leftcenterrightdel
លោក Lee Nak-yeon នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូងបានទទួលជួបលោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាម

 

លោកនាយករដ្ឋមន្ដ្រី Lee Nak-yeon សង្កត់ធ្ងន់ថា កូរ៉េខាងត្បូងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្ដិការជាមួយវៀតណាមលើវិស័យការទូត សេដ្ឋកិច្ច វប្បធម៌ៗល ហើយលោកអបអរសាទរចំពោះការដែលក្រសួងការពារជាតិទាំងពីរបានចុះហត្ថលេខាលើចក្ខុវិស័យរួមស្ដីពីកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិដល់ឆ្នាំ ២០៣០ ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរបន្ដពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិ ដែលក្នុងនោះមានវិស័យឧស្សាហកម្មការពារជាតិ។

លោករដ្ឋមន្ដ្រី Ngo Xuan Lich បានឲ្យដឹងថា វៀតណាម និងកូរ៉េខាងត្បូងបានឆ្លងកាត់អស់រយៈពេលជាង ២៥ ឆ្នាំ ចាប់តាំងពីពេលដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត ជាពិសេសការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្ដិការយុទ្ធសាស្ដ្រឆ្នាំ ២០០៩ មកដល់ពេលនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យជាច្រើន។ កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនាំមុខគេក្នុងការបណ្ដាក់ទុននៅវៀតណាម ក៏ដូចជាការផ្ដល់ជំនួយ (ODA) និងការផ្លាស់ប្ដូរពាណិជ្ជកម្មផងដែរ។

គួររំលឹកថា នៅទីស្នាក់ការក្រសួងការពារជាតិកូរ៉េខាងត្បូង លោករដ្ឋមន្ដ្រី Ngo Xuan Lich បានជួបពិភាក្សាជាមួយលោក Song Young-moo រដ្ឋមន្ដ្រីក្រសួងការពារជាតិកូរ៉េខាងត្បូង។ រដ្ឋមន្ដ្រីទាំងពីរវាយតំលៃខ្ពស់ចំពោះការរីកចំរើននៃទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យការពារជាតិរវាងវៀតណាមនិងកូរ៉េខាងត្បូងក្នុងពេលកន្លងមក។

leftcenterrightdel
លោករដ្ឋមន្ដ្រី Ngo Xuan Lich និងលោករដ្ឋមន្ដ្រី Song Young-moo នៅពិធីចុះហត្ថលេខាលើសេចក្ដីប្រកាសចក្ខុវិស័យរួមស្ដីពីកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិដល់ឆ្នាំ ២០៣០

 

លោករដ្ឋមន្ដ្រី Ngo Xuan Lich បានឲ្យដឹងថា តាមរយៈការចុះហត្ថលេខាលើសេចក្ដីប្រកាសចក្ខុវិស័យរួមស្ដីពីកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិដល់ឆ្នាំ ២០៣០ ភាគីទាំងពីរគួរតែឯកភាពគ្នាបន្ដពង្រីកកិច្ចសហប្រតិបត្ដិការថែមទៀតនូវទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដោយស្របនឹងសក្ដានុពល និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្ដិការយុទ្ធសាស្ដ្ររវាងប្រទេសទាំងពីរក្នុងពេលខាងមុខ។ ទន្ទឹមនឹងនោះភាគីទាំងពីរត្រូវការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ និងជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យឧស្សាហកម្មការពារជាតិ សន្ដិសុខតាមប្រព័ន្ធអីុនធឺណិត ការរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

លោករដ្ឋមន្ដ្រី Ngo Xuan Lich មានបំណងចង់កូរ៉េខាងត្បូងចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាមផងដែរសំដៅ “កសាងសហគមន៍ប្រកបដោយសន្ដិភាព វិបុលភាព” ក្រៅពីនេះក្រសួងការពារជាតិទាំងពីរគួរតែបន្ដពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដើម្បីផ្ដល់ផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ។

leftcenterrightdel
គណៈប្រតិភូថតរូបជាអនុស្សាវរីយ៍

 

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ដ្រីក្រសួងការពារជាតិទាំងពីរបានចុះហត្ថលេខាលើសេចក្ដីប្រកាសចក្ខុវិស័យរួមស្ដីពីកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិដល់ឆ្នាំ ២០៣០ និងជំរុញការអនុវត្ដនូវខ្លឹមសារសហប្រតិបត្ដិការទ្វេភាគីលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងពេលខាងមុខនេះ៕

បកប្រែដោយ Pham Diep