leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា តើក្នុងឆ្នាំ២០១៨ កិច្ចការបរទេសលើវិស័យការពារជាតិបាន​ប្រព្រឹត្តទៅយ៉ាងដូចម្តេចដែរ?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖  កិច្ចការបរទេសលើវិស័យការពារជាតិបានប្រព្រឹត្តទៅយ៉ាងមមាញឹក! ដោយសារតែ ក្នុងបរិបទអន្តរជាតិដ៏ស្មុគស្មាញ ការផ្លាស់ប្តូររវាងបណ្តាប្រទេសលើវិស័យយោធា ទាំងទ្វេភាគី និងពហុភាគីមានការរីកចម្រើនយ៉ាងខ្លាំងក្លាដែរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅឆ្នាំ២០១៨ យើងផ្តោតសំខាន់លើទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាង ដូចជាប្រទេសឡាវ និងប្រទេសកម្ពុជា និងផ្តោតលើការរក្សាទំនាក់ទំនងលើវិស័យការពារជាតិជាមួយបណ្តាប្រទេសអាស៊ាន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយចិនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយកំពុងរីកចម្រើនយ៉ាងល្អប្រសើរ ដែលក្នុងនោះប្រទេសទាំងពីរបានរៀបចំប្រកបដោយជោគជ័យនូវកម្មវិធីប្រជុំផ្លាស់ប្តូរព្រំដែនមិត្តភាពវៀតណាម-ចិន លើកទី៥។

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងឆ្នាំ ២០១៨ មានកិច្ចប្រជុំខាងយោធា ការពារជាតិជាច្រើនត្រូវបានធ្វើឡើងដូចជា វេទិកា Xiangshan ប៉េកាំង កិច្ចប្រជុំសន្តិសុខអន្តរជាតិមូស្គូ និងកិច្ចសន្ទនា Shangri-La ជាដើម។ កិច្ចប្រជុំទាំងអស់នេះ សុទ្ធតែមានការចូលរួមពីគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ ហើយនៅកិច្ចប្រជុំទាំងនេះ សំដីរបស់វៀតណាមមានឥទ្ធិពលជាងដោយទទួលបានការវាយតំលៃខ្ពស់ពីសំណាក់តំណាងអន្តរជាតិ រួមចំណែកដល់ជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះ។

ចំណុចពិសេសមួយទៀត គឺវៀតណាមបានបញ្ជូនកងពេទ្យកំរិត២ លេខ១ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង នាខែតុលា ឆ្នាំ ២០១៨។ នេះគឺជាដំណើរការដ៏លំបាក និងស្មុគស្មាញ ពីព្រោះដើម្បីបញ្ជូននាយទាហានជាង ៦០០ នាក់ រួមជាមួយឥវ៉ានរាប់រយតោនពីវៀតណាមទៅតំបន់ឆ្ងាយដាច់ស្រយាលនៅអាហ្វ្រិកគឺយើងត្រូវតែមានការពិចារណាយ៉ាងលម្អិត។ នាពេលថ្មីៗ អង្គការសហប្រជាជាតិបានផ្ញើលិខិតអបអរសាទរ និងអរគុណចំពោះវៀតណាម ដោយបានសង្កត់ធ្ងន់ថា គ្មានកងកម្លាំងថែរក្សាសន្តិភាពរបស់ប្រទេសណាមួយអាចចូលរួមយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពដូចវៀតណាមនោះទេ។

អ្នកយកព័ត៌មាន៖ ជាអ្នកដែលបានតាមដានយ៉ាងដិតដល់នូវកម្មវិធីប្រជុំផ្លាស់ប្តូរព្រំដែនមិត្តភាពវៀតណាម-ចិន លើកទី៥ ចាប់ពីថ្ងៃដំបូង តើកម្មវិធីនេះត្រូវផ្លាស់ប្តូរអ្វីខ្លះ ដើម្បីបន្តជាចំណុចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការលើ​វិ​ស័យ​ការពារជាតិរវាងវៀតណាមនិងចិន?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ ខ្ញុំសូមដកស្រង់នូវការប្តេជ្ញាចិត្តរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន បានបញ្ជាក់ថា បន្តថែរក្សា និងលើកកំពស់នូវគុណភាព និងប្រសិទ្ធភាពនៃកម្មវិធីប្រជុំផ្លាស់ប្តូរព្រំដែនមិត្តភាពវៀតណាម-ចិននាពេលខាងមុខ ដើម្បី​កម្មវិធីប្រជុំផ្លាស់ប្តូរនេះពិតជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងការពារជាតិរវាងភាគីទាំងពីរ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាសរសស្តម្ភមួយនៃទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម  និងចិន។

អ្នកយកព័ត៌មាន៖ លោកធ្លាប់និយាយថា ទំនាក់ទំនងរវាងវៀតណាម និងអាមេរិកបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពតាមរយៈសកម្មភាពសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម។ តើកិច្ចសហប្រត្តិការនេះបានប្រព្រឹត្តទៅយ៉ាងដូចម្តេចនៅឆ្នាំ២០១៨?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ នៅឆ្នាំ ២០១៨ យើងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិកក្នុងស្មារតីនៃអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១១ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅឆ្នាំ២០១៥។ ជាពិសេសនៅក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម។

អ្នកយកព័ត៌មាន: ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តើលោកមានសារអ្វីជូនដល់មិត្តអ្នកអាន នៃកាសែតកងទ័ពប្រជាជនទេ?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ៖ ខ្លឹមសារដែលបានផ្សព្វផ្សាយលើកាសែតកងទ័ពប្រជាជនពិតជាល្អណាស់ ជាពិសេសការផ្សព្វផ្សាយអំពី “ការប្រឆាំងបំរែបំរួលដោយសន្តិភាវូបនីយកម្ម" និងព័ត៌មានអន្តរជាតិ ការផ្សព្វផ្សាយពីកិច្ចការបរទេស និងការការពារគោលមាគ៌ា ការការពាររបបជាដើម។ ព្រមទាំងបានលើកឡើងនូវបញ្ហានៃការការពារជាតិដោយប្រជាជនទាំងមូល និងកងទ័ពប្រជាជនវៀតណាមផងដែរ។ ខ្ញុំសង្ឃឹមថា កាសែតកងទ័ពប្រជាជននឹងមានមិត្តអ្នកអានកាន់តែច្រើនថែមទៀត។ តាមរយៈកាសែតកងទ័ពប្រជាជន ខ្ញុំសូមជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យគ្រប់ប្រការ៕

បកប្រែដោយ Duy Hoan