នាថ្ងៃទី៣ ធ្នូ នៅទីស្នាក់ការក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្ដមសេនីយ៍ឯក Alexander Vasilyevich Fomin អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី៤ រវាងវៀតណាមនិងរុស្ស៊ី។

ក្នុងកិច្ចសន្ទនា បន្ទាប់ពីវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០១៨ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរចាត់ទុថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភ និងអាទិភាពក្នុងការអភិវឌ្ឍតាមមូលដ្ឋានជាទំនាក់ទំនងមិត្តភាពជាប្រពៃណី ដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ភាគីទាំងពីរព្រមព្រៀងបើកទូលាយថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ និងឯកភាពខ្លឹមសារជាង៦០ នៃកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០១៩។ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពខ្លឹមសារនៃការសហការក្នុងក្របខ័ណ្ឌឆ្នាំមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី ២០១៩ - ២០២០។

លោកអនុរដ្ឋមន្រ្តីក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីបញ្ជាក់ថា ក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីនឹងរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការនៃក្របខ័ណ្ឌមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី គាំទ្រគំនិតផ្ដួចផ្ដើម និងចូលរួមសកម្មភាពដែលលើកឡើង និងរៀបចំដោយវៀតណាមក្នុងឋានៈជាប្រធានអាស៊ាន និងរំលឹកខួបលើកទី១០ នៃកិច្ចប្រជុំ ADMM+ នៅឆ្នាំ២០២០។ លោកអនុរដ្ឋមន្រ្តី Nguyen Chi Vinh បានឲ្យដឹងថា វៀតណាមនឹងបន្តចូលរួមសកម្មភាពពហុភាគីដែលរៀបចំដោយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី និងសមស្របនឹងលក្ខណៈរបស់វៀតណាម។ លោកបញ្ជាក់លើការត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលឲ្យនាវាចម្បាំងរុស្ស៊ីមកទស្សនកិច្ចនៅកំពង់ផែសមុទ្រវៀតណាម។

ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីគឺជាកត្តាសំខាន់ក្នុងការពង្រឹងសន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ ភាគីទាំងពីរក៏ចាត់ទុកដែរថា ជម្លោះទាំងឡាយគប្បីដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោក Nguyen Chi Vinh និងគណៈប្រតិភូបានទៅជួបសម្ដែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ Sergei Shoigu រដ្ឋមន្រ្តីក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី ព្រមទាំងទៅទស្សនកិច្ចការងារនៅវិទ្យាស្ថានពេទ្យយោធា Kirov និងរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ៕

បកប្រែដោយ Thuy Anh