leftcenterrightdel
សមាជិកទ័ពមួកខៀវវៀតណាមជាមួយកុមារនៅស៊ូដង់ខាងត្បូង

សមាជិកគ្រប់រូបនៃកងពេទ្យកម្រិត២ លេខ១ របស់វៀតណាម ក៏ទទួលបានការស្វាគមន៍បែបនេះដែរគ្រាពេលដំបូងបង្អស់ដែលទើបតែមកកាន់មូលដ្ឋាននៅ Bentiu  នៅខែតុលា ឆ្នាំ២០១៨ផងដែរ។ ប៉ុន្តែនៅពេលនោះ គ្មាននរណាម្នាក់អាចយល់បានពីមូលហេតុដែលគេ ហៅទីនេះជា "ឋានសួគ៌" ឡើយ...

សមាជិកថ្មីនៅក្នុង "គ្រួសារ" Bentiu

លោក Tom Ferreira នាយការិយាល័យប្រតិបត្តិសមរភូមិមុខនៃមូលដ្ឋាន Bentiu បាននិយាយលេងថា៖ "ទីនេះជាឋានសួគ៌ ឬមិនម៉ែនជាឋានសួគ៌គឺអាស្រ័យតែទៅលើរបៀបគិតរបស់ម្នាក់ៗ។ អ្នកអាចបង្កើតឡើងឋានសួគ៌ ឬអាចព្យាយាមធ្វើការដោយមានអាកប្បកិរិយាវិជ្ជមាន" ។ ចំពោះលោក Tom,  Bentiu គឺជាឋានសួគ៌ពិតប្រាកដហើយ ដោយសារកន្លែងនេះមានស្មារតីនៃមិត្តរួមអង្គភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក ការផ្សាភ្ជាប់គ្នា គួរឲ្យកត់សម្គាល់រវាងបណ្តាកងកម្លាំងមួកខៀវ ជាមួយគ្នា ក៏ដូចជារវាងមនុស្ស និងមនុស្ស។ លោក Tom ជឿជាក់ថា នៅពេលមកកាន់ទីនេះ មន្ទីរពេទ្យនៃកងពេទ្យកម្រិត២ លេខ១ របស់វៀតណាមនឹងក្លាយជាចំណែកមួយនៃស្មារតីនោះ។

ប្រហែលនៅពេលដែលផ្តល់បទសម្ភាសន៍ដល់ពួកយើងខ្ញុំដោយគាត់ក្នុងនាមជាប្រធានសម្របសម្រួលស្ទើរតែទាំងអស់សកម្មភាពជួយផ្នែកភស្តុភារនៃបេសកកម្មទៅបណ្តាកងកម្លាំងនៅ Bentiu, លោក Tom គឺមិនបានគិតពីអ្វីដែលគាត់បាននិយាយនោះបានក្លាយជាការពិតយ៉ាងឆាប់រហ័សដូចនេះទេ។ ក្រោយរយៈពេលត្រឹមតែ២៤ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃដំបូងដែលមកកាន់ “គ្រួសារ” Bentiu នោះ កងពេទ្យកម្រិត២ លេខ១ របស់វៀតណាមបានបង្ហោះទង់ជាផ្លូវការ ហើយទទួលខុសត្រូវគ្រប់គ្រង តាំងពីបន្ទាយដល់មន្ទីរពេទ្យរបស់អង់គ្លេស ទន្ទឹមនឹងនោះក៏បានទទួលអ្នកជំងឺដំបូងៗមកផងដែរ។ នៅក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ដំបូងប៉ុណ្ណោះ មន្ទីរពេទ្យបានទទួលព្យាបាលអ្នកជំងឺ ៥៦នាក់  ហើយក្រោយរយៈពេល ០១ខែជាងចំនួននេះបានកើនឡើងជាង១០០ នាក់។ កងពេទ្យកម្រិត២ លេខ១របស់វៀតណាមមានកិត្តិយសដោយទទួលបានលិខិតសរសើរលើកទឹកចិត្ត និងវាយតំលៃខ្ពស់ ពីសំណាក់អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Jean - Pierre Lacroix ។ ខ្លឹមសារលិខិតនេះ លោកបានសង្កត់ធ្ងន់ថា UNMISS បានសម្តែងការពេញចិត្តចំពោះការអនុវត្ត និងរាល់សកម្មភាពយ៉ាងឆាប់រហ័សរបស់កងទ័ពមួកខៀវវៀតណាមដោយបានសម្របខ្លួនទៅនឹងស្ថានភាព និងរាល់បញ្ហាប្រឈមនៅក្នុងតំបន់នេះ។ អ្វីៗទាំងអស់នេះគឺជាជោគជ័យ និងការលើកទឹកចិត្ត គួរឲ្យមោទនភាពរបស់កងពេទ្យកម្រិត២ លេខ១វៀតណាម។ ជាការពិតណាស់ ស្មារតីនៃការធ្វើការជាក្រុមប្រកបដោយសាមគ្គីភាព ការខិតខំប្រឹងប្រែងតស៊ូសម្រេចឲ្យបានភារកិច្ចទាំងអស់បានជួយឲ្យពួកគេពុះពារជំនះគ្រប់ឧបសគ្គគ្រាដំបូងបង្អស់ដែលមានវត្តមាននៅ Bentiu នេះ ។

leftcenterrightdel
ទ័ពមួកខៀវវៀតណាមចាប់ផ្តើមបំពេញភារកិច្ច

 

កម្លាំងរស់ថ្មី ...

អមដំណើរជាមួយក្រុមការងារត្រៀមរបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេសវៀតណាម) ទៅស៊ូដង់ខាងត្បូងដើម្បីបំពេញភារកិច្ចត្រៀមរៀបចំ កងពេទ្យកម្រិត២ យើងខ្ញុំមានឱកាសបានហូបរួម នៅរួមគ្នាជាមួយរាល់សមាជិកទាំងអស់របស់មន្ទីរពេទ្យ។ សមាជិកនៃក្រុមការងារនេះសុទ្ធតែជាអ្នកពូកែ ដោយប្រមូលផ្តុំពីគ្រប់ជំនាន់នៃនាយទាហានកងទ័ពដែលធ្លាប់បំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូងកាលពីមុន ហេតុដូច្នេះពួកគេមាន បទពិសោធន៍ជាច្រើននៅក្នុងតំបន់នេះដោយយល់ច្បាស់ពីរាល់នីតិវិធីធ្វើការជាមួយកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ប្រការនេះបានរួមចំណែកដ៏សំខាន់ចូលភាពជោគជ័យនៃការដាក់ពង្រាយកងពេទ្យកម្រិត២របស់វៀតណាមនៅទីនេះ។

នៅពេលទើបតែមកកាន់បរិវេណនៃបន្ទាយ ពួកគាត់មិនសូវចាប់អារម្មណ៍ប៉ុន្មាននឹងជួរផ្ទះតូចៗដោយគ្មានម្លប់ដើមឈើបៃតងសូម្បីតែបន្តិចបន្តួចសោះទេ ហើយអ៊ីនធឺណែតក៏អត់មានទៀតផង។ តែបន្ទាប់ពីប៉ុន្មានសប្តាហ៍ក្រោយមកប៉ុណ្ណោះ ជីវិតថ្មីមួយបានលេចឡើងនៅទីនេះ។ ការងារដំបូងបង្អស់របស់សមាជិកទាំងអស់នោះគឺ ដាំផ្កា និងដាំដើមឈើដោយជ្លៀតប្រើធុងស្នោ ទុកចោល ឬដាំនៅខាងមុខផ្ទះតែម្តង។ លោកវរសេនីយ៍ទោ Truong Anh Tuan សមាជិក នៃគណៈប្រតិភូត្រូវបានគេចាត់តាំងឱ្យមកធ្វើការនៅ Bentiu តាំងពីថ្ងៃដំបូងមកម្ល៉េះ ធ្វើជាអ្នកតភ្ជាប់ទំនាក់ទំនងជាមួយរាល់ស្ថាប័នពាក់ព័ន្ធនៃកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ទោះបីជាប់រវល់នឹងការងារយ៉ាងខ្លាំងយ៉ាងណាក្តី តែគាត់នៅជ្លៀតពេលសម្រាប់បណ្តុះកូនឈើ មួយចំនួននៅជំវិញលំនៅដ្ឋាន។ មិនត្រឹមតែបណ្តុះកូនឈើដើម្បីលំហែកាយប៉ុណ្ណោះទេ ថែមទាំងគាត់បានចំណាយពេលជាច្រើនដើម្បី ស្វែងយល់ពីរបៀបដាំ និងថែទាំដើមឈើនៅ តំបន់នេះដើម្បីឱ្យដើមឈើអាចដុះលូតលាស់បាន ទៀតផង ... ។ ជាការពិតណាស់ ដីនៅតំបន់នេះស្ងួតដល់ថ្នាក់ប្រេះស្រាំ ហើយពិបាកក្នុងការដាំដុះណាស់ប៉ុន្តែត្រូវបាន “ចុះចាញ់” ក្រោមបាតដៃរបស់អ្នកដែលគេសុទ្ធតែស្គាល់ថា ចេះតែជំនាញផ្នែកពេទ្យប៉ុណ្ណោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃពីគ្រាប់ពូជដែលនាំមកពីវៀតណាមនោះ សួនច្បារបន្លែបៃតងដោយមានបន្លែច្រើនមុខដូចជាត្រកួន ផ្ទី ស្ពៃខៀវ ។ល។  ហើយពណ៌បៃតងបានគ្របដណ្តប់លើគ្រប់កន្លែងដីទុកចោលនៅជំវិញទីលំនៅដ្ឋានហើយ។

ស្ថានភាពអាកាសធាតុដ៏ពិបាកទ្រាំនៅទីនេះ ហាក់បីដូចជាបន្តផ្តល់កម្លាំងចិត្តបន្ថែមដល់សមាជិកទាំង៦៣នាក់របស់កងពេទ្យកម្រិត២លេខ១ របស់វៀតណាមក៏ពិតម៉ែន។ មិនថាអាកាសធាតុមានកំដៅដូច ភ្លើងឆេះនៅអាកាសយានដ្ឋាន Rubkona ក្តី ក៏ប៉ុន្តែទំនិញគ្រឿងបរិក្ខារសម្ភារៈដឹកមកជាពីរជើងដែលមួយជើងមានទម្ងន់ប្រមាណ ៣០ តោននោះត្រូវបានដឹកមក Juba តាមផ្លូវអាកាស ហើយត្រូវបានលើកដាក់ និងដឹកបញ្ជូនទៅបន្ទាយ ដោយសមាជិកនៃកងពេទ្យកម្រិត២វៀតណាមផ្ទាល់ ប្រកបដោយសុវត្ថិភាពទៀតផង។ នៅប៉ុន្មានថ្ងៃដំបូង ដោយសារតែទំនិញមិនទាន់មកដល់គ្រប់គ្រាន់ទេនោះ បងប្អូនយើងបានឆ្លៀតយកឈើកំប៉ិចកំប៉ុកក្នុងឡាំងផ្ទុកទំនិញនោះធ្វើជាធ្នើដាក់ស្បែកជើង។ តាំងពីថ្ងៃដំបូងការយាមតាមវេណទាំងយប់ទាំងថ្ងៃក៏ត្រូវបានសមាជិកបែងចែកគ្នាអនុវត្តធានានូវសុវត្ថិភាព។ សមាជិកាទាំង១០រូបរបស់កងពេទ្យកម្រិត២លេខ១នេះក៏ទទួលភារកិច្ចយាមពេលរាត្រីដោយមិនខុសពីប្រុសៗនោះឡើយ។ សមាជិកគ្រប់រូបក៏ទទួលបន្ទុកការងារផ្សេងៗបន្ថែមទៀត ដោយមិនប្រកាន់ពីមុខតំណែង ឬតួនាទីទេ។

នៅខាងក្នុងជំរំសម្រាប់ចម្អិនម្ហូបជាបណ្តោះអាសន្នដែលបានដំឡើងនៅជាប់នឹងទីលំនៅដ្ឋាន ឲ្យតែដល់ម៉ោង៤ព្រលឹមជារៀងរាល់ថ្ងៃចង្ក្រានភ្លើងបានបើកដើម្បីរៀបចំអាហារសម្រាប់អង្គភាពទាំងមូល។ រំលឹកពីប៉ុន្មានថ្ងៃដំបូង ដោយគ្មានតង់នេះទេ "មេចុងភៅ" ពីរនាក់គឺលោក Dinh Minh Ky និងលោក Pham Van Dat ត្រូវតែឈរហាលក្តៅនៅក្បែរចង្ក្រានប្រើអូសដ៏ក្តៅនៅខាងក្រៅ ដើម្បីចម្អិនអាហារគួរឲ្យវេទនាណាស់។ 

ជាធម្មតារៀងរាល់ព្រឹកមុនពេលម៉ោងសំឡេងរោទិ៍ នៅមូលដ្ឋាននេះក៏មានសូរសំឡេងដ៏ពិបាកទ្រាំមកពីម៉ាស៊ីនបាញ់ថ្នាំកម្ចាត់មូសទៀតផង។ សម្រាប់ប្រជាជនជាច្រើននៅ Bentiu ក្រៅពីការភ័យខ្លាចអំពើហិង្សា និងសង្រ្គាមនោះ ក៏មានការភ័យខ្លាចពីជំងឺគ្រុនចាញ់ផងដែរ ជាពិសេសសម្រាប់កងកម្លាំងមកពីប្រទេសដែលគ្មានជំងឺនេះដូចជាប្រទេសអង់គ្លេស។ មេបញ្ជាការនៃកងពេទ្យកម្រិត២របស់អង់គ្លេស ព្រមានថា កងវរសេនាតូចហ្គាណា ឈរជើងនៅមូលដ្ឋានមានពេលខ្លះមានចំនួនកងទ័ព ៣០ ភាគរយត្រូវជំងឺគ្រុនចាញ់។ ប៉ុន្តែដោយមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ នេះមិនមែនជាបញ្ហាសម្រាប់សមាជិកវៀតណាមនោះទេ។ ចំនួននៃថ្នាំបង្ការ និងមុងជ្រលក់ថ្នាំសម្រាប់សមាជិកទាំង ៦៣ នាក់ត្រូវបានរៀបចំយ៉ាងគ្រប់គ្រាន់។ លោកវេជ្ជបណ្ឌិត Phan Tan Dan ជំនាញខាងបង្ការជំងឺអាសន្នបានឲ្យដឹងថា ប្រសិនបើមានជំងឺគ្រុនចាញ់នៅ Bentiu ច្រើនតែមានអការៈធ្ងន់ធ្ងរណាស់ព្រោះមេរោគគ្រុនចាញ់នៅទីនេះច្រើនតែបណ្តាលឱ្យមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។ អាស្រ័យហេតុនោះមានជំងឺគ្រុនចាញ់ នៅទីនេះពិតជាការព្រួយបារម្ភដ៏ធំមួយដោយមិនអាចមើលស្រាលបានឡើយ។  ប៉ុន្តែលោកវេជ្ជបណ្ឌិតរូបនេះ មានការជឿជាក់ថា គាត់នឹងបំពេញបានភារកិច្ចដ៏ពិសេសរបស់គាត់នៅទីនេះលុះត្រាតែបងប្អូនត្រូវតែគោរពតាមបទកំណត់ អំពីការលេបថ្នាំបង្ការ និងដេកលើគ្រែមានមុង។ ជំងឺឆ្កែឆ្កួតក៏ត្រូវបានព្រមាននៅគ្រប់ទីកន្លែងផងដែរ។ វាមិនច្បាស់ទេថា ហេតុអ្វីបានជាមានសត្វឆ្កែ ដែលគ្មានម្ចាស់ជាច្រើននៅក្នុងមូលដ្ឋាន Bentiu នេះ។ លឺគេនិយាយថា សត្វឆ្កែទាំងនេះគឺមានម្ចាស់ ប៉ុន្តែក្រោយមកបានក្លាយជាឆ្កែព្រៃដោយសារតែម្ចាស់ជាជនក្រីក្រគ្មានអ្វីចិញ្ចឹមពួកវាឡើយ បានជាឆ្កែទាំងនេះត្រូវទៅរកចំណីនៅជំវិញមូលដ្ឋាន។

ជីវិតឯកោរ ដាច់ស្រយាលដូចជា Bentiu ពិតជាដូចនឹងសំដីរបស់លោក Tom Ferreira បាននិយាយថា "មិនមែនជាការងាយស្រួលទេ ពិតជាលំបាកណាស់" ។ ប៉ុន្តែគាត់បាននិយាយថា នេះក៏ជាទីសន្តិភាពមួយដែរ នៅ Bentiu បន្ទាប់ពីរដ្ឋាភិបាល និងក្រុមប្រឆាំង ទើបតែសម្រេចបានកិច្ចព្រមព្រៀង សន្តិភាពមួយនៅក្នុងខែកញ្ញាឆ្នាំ២០១៨ នោះ ។ ប៉ុន្តែនៅទីនេះគ្មាននរណាម្នាក់ប្រាកដហើយទស្ស ទាយនូវអ្វីដែលនឹងកើតឡើងព្រោះស្ថានភាពអាចផ្លាស់ប្តូរនៅគ្រប់ពេល។

ជាការពិតណាស់ "ឋានសួគ៌" គឺគ្រាន់តែជាវិធីហៅមួយដើម្បីលួងលោម លើកទឹកចិត្តទាហានមួកខៀវទេ។  ចំពោះកងទ័ពមួកខៀវវៀតណាម កន្លែងដ៏លំបាកលំបិនដូចជា Bentiu ពិតជាទីហ្វឹកហ្វឺនឆន្ទៈ ការប្តេជ្ញាចិត្ត ដើម្បីបំពេញបេសកកម្មដ៏មានអត្ថន័យមិនត្រឹមតែចំពោះវេជ្ជបណ្ឌិតយោធាប៉ុណ្ណោះទេ ថែមទាំងចំពោះកងទ័ពអ៊ំហូផងដែរ៕

បកប្រែដោយ Minh Trung