ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Chi Vinh បានអញ្ជើញចូលរួមសន្និសីទមេបញ្ជាការការពារជាតិរបស់សហភាពអឺរ៉ុប និងមានប្រសាសន៍ស្ដីពីការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ លោក Nguyen Chi Vinh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ EU ក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

leftcenterrightdel
តំណាងទាំងឡាយនៅសន្និសីទមេបញ្ជាការការពារជាតិរបស់សហភាពអឺរ៉ុប (រូបថត៖ tvnewsroom.consilium.europa.eu)

លោក Nguyen Chi Vinh បានឲ្យដឹងថា ក្នុងរយៈពេល ៤ ឆ្នាំចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ វៀតណាមបានបញ្ជូននាយទាហានចំនួន ២០ រូបដែលក្នុងនោះមាននាយទាហាននារីម្នាក់ ដល់ប្រតិភូបេសកកម្មនៃអង្គការសហប្រជាជាតិដើម្បីស្ថិរភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (MINUSCA) និងស៊ូដង់ខាងត្បូង(UNMISS) ។ នៅពេលខាងមុខនេះ វៀតណាមនឹងបន្តបញ្ជូននាយទាហាន ដាក់ពង្រាយកងពេទ្យកំរិត២ នៅ Bentiu ស៊ូដង់ខាងត្បូង និងបញ្ជូនក្រុមវិស្វកម្មរក្សាសន្តិភាពទៅដល់ប្រតិភូបេសកកម្មនៅឆ្នាំ២០១៩ ឬ ២០២០។

លោកអនុរដ្ឋមន្រ្តីសង្កត់ធ្ងន់លើការចាំបាច់ក្នុងការបង្កើតទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម ជាមួយ EU និងបណ្ដាប្រទេសសមាជិក EU ។ ជាក់ស្ដែងគឺ វៀតណាម ក្លាយទៅជាដៃគូសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយ EU តាមរយៈការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមរវាងវៀតណាម និង EU លើវិស័យការពារជាតិ និងអនុស្សារណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការពិគ្រោះក្នុងវេទិកា យន្តការពហុភាគីដែលភាគីទាំងពីរជាសមាជិក។

ខាងក្រៅសន្និសីទ លោក Nguyen Chi Vinh បានជួបធ្វើការជាមួយមេបញ្ជាការការពារជាតិនៃប្រទេសសមាជិក EU មួយចំនួន និងស្ថាប័នសកម្មភាពទាក់ទងបរទេស EU៕

 

បកប្រែដោយ Thanh Cong