ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងស៊ីជ្រៅ

វៀតណាម និងអូស្រ្តាលីបានបង្កើតទំនាក់ទំនងលើវិស័យការពារជាតិពីឆ្នាំ១៩៩៨។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីមានភាពរីកចម្រើនកាន់តែខ្លាំងក្លា និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ។

នៅឆ្នាំ ២០១០ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM +) និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូស្ត្រាលី។ ចាប់តាំងពីឆ្នាំ ២០១២ មក ភាគីទាំងពីរបានរក្សាយន្តការសន្ទនា និងពិគ្រោះយោបល់នៅគ្រប់ជាន់ថ្នាក់ជាទៀងទាត់ រួមមាន ថ្នាក់រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីជាដើម។ ក្នុងរយៈពេល ៦ ឆ្នាំកន្លងមក កិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការបរទេស និងការពារជាតិ  ២ + ២ ត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់នៅតាមប្រទេសនីមួយៗ។

ចំណុចសំខាន់នៃទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលីគឺការបណ្តុះបណ្តាលនាយទាហាន។ បច្ចុប្បន្ននេះ ប្រទេសអូស្រ្តាលីគឺជាប្រទេសនិយាយភាសាអង់គ្លេសនាំមុខគេលើការជួយបណ្តុះបណ្តាលភាសាអង់គ្លេស និងជំនាញសម្រាប់យោធិនវៀតណាម ដោយមានចំនួនសរុប ២.៤៤៣ នាក់ (ពីឆ្នាំ ១១៩៩ ដល់ខែកញ្ញា ឆ្នាំ២០១៨) ដែលក្នុងនោះ មានចំនួន ១.៧៣៣ នាក់ត្រូវបានបណ្តុះបណ្តាលនៅវៀតណាម និង ៧១០ នាក់ត្រូវបានបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលី។ បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិក៏ជាវិស័យសហប្រតិបត្តិការដ៏ល្អមួយដែរ។ នៅខែមីនា ឆ្នាំ ២០១៥ ក្រសួងការពារជាតិទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព។ ប្រទេសអូស្ត្រាលីគឺជាប្រទេសដែលជួយឧបត្ថម្ភគ្រឿងបរិក្ខារ ដើម្បីបញ្ជូនកងកម្លាំងវៀតណាមទៅកាន់ស្ថានបេសកកម្មនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ ប្រទេសអូស្ត្រាលីបានអញ្ជើញនាយទាហានវៀតណាមឲ្យចូលរួមសិក្ខាសាលាមួយចំនួន និងវគ្គហ្វឹកហ្វឺនខ្លី នៅអូស្ត្រាលី ព្រមទាំងជួយបណ្តុះបណ្តាលអំពីជំនាញវិជ្ជាជីវៈដល់នាយទាហានវៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិផងដែរ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធជាមួយគ្នាលើវិស័យជាច្រើនដូចជា សន្តិសុខសមុទ្រ កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងការដោះស្រាយផលវិបាកដែលបង្កឡើងនាសម័យសង្គ្រាមជាដើម។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលីមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា តាមរយៈកិច្ចពិភាក្សាគោលនយោបាយការពារជាតិជាលើកដំបូង ដែលបានប្រារព្ធឡើងនៅទីក្រុងកង់បេរ៉ា នៃប្រទេសអូស្ត្រាលី នៅដើមខែវិច្ឆិកា ឆ្នាំ ២០១៧ ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូវៀតណាមចូលរូមកិច្ចសន្ទនានេះ។ ភាព​ជោគជ័យនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិជាលើកដំបូងនេះ បានពង្រីកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ រវាងប្រទេសទាំងពីរក្នុងវិស័យការពារជាតិ ដែលរួមចំណែកដល់ការលើកកម្ពស់វិស័យដទៃទៀត រវាងប្រទេសទាំងពីរ។

leftcenterrightdel
កិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាម និងអូស្ត្រាលីលើកទី ១

បង្កើតទំនាក់ទំនងថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងនូវែលសេឡង់មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមក។ ប្រទេសនូវែលសេឡង់ជានិច្ចកាលបានសម្ដែងចំណាប់អារម្មណ៍ចំពោះទីតាំងជាយុទ្ធសាស្ត្រ និងតួនាទីរបស់វៀតណាមចំពោះសន្តិសុខនៅក្នុងតំបន់។ ប្រទេសនូវែលសេឡង់វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងដំណើរការកសាងយន្តការ ADMM+។ ហើយថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសវៀតណាមក៏បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងលើវិស័យការពារជាតិជាមួយនូវែលហ្សេឡង់ ហើយនឹងខិតខំប្រឹងប្រែង និងធ្វើអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងលើវិស័យការពារជាតិជាមួយនូវែលហ្សេឡង់ឲ្យកាន់តែខ្លាំងឡើងៗ រួមចំណែកក្នុងការក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ភាគីទាំងពីរបាន និងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពតាមស្មារតីនៃអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៣ និងកិច្ចព្រមព្រៀងស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការលើការរក្សាសន្តិភាព ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៧។ 

ដូចនឹងប្រទេសអូស្ត្រាលីដែរ ប្រទេសនូវែលហ្សេឡង់គឺជាប្រទេសដែលបានជួយវៀតណាមក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេសសម្រាប់នាយទាហាននៃកងទ័ពប្រជាជនវៀតណាម។ ក្រៅពីនេះ ភាគីទាំងពីរក៏បានសហការគ្នាក្នុងការបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជំនួយមនុស្សធម៌ ជួយសង្គ្រោះមហន្តរាយ និងសន្តិសុខសមុទ្រជាដើម។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្រ្តាលី និងនូវែលហ្សេឡង់របស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នឹងរួមចំណែកក្នុងការបង្កើតទំនាក់ទំនងថ្មីដ៏ទូលំទូលាយ និងស៊ីជម្រៅថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងប្រទេសទាំងពីរនៅអូសេអានី ដើម្បីសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Duy Hoan