អ្នកនាំពាក្យក្រសួងការបរទេសលោក Le Hai Binh បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ស្ថាប័នមានសមត្ថកិច្ចនានារបស់ វៀតណាម កំពុងធ្វើការពិនិត្យចំពោះដំណឹងនេះ។ វៀតណាមបញ្ជាក់ថា ខ្លួនឯងមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងគ្រប់គ្រាន់ដើម្បីអះអាងពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa “ភាគីដែលពាក់ព័ន្ធនានាត្រូវតែគោរពនូវអធិបតេយ្យភាពរបស់ វៀតណាម និងមានការប្រព្រឹត្តដោយមានការទទួលខុសត្រូវ និងពុំទុកឲ្យមានទង្វើអ្វីៗណាមួយប៉ុនប៉ងរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ វៀតណាម ធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនៅក្នុងតំបន់  និងធ្វើឲ្យសភាពការណ៍នៅសមុទ្រខាងកើតមានភាពស្មុគស្មាញ” នេះជាការបញ្ជាក់បន្ថែមរបស់លោកLe Hai Binh។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសលោក Le Hai Binh (រូបថត baochinhphu.vn)

ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលប្រទេសចិន និងប្រទេសហ្វីលីពីន គ្រោងនឹងជួបចរចាទ្វេភាគីលើបញ្ហាសមុទ្រខាងកើតលោក Le Hai Binh បានមានប្រសាសន៍ថា “ទស្សនៈដោយមិនងាករេរបស់ វៀតណាម គឺអបអរសាទរចំពោះការដែលភាគីមានវិវាទនានានៅសមុទ្រខាងកើតរកដំណោះស្រាយដោយសន្តិវិធី មិត្តភាពដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ចំពោះវិវាទដែលពាក់ព័ន្ធតែនឹងភាគីពីរប៉ុណ្ណោះ គឺត្រូវតែដោះស្រាយដោយទ្វេភាគី រីឯវិវាទដែលពាក់ព័ន្ធនឹងភាគីជាច្រើនគឺត្រូវតែមានការចូលរួមពីសំណាក់ភាគីទាំងអស់នោះ”។

គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃដដែលឆ្លើយសំណួរពីអ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែល តៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនសមុទ្រជុំវិញកោះ Ba Binh នៃប្រជុំកោះ Truong Sa អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានអះអាងថា “វៀតណាម មានភស្តុតាងជាប្រវត្តិសាស្ត្រ និងមានមូលដ្ឋានគតិយុត្តិគ្រប់គ្រាន់ ដើម្បីអះអាងពីអធិបតេយ្យភាព ចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa។ ការដែល តៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនទឹកនៅជុំវិញកោះ Ba Binh នៃប្រជុំកោះ Truong Sa គឺជាអំពើបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ វៀតណាម ចំពោះប្រជុំកោះនេះដោយបានគំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខលម្ហសមុទ្រ និងធ្វើឲ្យសភាពការណ៍នៅសមុទ្រខាងកើតនេះកើតមានភាពតានតឹងថែមទៀត។ វៀតណាមប្តេជ្ញាចិត្តជំទាស់ជាដាច់ខាត ព្រមទាំងទាមទារឲ្យ តៃវ៉ាន់ ត្រូវតែបញ្ឈប់នូវរាល់ទង្វើស្រដៀងដូចនេះតទៅទៀត”។

ឆ្លើយសំណួរពីអ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រសួងការបរទេសនៃសហរដ្ឋអាមេរិកបានផ្ដល់ពានរង្វាន់នារីក្លាហានអន្តរជាតិជូនលោកស្រី Nguyen Ngoc Nhu Quynh  អ្នកនាំពាក្យលោក Le Hai Binh បានឱ្យដឹងថា “គោលនយោបាយ ដោយមិនងាករេរបស់ វៀតណាម គឺជានិច្ចកាលការពារ និងលើកកម្ពស់នូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះក៏មានទាំងសិទ្ធិស្ត្រីផងដែរ។ ការខិតខំប្រឹងប្រែង និងសមិទ្ធផលទាំងអស់របស់វៀតណាមដែលសម្រេចបានក្នុងការធានា និងការធ្វើឲ្យបានល្អប្រសើរឡើងនូវសិទ្ធិមនុស្សដោយមិនឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយត្រូវបានទទួលស្គាល់ពីសំណាក់ សហគមន៍អន្តរជាតិ និងត្រូវបានវាយតំលៃខ្ពស់។

វៀតណាមចាត់ទុកថា ការដែលក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រគល់ពានរង្វាន់ទៅឱ្យបុគ្គលម្នាក់ ដែលកំពុងស្ថិតក្រោមការឃុំខ្លួនសម្រាប់ការធ្វើស៊ើបអង្កេតពីការរំលោភបំពានលើច្បាប់នៃប្រទេស វៀតណាម នោះជាទង្វើដែលខ្វះលក្ខណៈសត្យានុម័ត ព្រមទាំង មិនសមស្រប និងមិនផ្តល់អំណោយផលដល់ការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ”៕

បកប្រែដោយ Minh Trung