ក្នុងជំនួប លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរកម្ពុជាដោយបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ប្រកបដោយជោគជ័យ រួមទាំងជោគជ័យដ៏ធំធេងជាច្រើនទៀតដែលកម្ពុជាបានសំរេចនាពេលកន្លងមក។ លោកស្រីក៏បានអបអរសាទរកម្ពុជាដោយបានរៀបចំវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៧ (APPF-27) ប្រកបដោយជោគជ័យផងដែរ។

លោកជំទាវ ឃួន សុដារី បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរចីរភាព។ ដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong មកកាន់ប្រទេសកម្ពុជានាពេលថ្មីៗនេះ គឺជាភស្តុតាងច្បាស់លាស់មួយអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកជំទាវ ឃួន សុដារី បានអះអាងថា កម្ពុជានឹងមិនដែលបំភ្លេចបានឡើយនូវការជួយឧបត្ថម្ភ​ដ៏ធំធេងរបស់ប្រជាជនវៀតណាម ដែលរួមចំណែកក្នុងការជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជួយប្រទេសកម្ពុជាឱ្យរស់ឡើងវិញពីគំនរផេះផង់។ ក្នុងឱកាសនេះ លោកជំទាវ ឃួន សុដារី បានអបអរសាទរវៀតណាមដែលសម្រចបានសមិទ្ធផលដ៏ធំធេងជាច្រើន និងសម្តែងជំនឿទុកចិត្តថា វៀតណាមនឹងទទួលបានជោគជ័យជាច្រើន​ថែម​ទៀត​ក្នុងការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ទទួល​ជួប​លោកជំទាវ ឃួន សុដារី

លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជាមានទំ​​នួលខុសត្រូវក្នុងការរួមចំណែកថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រី Nguyen Thi Kim Ngan អះអាងថា រដ្ឋសភាវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ នៅក្នុងវេទិការសភាថ្នាក់តំបន់ និងអន្តរជាតិ ព្រម​ទាំង​ត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយដែលចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយប្រកបដោយប្រសិទ្ធភាព។

ក្រៅពីនោះ លោកស្រី Nguyen Thi Kim Ngan បានស្វាគមចំពោះលទ្ធផលល្អដែលភាគីទាំងពីរសម្រេចបានក្នុងការកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន។ លោកស្រីសង្ឃឹមថា ភាគីទាំងពីរបន្តជំរុញដើម្បីបញ្ចប់ការងារនេះឲ្យបានឆាប់ៗ។ ទន្ទឹមនឹងនេះ លោកស្រីបានស្នើឱ្យរដ្ឋសភាកម្ពុជាផ្តល់ការជួយគាំទ្រផ្នែកច្បាប់ដល់សហគមន៍វៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដើម្បីមានជីវភាពរស់នៅប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan