆ្នាំ២០១៦ ដោយនាយករដ្ឋមន្រ្តីបានកំណត់ថា ការផ្តល់ប័ណ្ណធានារ៉ាប់រងបានទាន់ពេលវេលា និងត្រឹមត្រូវដល់យោធិនទាំងឡាយជាការងារ និងភារកិច្ចសំខាន់មួយដែលរួមចំណែកក្នុងការអនុវត្តគោលដៅ និងផែនការក្នុងការអនុវត្តរបបធានារ៉ាប់រងសុខភាពសម្រាប់យោធិនទាំងឡាយដែលកំពុងបម្រើក្នុងជួរកងទ័ពឆ្នាំ ២០១៨ នេះ និងឆ្នាំបន្តៗទៀត។ ហើយដើម្បីទទួលបានលទ្ធផលល្អក្នុងការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព លុះត្រាតែមានការសំរបសំរួលយ៉ាងសកម្ម  និងជិតស្និទ្ធរវាងអង្គភាពគ្រប់ជាន់ថ្នាក់ ជាមួយអង្គភាពផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពនៃក្រសួងការពារប្រទេស។

សំនួរទី១៖ តើលំដាប់លំដោយក្នុងការផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំពោះយោធិនបានកំណត់យ៉ាងដូចម៉្តេច?

ចម្លើយ៖ ក្នុងកថាខ័ណ្ឌ ៣ នៃមាត្រា៤  នៃសារាចរលេខ 85/2016/TTLT-BQP-BYT-BTC រវាងក្រសួងការពារប្រទេស ក្រសួងសុខាភិបាល ក្រសួងហិរញ្ញវត្ថុ បានចែងច្បាស់អំពីលំដាប់លំដោយ និងនីតិវិធីក្នុងការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់យោធិនដូចខាងក្រោមនេះ៖

- ក្នុងត្រីមាសទីបួនជារៀងរាល់ឆ្នាំ បុគ្គលដែលចូលរួមក្នុងការធានារ៉ាប់រងសុខភាពជាលើកដំបូងត្រូវតែបំពេញទំរង់បែបបទស្នើសុំផ្លាស់ប្តូរព័ត៌មានចូលរួមការធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព បន្ទាប់មកដាក់ជូនអង្គភាពគ្រប់គ្រងផ្ទាល់របស់ខ្លួន។

-​ ក្នុងរយៈពេល ៥ ថ្ងៃធ្វើការ អង្គភាពគ្រប់គ្រងបុគ្គលនោះត្រូវតែពិនិត្យដោយផ្ទាល់ពីភាពស្របច្បាប់ និងភាពត្រឹមត្រូវដើម្បីរៀបចំបញ្ជីផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ហើយផ្ញើជូនអង្គភាពថ្នាក់លើ។

- នៅក្នុងរយៈពេល ៥ ថ្ងៃធ្វើការ  អង្គភាពថ្នាក់លើផ្ញើបែបបទជូនអង្គភាពធានារ៉ាប់រងនៃក្រសួងការពារប្រទេស។

- ក្នុងរយៈពេល១០ ថ្ងៃធ្វើការ អង្គភាពធានារ៉ាប់រងនៃក្រសួងការពារប្រទេសត្រូវតែចេញប័ណ្ណធានារ៉ាប់រងសុខភាព និងផ្ញើមកអង្គភាពវិញ។

សំនួរទី២៖ តើការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព សម្រាប់យោធិនដោយមិនអនុវត្តតាមលំដាប់លំដោយបានកំណត់យ៉ាងដូចម៉្តេច?

ចម្លើយ៖ កថាខ័ណ្ឌ ៤ នៃមាត្រា៤ នៃសារាចរអន្តរក្រសួងលេខ ៨៥/ TTLT-BQP-BYT-BTC បានកំណត់ថា ការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពក្នុងករណីខ្លះដូចខាងក្រោម៖

- ក្នុងករណីដែលបុគ្គលបានផ្ទេរពីអង្គភាពមិនទាន់បានអនុវត្តរបបធានារ៉ាប់រងសុខភាពទៅអង្គភាពកំពុងអនុវត្តរបបធានារ៉ាប់រងសុខភាព៖  ភ្លាមៗបន្ទាប់ពីទទួលយោធិននោះ  អង្គភាពថ្មីត្រូវតែណែនាំការបំពេញទំរង់បែបបទស្នើសុំចូលរួមការធានារ៉ាប់រងសុខភាព បន្ទាប់មកអង្គភាពរៀបចំបញ្ជីផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ហើយផ្ញើជូនអង្គភាពថ្នាក់លើ ដើម្បីបូកសរុប ហើយផ្ញើសំណើសុំផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពជូនអង្គភាពធានារ៉ាប់រងនៃក្រសួងការពារប្រទេស។ ប័ណ្ណធានារ៉ាប់រងសុខភាពមានកាលកំណត់ប្រើប្រាស់ចាប់ផ្តើមពីថ្ងៃដែលសេចក្តីសម្រេចបញ្ជូន ឬផ្ទេរកន្លែងធ្វើការមានសុពលភាព។

- ករណីដែលបុគ្គលដែលបានចូលរួមរបបធានារ៉ាប់រងសុខភាពហើយដែលផ្ទេរពីប្រភេទក្រុមផ្សេងទៅប្រភេទក្រុមយោធិនវិញ៖ បន្ទាប់​ពីទទួលបុគ្គលនោះ អង្គភាពថ្មីត្រូវតែធ្វើបញ្ជីផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពផ្ញើមកអង្គភាពថ្នាក់លើ ដើម្បីបំពេញបែបបទស្នើសុំអង្គភាពធានារ៉ាប់រង ក្រសួងការពារប្រទេសផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពថ្មី។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលការពន្យល់ ឬ​ អធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយ កាសែតកងទ័ពប្រជាជនលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Minh Trung