យើងខ្ញុំរួមជាមួយនឹងកម្មាភិបាលនៃកងទ័ពការពារព្រំដែន និងក្រុមបច្ចេកទេសចម្រុះខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន​បាន​ចុះពិនិត្យបង្គោលព្រំដែនបំពេញបន្ថែមដែលទើបតែបានសាងសងរួចរាល់នៅតាមតំបន់ព្រំដែននៃស្រុក Bu Dop, Bu Gia Map, Loc Ninh នៃខេត្ត Binh Phuoc។  នាពេលកន្លងមកក្រុមបច្ចេកទេសចម្រុះខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើន ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺគ្រុនចាញ់ជាដើម។ ក៏ប៉ុន្តែកម្មាភិបាល យុទ្ធជនបានខិតខំប្រឹងប្រែសអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចបានល្អនូវភារកិច្ចរបស់ខ្លួន។

leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងស្នងការនគរបាលខេត្តក្រចេះ

ដោយមានការយល់ដឹងច្បាស់ថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនជាការងារនយោបាយមានសារៈសំខាន់ពិសេស កងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានផ្តល់យោបល់ជូនគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc ឲ្យមានការដឹកនាំដោយផ្ទាល់ក្នុងការដោះស្រាយបញ្ហាដែលកើតឡើងជាយថាហេតុ បញ្ហារសើប និងការលំបាក នានាក្នុងការអនុវត្តភារកិច្ចនេះ។ កងទ័ពការពារព្រំដែនបានចរចារ និងចាប់យកនូវការយល់ស្របពីថ្នាក់ដឹកនាំខេត្ត និងបង្កើតទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាមួយអាជ្ញាធរនៃប្រទេសមិត្ត។ នៅពេលធ្វើការនៅភូមិសាស្ត្រជាក់ស្តែង កម្មាភិបាល និងយុទ្ធជនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងាររបស់ខ្លួន ហើយរក្សាបានល្អនូវទំនាក់ទំនង និងសហការយ៉ាងសកម្មជាមួយបណ្តាខេត្តរបស់ប្រទេសកម្ពុជាដែលជាប់ព្រំដែនផងដែរ។

នាប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស គណៈបញ្ជាការនៃកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានដាក់ចេញនូវគោលនយោបាយ និងដំណោះស្រាយជាច្រើនក្នុងដឹកនាំ បញ្ជាឲ្យប៉ុស្តិ៍ការពារព្រំដែនទាំងឡាយសហការជាមួយកងកម្លាំងការពារព្រំដែនកម្ពុជាក្នុងការផ្សព្វផ្សាយដល់ប្រជាជននៅតាមតំបន់ព្រំដែនឲ្យអនុវត្តតាមកិច្ចព្រមព្រៀង សន្ធិសញ្ញា និងបទបញ្ញាត្តិនានាអំពីព្រំដែន និងច្រកទ្វារព្រំដែន រួមចំណែកដល់ការកាត់បន្ថយការខ្វែងគំនិត និងបង្កើនការយល់ស្របគ្នាក្នុងការដោះស្រាយបញ្ហានៅសេសសល់នានាអំពីព្រំដែន។

កងទ័ពការពារព្រំដែនខេត្ត Binh Phuoc ជាអង្គភាពមុនគេបង្អស់ដែលអនុវត្តគោលនយោបាយស្តី​ពី​ការ​ចុះហត្ថលេខាលើការចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែនវៀតណាម ជាមួយកងកម្លាំងព្រំដែនកម្ពុជា។ គំរូនេះបាននាំមកនូវប្រសិទ្ធិភាពក្នុងសកម្មភាពប្រឆាំងបទល្មើសឆ្លងព្រំដែន រក្សាសន្ដិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំណុចសំខាន់នៃកិច្ចការព្រំដែននាប៉ុន្មានឆ្នាំកន្លងមកគឺការផ្តល់យោបល់ និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីរៀបចំឲ្យតំបន់លំនៅដ្ឋានចំនួន៧ នៅតាមតំបន់ព្រំដែនខេត្ត Binh Phuoc ចុះហត្ថលេខាលើការចងសម្ព័ន្ធមេត្រីភាពជាមួយតំបន់លំនៅដ្ឋានចំនួន៤នៃប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ កងទ័ពការពារព្រំដែនខេត្ត Binh Phuoc ក៏បានរៀបចំសកម្មភាពជាច្រើនដូចជា ចាត់បញ្ជូនគ្រូពេទ្យទៅពិនិត្យសុខភាព ផ្តល់ថ្នាំ និងផ្តល់អំណោយជូនប្រជាជនកម្ពុជា ក៏ដូចជាផ្តល់ជំនួយជាសម្ភារៈសម្រាប់ជួសជុលផ្ទះល្វែងរបស់កងកម្លាំងការពារព្រំដែននៃប្រទេសកម្ពុជាផងដែរ។ តាមរយៈកិច្ចការបរទេស ទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងកងកម្លាំងការពារព្រំដែនកម្ពុជាត្រូវបានពូនជ្រំពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Duy Hoan