leftcenterrightdel
លោកវរសេនីយ៍ឯក Trinh Vinh Pha អនុប្រធានមជ្ឈិមសមាគមមិត្ដភាពវៀតណាម-កម្ពុជា និងលោក ស៊ីមកា អនុប្រធានទី ១ នៃព្រឹទ្ធសភាកម្ពុជា (រូបថត vnanet.vn)

 

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ដវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជារួមមានអតីតកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញការ និងសាច់ញាតិកងទ័ពស្ម័គ្រចិត្ដវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។ ដំណើរទស្សនកិច្ចលើកនេះបានធ្វើឡើងក្នុងឱកាសខួបលើកទី ៤០ នៃការផ្ដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៩ - ២០១៩)។

នៅក្នុងជំនួប លោក ស៊ីមកា អនុប្រធានទី ១ នៃព្រឹទ្ធសភាកម្ពុជា តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ប្រកៀកស្មាជាមួយកងទ័ពរណសិរ្សជួយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងកសាងប្រទេសឲ្យកាន់តែរីកចម្រើន។ លោក ស៊ីមកា អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា បានអះអាងថា សមិទ្ធផលនានាដែលប្រទេសកម្ពុជាសម្រេចបាននាបច្ចុប្បន្ននេះ គឺមិនអាចផ្ដាច់ចេញពីការជួយគាំទ្រពីបក្ស រដ្ឋ និងប្រជាជនវៀតណាមបានឡើយ។ ប្រទេសកម្ពុជាប្តេជ្ញារក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរជាមួយវៀតណាមដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកវរសេនីយ៍ឯក Trinh Vinh Pha អនុប្រធានមជ្ឈិមសមាគមមិត្តភាព វៀតណាម-កម្ពុជា  បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានឃើញការរស់ឡើងវិញ និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ គណៈប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធនៅស្ដូបរំលឹកវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅភ្នំពេញ និងអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ហើយជួបសមាគមខ្មែរ - វៀតណាមដែលនិងទៅទស្សនាបេតិកភ័ណ្ឌវប្បធម៌មួយចំនួនទៀតផង៕

បកប្រែដោយ Pham Diep