leftcenterrightdel
លោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានជួបសំណេះសំណាលកុមារដែលមានជីវភាពជួបការលំបាកលើទូទាំងប្រទេស (រូបថត៖vnanet.vn)

ក្នុងជំនួបនេះ តាងនាមឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ លោក Tran Dai Quang បានកោតសរសើរ លើកទឹកចិត្តដល់សិស្សានុស្សិស ៧០ រូបលើទូទាំងប្រទេស ថ្វីត្បិតតែជីវភាពនៅតែជួបការលំបាកយ៉ាងខ្លាំងក៏ពិតមែន ប៉ុន្តែក្មួយៗបានខិតខំពុះពារជម្នះលើរាល់ការលំបាកក្នុងការសិក្សា រៀនសូត្រដើម្បីក្លាយទៅជាសិ្សសពូកែក្នុងច្រើនឆ្នាំជាបន្តបន្ទាប់។

លោកប្រធានរដ្ឋបានលើកឡើងនូវការពិតមួយដែរថា ទោះបីយើងសម្រេចបានលទ្ធផលល្អៗក្នុងការថែទាំសុខភាព ការពារកុមារក៏ពិតមែន ប៉ុន្តែក្នុងចំណោមកុមារវៀតណាមទាំង ២៦ លាននាក់ នៅមានជិត ១.៥ លាននាក់មានជីវភាពរស់នៅជួបការលំបាកយ៉ាងខ្លាំងដូចជា កុមារកំព្រា ពិការ គ្មានទីពឹង ហើយមានជិត ២.១ លាននាក់មានភាពងាយគ្រោះធ្លាក់ខ្លួនក្នុងជីវភាពរស់នៅលំបាកទាំងនោះជាដើម។

លោកប្រធានរដ្ឋស្នើឲ្យត្រូវតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរបស់រដ្ឋគួបផ្សំនឹងការទទួលខុសត្រូវពីគ្រួសារ ការចូលរួមពីសង្គមទាំងមូលក្នុងបុព្វហេតុការពារ ថែទាំ អប់រំកុមារ។ លោកប្រធានរដ្ឋក៏ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចទាំងអស់ចាប់តាំងពីមជ្ឈិមរហូតដល់មូលដ្ឋានបន្តការអនុវត្តឲ្យមានប្រសិទ្ធភាពនូវរាល់បទបញ្ជាណែនាំរបស់បក្ស រដ្ឋ ចំពោះកិច្ចការថែទាំ ការពារ អប់រំ កុមារលើទូទាំងប្រទេសក្នុងស្ថានភាពថ្មីផងដែរ៕

បកប្រែដោយ Minh Trung