leftcenterrightdel
លោក Do Thang Hai អនុរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម 

 

អ្នកយកព័ត៌មាន៖ សូមលោកបញ្ជាក់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាក្នុងពេលកន្លងមក?

លោក Do Thang Hai អនុរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម៖ វៀតណាមមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរជាមួយកម្ពុជា ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជាដោយជាប់លំដាប់ទី៣នៅកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាត្រូវបានរក្សាបានកំណើនសេដ្ឋកិច្ចជាវិជ្ជមាននិងមានស្ថិរភាព ហើយទំហំពាណិជ្ជកម្មរវាង​វៀតណាម និងកម្ពុជាសម្រេចបានកម្រិតជាមធ្យម ៩,៨% ។

ក្នុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាសម្រេចបានជិត ៤,៧  ពាន់លានដុល្លារអាមេរិក កើនឡើង ២៣,៨% ។ ក្នុងនោះការនាំចេញសម្រេចបាន ៣,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៥%, ការនាំចូលសម្រេចបាន ៩៦៣ លានដុល្លារអាមេរិក ថយចុះ ៦,៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងសហការគ្នាក្នុងយន្ដការពហុភាគី កសាង និងធ្វើឲ្យសុក្រិតច្បាប់សំខាន់ៗក្នុងការអភិវឌ្ឍពាណិជ្ជកម្មក៏ដូចជាការព្រមព្រៀងស្ដីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា។ ក្រៅពីនេះ ប្រទេសទាំងពីរក៏បានចូលរួមកិច្ចព្រមព្រៀងទាំង​ឡាយក្នុងតំបន់ និងអាស៊ាន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន (ATIGA) ផងដែរ.

ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលវៀតណាមអនុវត្តយ៉ាងខ្លាំងនូវកម្មវិធីជំរុញពាណិជ្ជកម្ម និងវិនិយោគ និងការតភ្ជាប់ពាណិជ្ជកម្មហើយសហគ្រាសវៀតណាមក៏រួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ឡាវ និងកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ ស្ថាប័ននិងមូលដ្ឋាននានារបស់ប្រទេសវៀតណាម និងកម្ពុជាបានចូលរួមកិច្ចប្រជុំនានា និងផ្លាស់ប្ដូរគណៈប្រតិភូដើម្បីលើកកំពស់ការយល់ដឹង និងដោះស្រាយរាល់បញ្ហាក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ដូចជាកិច្ចប្រជុំពាណិជ្ជកម្មតាមព្រំដែននិងការជំរុញវិនិយោគ ពាណិជ្ជកម្មផងដែរ។

អ្នកយកព័ត៌មាន៖ តើភាពងាយស្រួល និងការលំបាកនៃប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានអ្វីខ្លះ?

លោក Do Thang Hai អនុរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម៖ វៀតណាមមានខ្សែព្រំដែនរួមជាមួយកម្ពុជាប្រកបដោយមិត្តភាព និងសន្តិភាព ហេតុនេះហើយវាមានភាពងាយស្រួលសម្រាប់ការផ្លាស់ប្តូរទំនិញរវាងសហគ្រាស និងការចេញចូលរបស់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន។ ក្នុងប៉ុន្មានឆ្នាំកន្លងនេះ បក្ស និងរដ្ឋមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ក៏ដូចជាការធ្វើពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជាផងដែរ។

កម្ពុជាមានតម្រូវការដ៏ធំធេងសម្រាប់ផលិតផលរបស់វៀតណាមដូចជា ទំនិញប្រើប្រាស់ និងសម្ភារៈសម្រាប់ផលិតកម្មកសិកម្ម ឧស្សាហកម្មនិងសំណង់ជាដើម។ កម្ពុជាក៏ជាទីផ្សារមួយដែលផ្គត់ផ្គង់វត្ថុធាតុដើមមកវៀតណាមដើម្បីបំរើការផលិតដែរ។ ទន្ទឹមនឹងនោះ ការវិនិយោគរបស់វៀតណាមទៅកាន់កម្ពុជាមានទំហំធំធេង រួមចំណែកដល់ការបង្កើនតំលៃនាំចូលសំភារៈសំណង់ និងគ្រឿងម៉ាស៊ីនពីវៀតណាម។ ប៉ន្ដែទំនិញវៀតណាមដែលនាំចេញទៅកាន់កម្ពុជាត្រូវប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយទំនិញពីប្រទេសចិន និងថៃដែរ។ លើសពីនេះទៅទៀត ពាណិជ្ជកម្មនៅច្រកព្រំដែន ប្រព័ន្ធដឹកជញ្ជូនទំនិញ ទំនាក់ទំនងព័ត៌មាន និងសេវាទូទាត់រវាងប្រទេសវៀតណាម និងកម្ពុជានៅមានកម្រិតដែលតម្រូវមានការកែលម្អថែមទៀត។

អ្នកយកព័ត៌មាន៖ តើសក្តានុពលដែលប្រទេសវៀតណាម និងកម្ពុជាអាចទាញយកបាននាពេលអនាគតមានអ្វីខ្លះ?

លោក Do Thang Hai អនុរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម៖ ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកក៏ដោយក៏ខ្ញុំគិតថាសក្តានុពលនៃការអភិវឌ្ឍន៍នៅតែមានច្រើន មិនត្រឹមតែមានការខិតខំប្រឹងប្រែងពីស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងមានការពួតដៃពីសហគមន៍សហគ្រាសវៀតណាមនិងកម្ពុជាផងដែរ។

វៀតណាមនិងកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លានៅក្នុងតំបន់ ហើយការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗនៅមានសក្តានុពលដែលនាំមកឱកាសជាច្រើនសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ វៀតណាមនិងកម្ពុជាមានលក្ខណៈវប្បធម៌ស្រដៀងគ្នាជាច្រើន ក៏ដូចជាមានតម្រូវការទីផ្សារផងដែរ។ នេះគឺជាកត្តាដែលនាំមកនូវលក្ខណៈងាយស្រួលសម្រាប់ទំនិញនិងសេវាកម្មរបស់វៀតណាមចូលមកទីផ្សារនេះ។ រួមជាមួយការព្រមព្រៀងទ្វេភាគី និងរាល់ការព្រមព្រៀងក្នុងតំបន់អាស៊ាននឹងបន្តតភ្ជាប់ខឿនសេដ្ឋកិច្ចវៀតណាមជាមួយកម្ពុជាបន្ថែមទៀត។

សហគ្រាសវៀតណាមជាច្រើនមានវត្តមាននៅប្រទេសកម្ពុជា។ នេះក៏ជាលក្ខខណៈងាយស្រួលដើម្បីវៀតណាមអាចនាំទំនិញវៀត​ណាមចូលទីផ្សារកម្ពុជាដែរ។ វៀតណាមនិងកម្ពុជានៅមានសក្តានុពលជាច្រើនដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាទំនិញប្រើប្រាស់ ថាមពល អគ្គិសនី ការជីករ៉ែ ការកែច្នៃ កសិកម្ម ព្រៃឈើ និងវារីវប្បកម្មជាដើម។

យើងខ្ញុំគិតទុកថា យើងត្រូវអនុវត្តនូវរាល់ដំណោះស្រាយដូចជា ការបន្តរក្សានិងនាំមកបរិយាកាសវិនិយោគនិងពាណិជ្ជកម្មដើម្បីបន្ដពង្រីកសក្ដានុពលអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា។ ប្រទេសទាំងពីរត្រូវការជំរុញថែមទៀតនូវយន្តការសហប្រតិបត្តិការទ្វេភាគីតាមរយៈគណៈកម្មាធិការអន្តររដ្ឋាភិបាល និងក្រុមការងាររវាងស្ថាប័ននានានៃរដ្ឋាភិបាលទាំងពីរដើម្បីពិនិត្យវាយតម្លៃនិងកាត់បន្ថយការលំបាកសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។

ស្ថាប័នមានសមត្ថកិច្ចក៏ត្រូវជំរុញពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាមនិងកម្ពុជាថែមទៀតតាមរយៈការរៀបចំការតាំងពិព័រណ៍ សិក្ខាសាលាអំពីការផ្សារភ្ជាប់ពាណិជ្ជកម្មនិងសហគ្រាសទៅកាន់កម្ពុជា។ ព្រមទាំងបណ្តាសហគ្រាសត្រូវយកចិត្តទុកដាក់ដល់ការ​ចែកចាយផលិតផលនៅកម្ពុជាដែរ។ ទន្ទឹមនឹងនោះ ពង្រីកតួនាទីរបស់សហគមន៏អាណិកជនវៀតណាមនិងសហគ្រាសវៀតណាមនៅកម្ពុជា រួមចំណែកក្នុងការជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាផងដែរ៕

សូមអំណរគុណលោកអនុរដ្ឋមន្ដ្រី!

បកប្រែដោយ Pham Diep