leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ tuoitre.vn)

 

ឱកាសដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមលើបញ្ហាសន្តិសុខនានា

កិច្ចសន្ទនា Shangri-La គឺជាវេទិកាសន្តិសុខអន្ដររដ្ឋាភិបាលជាផ្លូវការមួយដែលរៀបចំឡើងដោយវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ (IISS) ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។ កិច្ចសន្ទនា Shangri-La ទាក់ទាញការចូលរួមរបស់បណ្តាប្រទេស អង្គការអន្តរជាតិ និងវិទ្យាស្ថានស្រាវជ្រាវដ៏ល្បីល្បាញនានាមកពីទូទាំងពិភពលោក រួមទាំងប្រទេសអាស៊ានទាំង១០ និងបណ្តាប្រទេសដូចជាចិន, ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អាមេរិក រុស្ស៊ី កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្រ្តាលី នូវែលសេឡង់ ...

នាឆ្នាំ២០០២ កិច្ចសន្ទនា Shangri-La ត្រូវបានប្រារព្ធឡើងជាលើកដំបូងបង្អស់នៅឯសណ្ឋាគារ Shangri-La ក្នុងប្រទេសសិង្ហបុរី។ ចាប់តាំងពីពេលនោះមកម៉្លេះ កិច្ចសន្ទនានេះត្រូវបានគេដាក់ឈ្មោះតាមសណ្ឋាគារដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង​ជាលើកដំបូងគឺ “កិច្ចសន្ទនា Shangri-La”។ កិច្ចសន្ទនាគឺជាកន្លែងមួយសម្រាប់ថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយការពារជាតិ សន្តិសុខ ជំនាញការ និងអ្នកសិក្សាស្រាវជ្រាវមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ពិភាក្សាពីរាល់បញ្ហាសន្តិសុខដែលកំពុងលេចឡើងក្នុងតំបន់ និងស្តាប់ សិក្សា ក្តាប់ឲ្យបានជាប់នូវយុទ្ធសាស្រ្តនៃប្រទេសនិមួយៗ។ តាមរយៈនោះ ភាគីពាក់ព័ន្ធទាំងអស់អាចធ្វើការវាយតំលៃលើកឡើងនូវយុទ្ធសាស្រ្តការពារប្រទេសក្នុងគោលបំណងដោះស្រាយរាល់បញ្ហាប្រឈមសន្តិសុខនានាដែលជះឥទ្ធិពលដល់តំបន់ និងរាល់ជម្លោះតាមរយៈគ្រប់មធ្យោបាយសន្តិភាពដោយឈរលើច្បាប់អន្ដរជាតិ។

រហូតមកទល់ពេលនេះ កិច្ចសន្ទនា Shangri-La បានឆ្លងកាត់ ១៦ លើកហើយ។ តាមរយៈការចរចា គំនិតផ្តួចផ្តើមជាច្រើនត្រូវបានលើកឡើងដើម្បីជំរុញបណ្តាគំនិតផ្តួចផ្តើមអំពីរាល់បញ្ហាសន្តិសុខសំខាន់ៗ រួមទាំងសន្តិសុខលម្ហសមុទ្រនៅច្រកម៉ាឡាកា ពិភាក្សាអំពីរចនាសម្ព័ន្ធស្ថាបត្យកម្មក្នុងតំបន់ ការផ្តល់ជំនួយមនុស្សធម៌ និងជួយសង្គ្រោះមហន្តរាយ  ការគ្រប់គ្រងជម្លោះ ការដំណោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ... ការសន្ទនា Shangri-La ត្រូវបានបញ្ជាក់នូវកិត្យានុភាពរបស់ខ្លួនក្នុងនាមជាវេទិកាសន្តិសុខសំខាន់បំផុតនៅក្នុងតំបន់។

វៀតណាមរួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់និងពិភពលោក

ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានចូលរួមក្នុងវេទិកាពហុភាគីជាច្រើនដូចជាកិច្ចប្រជុំសន្តិសុខ មូស្គូ អន្តរជាតិ កិច្ចប្រជុំមេបញ្ជាការកងទ័ពការពារជាតិប៉ាស៊ីហ្វិក កិច្ចសន្ទនាការពារជាតិសេអ៊ូល កិច្ចសន្ទនា Shangri-La ។ល។... ការចូលរួមរបស់វៀតណាមក្នុងវេទិកាពហុភាគីយោធា និងការពារជាតិនេះបានបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក តាមរយៈនោះបានរួមចំណែកក្នុងការអះអាងពីគោលនយោបាយការបរទេសពហុភាគី ការធ្វើពិពិធកម្ម​ និងគោលការណ៍យ៉ាងសកម្ម ហើយនិងការទទួលខុសត្រូវខ្ពស់របស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។

កិច្ចសន្ទនា Shangri-La លើកទី១៧ នៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងមានកិច្ចប្រជុំពិភាក្សាពេញអង្គចំនួន ៥ លើក។ រាល់បញ្ហា “ក្តៅគគុក” នៃតំបន់ និងពិភពលោកត្រូវបានគេរំពឹងថា នឹងត្រូវគេពិភាក្សាយ៉ាងយកចិត្តទុកដាក់នៅក្នុងកិច្ចពិភាក្សាលើកនេះ គឺបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដភេរវកម្មអន្តរជាតិ និងបញ្ហាសន្តិសុខនាវាចរណ៍ និងអាកាសចរណ៍ជាដើម។

អញ្ជើញចូលរួមកិច្ចសន្ទនាលើកនេះ លោករដ្ឋមន្រ្តីក្រសួងការពារប្រទេស Ngo Xuan Lich គ្រោងនឹងថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គលើកទីបី ការអញ្ជើញចូលរួមរបស់លោក Ngo Xuan Lich រដ្ឋមន្ត្រី និងគណៈប្រតិភូយោធាជាន់ខ្ពស់ក្នុងកិច្ចសន្ទនាលើកនេះ បានបញ្ជាក់ពីការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមដែលរួមចំណែកដល់ការបង្កើនទំនុកចិត្ត និងការយល់ដឹងពីគ្នារវាងបណ្តាប្រទេស ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់​ និងពិភពលោក៕

 

បកប្រែដោយ Minh Trung