leftcenterrightdel
 ស្តូបមិត្តភាព វៀតណាម-កម្ពុជា

ក្នុងសម័យសង្គ្រាមដែលវៀតណាមការពារព្រំដែននៅទិសនិរតី គ្រានោះក្នុងនាមជាអគ្គនិពន្ធនាយកកាសែតយោធភូមិភាគទី៥ និងជាប្រធានការិយាល័យឃោសនានិងអប់រំសមរភូមិ ខាងមុខនៃយោធភូមិភាគទី៥ ខ្ញុំបានតស៊ូ និងបំពេញការងារ នៅសមរភូមិឦសាន្តកម្ពុជាដោយផ្ទាល់ ដូច្នេះខ្ញុំកាន់តែយល់ច្បាស់អំពីប្រការនេះ។ 
បក្ខពួកប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី បានបង្កបង្កើតការកាប់សម្លាប់ប្រជាជនកម្ពុជាស្មោះត្រង់យ៉ាងរង្គាល ជិត ២ លាននាក់។ អធិបតេយ្យភាពរបស់វៀតណាមក៏ត្រូវ រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារតែរាល់ការវាយប្រហារ ឈ្លានពាន ការកាប់សម្លាប់យ៉ាងព្រៃផ្សៃរបស់ពួក ប៉ុល ពត ដែលពួកគេបានប្រព្រឹត្តទៅលើប្រជាជនវៀតណាម នៅតាមព្រំដែន បានជាវៀតណាមត្រូវតែបង្ខំចិត្តវាយបក និងកម្ចាត់ពួក ប៉ុល ពត លើខ្សែព្រំដែនទាំងមូល   ជួយប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារប្រទេសវៀតណាមយ៉ាងរឹងមាំ។
រំលឹកឡើងវិញពីរយៈពេល ៤០ ឆ្នាំកម្លងមក បន្ទាប់ពី កងវរសេនាធំលេខ ៣១ រំដោះក្រុងរតនគីរី យើងខ្ញុំបានបន្ត សម្រុកទៅរំដោះស្រុកវើនសៃ ខេត្តរតនគីរី ជាប់ព្រំដែន ប្រទេសវៀតណាម និងឡាវ។ នៅទីនេះ ភូមិ ឃុំ ស្ងាត់ឈឹង គ្មានមនុស្សទេ ពួកទាហាន ប៉ុល ពត បានរត់គេចខ្លួន បាត់អស់ហើយ។ នាថ្ងៃត្រង់ទី ៣១ ធ្នូ ឆ្នាំ១៩៧៨ មានប្រជាជនប្រមាណ ២០០ នាក់បានចេញមកពីព្រៃ ជួបយើងខ្ញុំ និងបានសម្តែងក្តីសប្បាយចិត្តយ៉ាងក្រៃលែង។ យុទ្ធជនរបស់វៀតណាមបានទុកបាយ និងដាំបាយបន្ថែម ហើយចែករំលែកជាមួយប្រជាជនកម្ពុជាផងដែរ។ ម្ដាយម្នាក់ត្រូវបាក់ដៃមួយរូបបានកម្មាភិបាលយើងជួយព្យាបាល និងផ្តល់ថ្នាំ បានធ្វើឲ្យគាត់ និងប្រជាជនផ្សេងៗមាន ក្តីរំភើបចិត្តយ៉ាងក្រៃលែង។ ប្រជាជនជាង ២០០ នាក់ នេះសុទ្ធតែមានរូបរាងស្គមស្គាំង សម្លៀកបំពាក់ខ្មៅ រហែករយ៉ៃ ឃើញពិតជាអាណិតណាស់។ អ្នកម្តាយដែលបាក់ដៃនោះយំទាំងក្តុកក្តួលក្នុងក បានឲ្យដឹង ថា ប៉ុល ពត វាបានសម្លាប់កូនប្រុសពីរនាក់របស់គាត់ ហើយបច្ចុប្បន្នគាត់គ្មានសាច់ញាត្តិទាល់តែសោះឡើយ។

ថ្ងៃដែលបែកគ្នាដើម្បីយើងខ្ញុំប្តូរទៅបំពេញភារកិច្ចនៅកន្លែងផ្សេងនោះ ប្រជាពលរដ្ឋក្នុងភូមិទាំងអស់បានមកជុំវិញ យើងខ្ញុំទាំងទឹកភ្នែកស្រក់សស្រាក និងអាលោះអាល័យ មិនចង់ព្រាត់ពីក្រុមការងារកម្មាភិបាលវៀតណាមឡើយ។

នៅគ្រប់ទីកន្លែងដែលអង្គភាពខ្ញុំបានឆ្លងកាត់កាលនោះ នៅទីណាខ្ញុំក៏ឃើញកងទ័ពវៀតណាមជួយថែទាំសុខភាព និងចែកថ្នាំ ស្បៀងអាហារ ជួយទ្រទ្រង់ដល់ប្រជាជនកម្ពុជា ដែលចង់ត្រឡប់ស្រុកកំណើតវិញដែរ។ អ្នកណាៗក៏មានការ ជឿទុកចិត្ត និងរាក់ទាក់លើកងទ័ពវៀតណាម ដែរ។
ខណៈកងទ័ពវៀតណាមវាយបកតាមខ្សែព្រំដែនទាំងមូល កម្លាំងទ័ពខ្មែរក្រហមនៅសេសសល់នោះ  បានរត់គេចខ្លួន ទៅពួនក្នុងតំបន់ ព្រៃ ភ្នំ ដែលនៅជាប់នឹងព្រំដែនថៃ។  ហើយគ្រាដែលស្ថានភាពមានស្ថិរភាពជាង ខ្ញុំត្រូវបានបញ្ជូន ទៅស្នងការនយោបាយសមរភូមិខាងមុខនៃយោធភូមិភាគទី ៥ ដែលនៅជិតក្រុងស្ទឹងត្រែង។ ប្រជាជននៅទីនេះបាន រៀបចំពិធីអបអរសាទរជ័យជំនះ និងបុណ្យចូលឆ្នាំថ្មី ហើយបានសរសើរថា “កងទ័ពវៀតណាមចិត្តល្អណាស់ ពួកគាត់ជាអ្នកមានគុណ បានជួយសង្គ្រោះយើងខ្ញុំ” ។
ជារៀងរាល់ឆ្នាំនាថ្ងៃទី ៧ មករា កម្ពុជាបានចាត់ទុកថា ជាថ្ងៃសង្គ្រោះជាតិ ហើយក៏បានចាត់ទុកជាថ្ងៃកំណើតទីពីរ របស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។ នៅរាជធានីភ្នំពេញ និងតំបន់ជាច្រើនទៀតនៅកម្ពុជា ស្តូបមិត្តភាពវៀតណាម កម្ពុជាជាច្រើនត្រូវបានស្ថាបនាឡើងដើម្បីសម្តែងនូវការ ដឹងគុណចំពោះវៀតណាម និងជាការបង្ហាញពីចំណង សាមគ្គីភាព មិត្តភាព ស្មោះស រវាងវៀតណាម និងកម្ពុជា និយាយរួម និងរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក៕ 

បកប្រែដោយ Minh Trung