នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងថា ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនកំពុងស្ថិតនៅដំណាក់កាលដែលមានការរីកចម្រើនយ៉ាងល្អប្រសើរ ដែលក្នុងនោះ កិច្ចសហប្រតិប្តិការលើវិស័យការពារជាតិត្រូវបានថ្នាក់ដឹកនៃក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយទទួលបានលទ្ធផលសំខាន់ៗជាច្រើន ដែលឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីទាំងពីរ រួមចំណែកក្នុងការរក្សាឯករាជ្យ អធិបតេយ្យភាព និងការអភិវឌ្ឍនៃប្រទេសនិមួយៗ ហើយពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងនៅតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Kazuyuki Nakane

លោកឧត្តសេនីយ៍ឯក Nguyen Chi Vinh សង្ឃឹមថា នាពេលខាងមុខនេះ វៀតណាម និងជប៉ុននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេស ការផ្លាស់ប្តូរគណៈប្រតិភូ ការជួយសង្រ្គោះ ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ការដោះស្រាយផលវិបាកដែលកើតឡើងនាសម័យសង្គ្រាម និងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីជំរុញឲ្យទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅ ហើយក្លាយទៅជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុន។

ចំណែកលោក Kazuyuki Nakane បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលគណៈប្រតិភូ។ លោក Kazuyuki Nakane បានបញ្ជាក់ថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងរួមចំណែកក្នុងការជំរុញទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងជប៉ុនដែលឈរលើមូលដ្ឋាននៃអនុស្សារណៈយោគយល់គ្នាស្តីពីការកិច្ចសហប្រិតបត្តិការទ្វេភាគីដែលបានចុះហត្ថលេខានៅខែតុលា ឆ្នាំ២០១០ និងសេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខានៅខែមេសា ឆ្នាំ២០១៨៕

បកប្រែដោយ Thanh Cong