បណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ ឆ្នាំនៃការបង្កើតកងទ័ពការពារព្រំដែន
កប.អនឡាញ - នាព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ ឆ្នាំនៃការបង្កើតកងទ័ពការពារព្រំដែន (ថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៩/ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩) រំលឹកខួបទី៣០ ឆ្នាំនៃទិវាការពារព្រំដែនដោយប្រជាជនទាំងមូល (ថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៨៩/ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩) និងការប្រគល់គ្រឿងឥស្សរិយសថ្នាក់ទី១។
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយ និងជាប្រធានគណៈកម្មាធិការចាត់តាំង ជាអធិបតីនៃកិច្ចប្រជុំនេះ។
កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃចំពោះការត្រៀមរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ និងបណ្តាសកម្មភាពឆ្ពោះទៅរកការរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ ឆ្នាំនៃការបង្កើតកងទ័ពការពារព្រំដែន និងលើកទី៣០ ឆ្នាំនៃទិវាការពារព្រំដែនដោយប្រជាជនទាំងមូល។
ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានបញ្ជាឲ្យបណ្តាអង្គការអនុវត្តសកម្មភាពតបស្នងសងគុណ ចំពោះក្រុមគ្រួសារទទួលរបបពីរដ្ឋ អ្នកមានគុណូបការៈ ព្រមទាំងឃោសនា អប់រំឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជនអំពីប្រពៃណីអង់អាចក្លាហានរបស់កងទ័ពប្រជាជនវៀតណាមនិយាយរួម និងប្រពៃណីរបស់កងទ័ពការពារព្រំដែននិយាយដោយឡែក។
ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនបានសហការជាមួយបណ្តាអង្គភាពរៀបចំការជួបប្រាស្រ័យជាច្រើនដូចជា ការជួបប្រាស្រ័យក្រោមប្រធានបទ “ព្រំដែនពោរពេញទៅដោយមនោសញ្ចេតនា” លើកទី៣ ឆ្នាំ២០១៨; ការជួបប្រាស្រ័យព្រំដែនរវាងវៀតណាម ឡាវ និងកម្ពុជាលើកទី១ នៅខេត្ត Kon Tum និងការផ្លាស់ប្តូរមិត្តភាពលើវិស័យការពារជាតិនៅព្រំដែនវៀតណាម-ចិន នៅខេត្ត Cao Bang ជាដើម៕
បកប្រែដោយ Huyen Trang