កាសែតកងទ័ពប្រជាជនវៀតណាមមានការធ្វើសំភាសន៍លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានគណៈកម្មាធិការបញ្ជារបស់ក្រសួងការពារប្រទេសអំពីការចូលរួមរបស់វៀតណាមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិអំពីព្រឹត្តការណ៍នេះ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh

អ្នកយកព័ត៌មាន៖ ក្នុងឋានៈជាប្រធានគណៈកម្មាធិការបញ្ជា តើលោកបានវាយតំលៃចំ​ពោះ​ការត្រៀមរៀបចំកងពេទ្យកំរិត២ លេខ១ របស់វៀតណាមយ៉ាងដូចម្តេច?

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh៖ ក្នុងរយៈពេលប៉ុន្មាន់ឆ្នាំកន្លងមក ការត្រៀមរៀបចំកងពេទ្យកំរិត២ លេខ១ ទទួលបានការយកចិត្តទុកដាក់ ការសហការយ៉ាងជិតស្និទ្ធ និងមានការទទួលខុសត្រូវពីស្ថាប័នជាច្រើននៃក្រសួងការពារប្រទេសវៀតណាម និងពីរដ្ឋាភិបាល រដ្ឋសភា ស្ថាប័នមជ្ឈិម ក្រសួងនានារបស់វៀតណាម ដើម្បីសម្រេចការរៀបចំការចេញដំណើរទៅបំពេញភារកិច្ចនៅគណៈបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។ មកទល់សព្វថ្ងៃនេះ យើងខ្ញុំជឿជាក់លើការត្រៀមជាស្រេចទៅបំពេញភារកិច្ចអន្តរជាតិដ៏មានអត្ថន័យនេះ។

អ្នកយកព័ត៌មាន៖ តើលោកបានវាយតំលៃចំពោះការដែលវៀតណាមទៅបំពេញភារកិច្ចរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិជាលើកដំបូង នៅពេលខាងមុខនេះយ៉ាងដូចម្តេច?

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh៖ ក្នុងរយៈពេលរៀបចំ វៀតណាមបានចាត់បញ្ជូននាយទាហានជាង ២៧ នាក់ទៅបំពេញភារកិច្ចរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។ នៅពេលនេះ វៀតណាមចាត់បញ្ជូនកម្លាំងមានសមត្ថភាពចូលរួមរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។ ខ្ញុំជឿជាក់ថា យើងខ្ញុំនឹងទទួលបានជោគជ័យ រួមវិភាគទានដល់សន្តិភាព ស្ថិរភាពរបស់ពិភពលោក។ នេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការបញ្ជាក់ពីការរួមវិភាគទានរបស់ខ្លួនដល់សន្តិភាពពិភពលោក ហើយកងទ័ពប្រជាជនវៀតណាមអាចបំពេញល្អភារកិច្ចការពារមាតុភូមិផង ការពារសន្តិភាពផង។ ជាពិសេស កម្លាំងរក្សាសន្តិភាពលើកនេះ មាននាយទាហាននារីចំនួន ១០ នាក់។ នេះបានបង្ហាញថាវៀតណាមបំពេញភារកិច្ចរក្សាសន្តិភាពផង អនុវត្តល្អគោលដៅសមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិផង។

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្រ្តីវាយតំលៃចំពោះតួនាទីរបស់កម្មាភិបាល នាយទាហានម្នាក់ៗនៃកងទ័ពប្រជាជនវៀតណាមក្នុងការចូលរួមភារកិច្ចរក្សាសន្តិភាពយ៉ាងដូចម្តេច?

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh៖ កម្មាភិបាល គ្រូពេទ្យ នាយទាហានម្នាក់ៗ មិនគ្រាន់តែជាបេសកជនសន្តិភាព បេសកជនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាបេសកជននៃកម្លាំងយោធាដែលមានពីប្រពៃណី និងការតស៊ូប្រយុទ្ធដើម្បីឯករាជ្យនិងការពារមាតុប្រទេសរបស់វៀតណាមទៀតផង។ កម្លាំងនេះបានបង្ហាញតាមរយៈការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តក្នុងការបង្វឹកបង្ហាត់ បណ្ដុះបណ្ដាល និងបង្កើនសមត្ថភាពជំនាញ។ កម្មាភិបាល គ្រូពេទ្យ នាយទាហានម្នាក់ៗ បានតំណាងឲ្យកងទ័ពប្រជាជនវៀតណាមនៅលើពិភពលោក និងនាំយកនូវសារសន្តិភាពរបស់វៀតណាមដល់មិត្តភក្តិអន្តរជាតិ។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យបានដឹងអំពីស្ថានភាពនៃគណៈបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិដែលកម្លាំងរក្សាសន្តិភាពវៀតណាមនឹងចូលរួមនៅប៉ុន្មានថ្ងៃខាងមុខនេះ?

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh៖ ប្រទេសស៊ូដង់ខាងត្បូង និងប្រទេសជាច្រើននៅអាហ្វ្រិកកំពុងមានភាពក្រីក្រ និងបាត់បង់ការគ្រប់គ្រងរបស់រដ្ឋាភិបាល និងមានជម្លោះនៅផ្ទៃក្នុងប្រទេស។ វៀតណាមចូលរួមភារកិច្ចនេះតាមគោលការណ៍ មាគ៌ាទាក់ទងបរទេសរបស់បក្ស និងរដ្ឋគឺការពារសន្តិភាព។ វៀតណាមមិនចូលរួមក្នុងជម្លោះយោធា និងប្រព័ន្ធគ្រប់គ្រងប្រជាជននោះទេ។

leftcenterrightdel
អ្នកជំនាញការរក្សាសន្តិភាពអន្តរជាតិទស្សនាសកម្មភាពនៃកងពេទ្យកំរិត២ លេខ១

អ្នកយកព័ត៌មាន៖ សន្តិសុខនៅលើសកលលោក និងជម្លោះនៅតំបន់ជាច្រើនលើពិភពលោកទាមទាវត្តមានរបស់កម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ នៅពេលខាងមុខនេះ តើវៀតណាមនឹងបើកទូលាយនូវខ្លឹមសារនៃការចូលរួមកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដែរឬទេ?

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh៖ វៀតណាមនឹងចូលរួមសកម្មភាពដែលស្របតាមមាគ៌ាទាក់ទងបរទេស និងសមត្ថភាពរបស់ខ្លួន។ បន្ទាប់ពីពិធីចេញដំណើរនោះ កងពេទ្យកំរិត២ លេខ២ នឹងបានបង្កើតជាផ្លូវការ និងត្រៀមរៀបចំដើម្បីជំនួសឲ្យកងពេទ្យកំរិត២ លេខ១ បន្ទាប់ពីបំពេញភារកិច្ចក្នុងរយៈពេល ១ ឆ្នាំនៅគណៈបេសកកម្មរក្សាសន្ដិភាព។ បន្ទាប់ពីត្រឡប់មកវិញ កងពេទ្យកំរិត២ លេខ១ ក្លាយជាកម្លាំងសង្គ្រោះចល័ត នៅសម័យសន្តិភាព។ វៀតណាមបន្តត្រៀមរៀបចំកម្លាំងវិស្វកម្មដើម្បីនៅចុងឆ្នាំ២០១៩ នឹងរៀបចំបំពេញភារកិច្ច ។ ទន្ទឹមនិងនោះ វៀតណាមក៏កសាងមជ្ឈមណ្ឌលរក្សាសន្តិភាពផងដែរ។

អ្នកយកព័ត៌មាន៖ តើអ្វីជាការផ្តែផ្ដាំរបស់លោកជូននាយទាហានរក្សាសន្តិភាពវៀតណាមមុនពេលទៅបំពេញភារកិច្ច?

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh៖ ខ្ញុំជឿជាក់ថា កម្មាភិបាល គ្រូពេទ្យ និងនាយទាហាននៃកងពេទ្យកំរិត២ លេខ១ នឹងបំពេញល្អភារកិច្ច។ ជំនួសមុខថ្នាក់ដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម និងក្នុងឋានៈជាប្រធានគណៈកម្មាធិការបញ្ជា ខ្ញុំស្នើឲ្យ ថ្នាក់ដឹកនាំ កម្មាភិបាល គ្រូពេទ្យ និងនាយទាហាននៃកងពេទ្យកំរិត២ លេខ១ ត្រូវតែអនុវត្តត្រឹមត្រូវវិន័យយោធា យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មាភិបាល នាយទាហាន ធានាសន្តិសុខ សុវត្ថិភាព ខំប្រឹងប្រែងហ្វឹកហាត់ សិក្សា ឆ្លងកាត់ការលំបាកនៅតំបន់ថ្មី ក្នុងស្ថានភាពថ្មី និងសំណូមពរថ្មី។ កម្មាភិបាល គ្រូពេទ្យ និងនាយទាហាននៃកងពេទ្យកំរិត២ លេខ១ គប្បីលើកកម្ពស់ស្មារតីសាមគ្គីភាព ពង្រីកប្រពៃណីដ៏មោទនភាពរបស់កងទ័ពប្រជាជនវៀតណាម។

អ្នកយកព័ត៌មាន៖ សូមអរគុណ!

បកប្រែដោយ Thuy Anh