leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vnanet.vn)

នេះជាដំណើរទស្សនកិច្ចជាផ្លូវការដំបូងរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសវៀតណាម បន្ទាប់ពីកម្ពុជាបានបង្កើតរដ្ឋាភិបាលអាណត្តិទី ៦ នៅខែកញ្ញា ឆ្នាំ២០១៨ និងប្រព្រឹត្តទៅមុនពេលនឹងការរំលឹកខួបលើកទី ៤០ ឆ្នាំ នៃទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ - ថ្ងៃទី៧ មករា ឆ្នាំ២០១៩)

ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ

បង្កើតទំនាក់ទំនងការទូតជា​ផ្លូវ​ការនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីពីយូលង់ណាស់មកហើយ។ ទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរគ្រប់ជំនាន់។ លើសពីនេះទៅទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរ។ ប្រទេសទាំងពីរក៏ជាសមាជិកអាស៊ាន និងប្តេជ្ញារួមជាមួយសមាជិកអាស៊ានដទៃទៀតកសាងសហគមន៍អាស៊ាន។

សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងភាគីទាំងពីរត្រូវបានរក្សានៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាន់ខ្ពស់ និងថ្នាក់មូលដ្ឋាន ពង្រឹងទំនុកទុកចិត្តរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីទាំងពីរក៏បានជួបជុំផ្លាស់ប្តូរគ្នាលើបញ្ហានៃកិច្ចសហប្រតិបត្តិការទ្វេភាគីនៅខាងក្រៅនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅកម្ពុជា (នៅខែឧសភា ឆ្នាំ២០១៧) កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅទីក្រុងភ្នំពេញ (នៅខែមករា ឆ្នាំ២០១៨) កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅក្រុងសៀមរាប (នៅខែមេសា ឆ្នាំ២០១៨) កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គបើកទូលាយ លើកទី៦ (GMS 6) កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV 10 នៅខែមេសា ឆ្នាំ២០១៨) កិច្ចប្រជុំ WEF-ASEAN លើកទី ២៧ (នៅខែកញ្ញា ឆ្នាំ ២០១៨) ជំនួបថ្នាក់ដឹកនាំអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី (នៅខែតុលា ឆ្នាំ ២០១៨) ។ ភាគីទាំងពីរបានរៀបចំសម័យប្រជុំលើកទី ១៦ នៃគណៈកម្មាធិការចំរុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស (ខែឧសភា ឆ្នាំ២០១៨)។ ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការថ្មី (កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា សេចក្តីព្រាងពិធីសារស្តីពីការកត់ស្គាល់នូវលទ្ធផលនៃការងារខ័ណ្ឌសិមា និងបោះបង្គោលព្រំដែនដែលសម្រេចបាន ៨៤% ហើយ)។ រៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយវិទ្យុនៅខេត្ដមួយចំនួននៃកម្ពុជាដែលជួយឧប្ថម្ភដោយវៀតណាម។ ក្នុងឱកាស ឆ្នាំមិត្តភាព២០១៧ ប្រទេសទាំងពីរបានសហការគ្នា ជួសជុលកែលម្អ និងដាក់ឱ្យប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា - វៀតណាមចំនួន១៣ ក្នុងចំណោម២០ស្តូប។ នៅឆ្នាំ ២០១៧ ប្រទេសទាំងពីរបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៧)។

ភាគីទាំងពីរបានរៀបចំដំណើរទស្សនកិច្ច និងព្រឹត្តិការណ៍សំខាន់មួយចំនួនដូចជាដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ពីថ្ងៃទី ២៦ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ព្រឹត្តិការណ៍សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ កិច្ចប្រជុំលើកទី ១០ ស្តីពីកិច្ច​សហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ព្រំដែននៃប្រទេសវៀតណាម - កម្ពុជា ដែលគ្រោងនឹងរៀបចំឡើងនាដើមឆ្នាំ ២០១៩ នឹងរៀបចំពិធីរំលឹកខួបលើកទី ៤០ ឆ្នាំ នៃទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ - ថ្ងៃទី៧ មករា ឆ្នាំ២០១៩)។

កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន តំបន់ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនត្រូវបានលើកកម្ពស់។ ភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយយ៉ាងល្អនូវរាល់បញ្ហាដែលកើតមានឡើងជាយថាហេតុនៅតាមព្រំដែន និងបន្តបង្កើន និងរក្សាការយាមល្បាតរួមគ្នាលើសមុទ្រ។ ប្រទេសទាំងពីរបន្តបញ្ជាក់ពីគោលការណ៍នៃការមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើទឹកដីនៃប្រទេសខ្លួនដើម្បីគំរាមកំហែងសន្ដិសុខ និងស្ថិរភាពរបស់ប្រទេសមួយទៀត។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការជីកគាស់ រុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។

នៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយការបរទេសបើកទូលាយ ពិពិធកម្ម និងពហុភាគីនីយកម្មនៃទំនាក់ទំនងការបរទេស ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធជាមួយគ្នានៅក្នុងវេទិការអន្តរជាតិ និងតំបន់ ដូចជាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម; កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបួនកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម; យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃទន្លេទាំងបី អាយេយៃវ៉ាឌី-ចៅប៉្រាយ៉ា-មេគង្គ;   កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) និងអង្គការសហប្រជាជាតិជាដើម រួមចំណែកលើកកម្ពស់កិត្យានុភាពរបស់ប្រទេសនិមួយៗក្នុងតំបន់ និងលើពិភពលោក។

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព

កិច្ចសហប្រតិបត្តិការលើវិស័យ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលល្អជាច្រើន។ ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្ម​ទ្វេភាគីសម្រេចបាន ៣,៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ៣០% បើប្រៀបធៀបនឹងឆ្នាំ ២០១៦) ។ យោងតាមស្ថិតិនៃអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣,៨ ពាន់លានដុល្លារ (កើនឡើង ២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ។ ប្រទេសវៀតណាមមានគម្រោងវិនិយោគប្រហែល ២០៦ គម្រោង នៅកម្ពុជា ដោយមានទុនវិនិយោគសរុបចំនួន ៣,០២ ពាន់លានដុល្លារ ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៥ ដែលមានការទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនជាងគេនៅកម្ពុជា។ ការវិនិយោគរបស់កម្ពុជាចូលមកប្រទេសវៀតណាមក៏បានកើនឡើងផងដែរ បច្ចុប្បន្ននេះ មានគម្រោងចំនួន ១៨ ដែលមានទុនវិនិយោគសរុបចំនួន ៥៨,១២៥ លានដុល្លារ។ ភ្ញៀវទេសចរវៀតណាមទៅកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧ មានចំនួនជាង ៨៣៥.០០០ នាក់។

យន្តការសហប្រតិបត្តិការទ្វេភាគីនានាបន្តបានរក្សា និងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព។ នាពេលថ្មីៗនេះ វៀតណាមបានរៀបចំសម័យប្រជុំលើកទី១៦ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន នៅទីក្រុងហាណូយ (ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨) ប្រកបដោយជោគជ័យ។ វៀតណាមកំពុងអនុវត្តគម្រោងមួយចំនួនដើម្បីជួយប្រទេសកម្ពុជាក្នុងយន្តការនៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា (មណ្ឌល​ព្យាបាល​អ្នកញៀន​ថ្នាំ​នៅ​ខេត្ត​ព្រះសីហនុដែលមានតំលៃ៣លានដុល្លារអាមេរិក វិទ្យាល័យនៅខេត្តមណ្ឌលគិរី និងផ្សារព្រំដែនជាគំរូនៅខេត្តត្បូងឃ្មុំ ... ) ។

ភាគីទាំងពីរបានធ្វើការសម្របសម្រួលយ៉ាងសកម្មដើម្បីអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានលើកឡើងនៅក្នុងកំណត់​ហេតុ​​នៃកិច្ចប្រជុំនេះ។ សកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជាត្រូវបានទទួលការវាយតំលៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ហើយបានរួមចំណែកជាវិជ្ជមានចំពោះសុខុមាលភាពសង្គម និងការអភិវឌ្ឍ នៃព្រះរាជាណាចក្រកម្ពុជា។

ការគ្រប់គ្រងព្រំដែនប្រ​កប​ដោយ​ស្ថិរភាព ភាគីទាំងពីររក្សាយន្តការយាមល្បាតរួមគ្នា ផ្លាស់ប្តូរព័ត៌មានយទាន់ពេលវេលា និងសហការគ្នាដើម្បីដោះស្រាយបញ្ហាកើតឡើងជាយថាហេតុ។ ភាគីទាំងពីរខិតខំសម្រេចការងារខ័ណ្ឌសិមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់ៗ ដើម្បីកសាងព្រំដែននៃប្រទេសទាំងពីរទៅជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។

កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គភាព មូលដ្ឋាន និងអង្គការមហាជន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើការអភិវឌ្ឍសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ដែលរួមចំណែកក្នុងការរក្សា និងការពារព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់វៀតណាមបានប្រព្រឹត្តទៅក្នុងបរិបទនៃទំនាក់ទំនងវៀតណាម - កម្ពុជាមានការអភិវឌ្ឍន៍វិជ្ជមាន ហើយបញ្ជាក់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម និងពហុភាគីនីយកម្មក្នុងទំនាក់ទំនងទាំងឡាយ ក្នុងនោះបានផ្តល់អាទិភាពខ្ពស់ក្នុងការរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរចរីកាល ជាមួយកម្ពុជា៕

បកប្រែដោយ Duy Hoan