leftcenterrightdel
របាំនៃជនជាតិភាគតិចនៅវៀតណាម (រូបថត៖ tintuc.vn)

ការយល់ដឹងថ្មីក្នុងការការពារវប្បធម៌ជាតិ ក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិ

សម័យសកលភាវូបនីយកម្ម និងបដិវត្តន៍ឧស្សាហកម្ម 4.0 កំពុងនាំមកនូវការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមកចំពោះអរិយធម៌របស់មនុស្សជាតិក៏ពិតមែន ប៉ុន្តែវាក៏ជាបញ្ហាប្រឈមដ៏គួរឱ្យកត់សម្គាល់ចំពោះកិច្ចការការពារវប្បធម៌ជាតិនៃប្រទេសនីមួយៗ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ “អធិបតេយ្យភាពវប្បធម៌” ត្រូវបានអ្នកស្រាវជ្រាវជាច្រើនរំលឹកដល់ ពីព្រោះបញ្ហានេះ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងអធិបតេយ្យភាពដែនដី និងវាសនានយោបាយនៃប្រទេសជាតិនីមួយៗ។

ជាការពិតណាស់ ទោះបីឯករាជ្យអធិបតេយ្យភាព ដែនដីធ្វើជាមូលដ្ឋាន ជាបុរេលក្ខខណ្ឌសំខាន់ដំបូងបង្អស់សម្រាប់ខឿនឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសជាតិក៏ពិតមែនក្តី ប៉ុន្តែឯករាជ្យវប្បធម៌ទើបជាលក្ខខណ្ឌគោល ដើម្បីធានានូវគ្រឹះឯករាជ្យភាពរបស់ប្រទេសមួយឲ្យរឹងមាំជានិរន្តភាព និងអភិវឌ្ឍប្រកបដោយចីរភាព។ ពីព្រោះថា វប្បធម៌ដែលយល់តាមន័យស៊ីជម្រៅបំផុតនោះ គឺ ជារយៈពេលនៃប្រវត្តិសាស្ត្រទាំងមូល ជាជម្រៅនៃប្រពៃណី ហើយនិងជាតម្លៃស្មារតី សីលធម៌ ទំនៀមទម្លាប់នៃជាតិទាំងមូលដែលត្រូវបានកកើតឡើង ពូនជ្រំដោយជំនាន់ជាច្រើនមកម៉្លេះ។ ម្យ៉ាងទៀត វប្បធម៌ក៏ជា “កម្លាំងទន់” នៃប្រទេសនីមួយៗ។ ហេតុដូច្នេះ ការការពារវប្បធម៌ក្រៅពីអត្ថន័យការពារ “កម្លាំងទន់” នៃប្រទេសជាតិនោះ ក៏រួមបញ្ចូលទាំងការធ្វើឲ្យគ្រប់តម្លៃនៃ “កម្លាំងទន់” មានការអភិវឌ្ឍប្រកបដោយមិនឈប់ឈរ ដើម្បីខឿនឯករាជ្យនៃប្រទេសជាតិបានចាក់ឫសជ្រៅក្នុងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ។ 

មហាសន្និបាតបក្សទី ១២ បានកំណត់ខ្លឹមសារនៃ “ការការពារវប្បធម៌ជាតិ”  ជាភារកិច្ចមួយក្នុងការការពារមាតុភូមិក្នុងស្ថានភាពថ្មី ពោលគឺការការពារយ៉ាងរឹងមាំលើឯករាជ្យភាព អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដីនៃមាតុភូមិ ការពារបក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម។ ការពារបុព្វហេតុផ្លាស់ថ្មី ការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្ម។ ការការពារផលប្រយោជន៍ជាតិ-ជាតិសាសន៍។ ការពារវប្បធម៌ជាតិ រក្សាបរិស្ថានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពសង្គម។

ធាតុពិតនៃការដែលបក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា “ការពារវប្បធម៌ជាតិ” គឺជាការអះអាងបញ្ជាក់នូវការការពារអធិបតេយ្យវប្បធម៌ជាតិ។ តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យ Nguyen Ba Duong នាយកវិទ្យាស្ថានវិទ្យាសាស្ត្រ មនុស្សសាស្ត្រ និងយោធា (ក្រសួងការពារប្រទេសវៀតណាម) បានអះអាងថា វប្បធម៌គឺជាកត្តាមួយក្នុងចំណោមកត្តាដែលមានលក្ខណៈនិរន្តរភាពផង រវៀសរវៃផងដែលនឹងរួមចំណែកដល់ការធ្វើអាជីវកម្ម និងបង្កើន“កម្លាំងទន់” នៃប្រទេសជាតិ ដើម្បីបង្កើតឡើងកម្លាំងសរុបសម្រាប់បុព្វហេតុការពារមាតុភូមិដោយសង្កត់ធ្ងន់លើកត្តាវប្បធម៌ប្រាកដប្រជា គឺយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាព ស្មារតីរឹងមាំ កម្លាំងកាយចិត្តខ្លាំងក្លា ដើម្បីឆ្លើយតប និងអនុវត្តភារកិច្ចមួយក្នុងចំណោមភារកិច្ចយុទ្ធសាស្រ្តពីររបស់បដិវត្តន៍វៀតណាម។

ត្រូវតែមានកម្លាំងខាងក្នុងគ្រប់គ្រាន់ ដើម្បីការពារ “អធិបតេយ្យវប្បធម៌” ជាតិ

ដើម្បីរក្សាឲ្យបានឯករាជ្យ និងភាពខ្លួនជាទីពឹងខ្លួនអំពីវប្បធម៌នោះ យើងមិនអាចព្រងើយកន្តើយក្នុងការកសាង និងការបង្កើន​“កម្លាំងផ្ទៃក្នុង”របស់ជាតិ។ ពិចារណាឡើងវិញពីរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ថ្មីបានបង្ហាញឲ្យឃើញថា វៀតណាមកំពុងមានការអភិវឌ្ឍលោតផ្លោះទាំងខាងសេដ្ឋកិច្ច និងសង្គម។ ក្នុងសេចក្តីសម្រេចចិត្តលេខ 33-NQ/TW នីតិកាលទី ២១ របស់បក្ស “ស្តីពីការអភិវឌ្ឍវប្បធម៌និងប្រជាជន វៀតណាមឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព”  បានចង្អុលបង្ហាញដោយត្រង់ៗពីវប្បធម៌ដែលមិនទាន់មានការផ្លាស់ប្តូរច្បាស់លាស់ គ្រាដែលបរិយាកាសវប្បធម៌ស្ថិតនៅក្នុងស្ថានភាព ខ្វះភាពវិជ្ជមាន ផ្ទុយពីប្រពៃណី និងទំនៀមទំលាប់ល្អប្រពៃ។

យើងនៅតែដឹងថា ប្រទេសរបស់យើងត្រូវតែផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម ប៉ុន្តែមិនមែនដូច្នេះទេដែលយើងមើលស្រាលកិច្ចការការពារអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជាការមិនយកចិត្តទុកដាក់ដល់ការអភិវឌ្ឍនៃវិស័យឧស្សាហកម្មវប្បធម៌ក្នុងស្រុក។ ពីព្រោះថា ប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះឲ្យបានត្រឹមត្រូវនោះទេ យើងមិនត្រឹម​តែបាត់បង់ “ឫសគល់” របស់យើងដោយងាយៗប៉ុណ្ណោះទេ ថែមទាំងនឹងជួបការលំបាកក្នុងការរួមវិភាគទានចូលមរតកវប្បធម៌នៃមនុស្សជាតិដោយវប្បធម៌ប្រពៃរបស់វៀតណាមទៀតផង។ យើងមិនគួរបំភ្លេចការរំលឹករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ថា ភាពខ្សោយខាងបច្ចេកវិទ្យាវៀតណាមនឹងសិក្សានៅក្រៅប្រទេស ប៉ុន្តែមានចំណុចសំខាន់គ្រឹះពីរដែលវៀតណាមត្រូវតែរក្សាជានិច្ចគឺស្មារតីឯករាជ្យជាតិ និងអត្តសញ្ញាណវប្បធម៌ជាតិ ពីព្រោះនោះជាកត្តាពីរមានលក្ខណៈស្លាប់រស់ដែលធានាឱ្យកិត្យានុភាព និងរូបភាពនៃប្រជាជនវៀតណាមនៅតែដក់ជាប់ក្នុងបេះដូងរបស់មនុស្សជាតិ។

យល់ជ្រាបពីពាក្យប្រៀនប្រដៅរបស់លោកប្រធាន ហូជីមិញ៖ “ឫសគល់នៃវប្បធម៌ទើបជាជាតិសាសន៍”

មានពាក្យមួយនិយាយថា៖ វប្បធម៌គឺនៅសល់នៅពេលដែលអ្វីៗទាំងអស់ត្រូវរលាយរលត់អស់។ ប្រវត្តិសាស្ត្រពិភពលោកបានចង្អុលបង្ហាញថា៖ ការបាត់បង់ទឹកដី អធិបតេយ្យភាពអាចតស៊ូដណ្តើមយកមកវិញបាន ប៉ុន្តែការបាត់បង់វប្បធម៌គឺបាត់បង់ទាំងអស់ជារៀងរហូត។ មេរៀនជាប្រវត្តិសាស្ត្រពីបុព្វបុរសរបស់យើងតាំងចិត្ត រក្សាវប្បធម៌ជាតិឲ្យគង់វង់រហូតក្នុងរយៈពេលជាងមួយពាន់ឆ្នាំទោះបីធ្លាប់ស្ថិតក្រោមនឹងការត្រួតត្រាក៏ដោយតែ “យើងនៅតែជាយើង” នេះគឺជាភស្ដុតាងច្បាស់លាស់ពីប្រការនេះ។

មានអ្នកជំនាញយូណេស្កូមួយរូបបានព្រមានថា ថ្វីបើឧស្សាហកម្មបដិវត្តន៍ 4.0 នាំមកនូវអត្ថប្រយោជន៍ និងភាពស៊ីវីល័យៗជាច្រើនសម្រាប់ជីវិតមនុស្សក៏ពិតមែន  ប៉ុន្តែក៏ងាយធ្វើឲ្យវប្បធម៌ជាតិមិនសូវបានចាប់អារម្មណ៍ និងអើពើឡើយ។

ហេតុដូច្នេះគន្លឹះក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិនោះ គឺត្រូវយកចិត្តទុកដាក់លើការការពារ ពូនជ្រំ លើកកម្ពស់វប្បធម៌ និងចំណេះដឹង ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រិតសម្រាំងយកវប្បធម៌បរទេសល្អៗ។ ត្រូវតែចងចាំជានិច្ចពាក្យប្រៀនប្រដៅ របស់លោកប្រធានហូជីមិញគឺ៖  មិនថាខាងលិច មិនថាខាងកើត ឲ្យតែមានអ្វីល្អយើងនឹងរៀនតាម ប៉ុន្តែសំខាន់ត្រង់ថា “មិនធ្វើឱ្យយើងក្លាយទៅជាអ្នកត្រាប់តាម” ពីព្រោះថា ឫសគល់នៃវប្បធម៌ទើបជាប្រទេសជាតិ ហើយឫសគល់មាំដើមទើបមាំ។ រក្សាឲ្យបានមាំឫសគល់នៃវប្បធម៌ក៏ជាមូលដ្ឋានរឹងមាំ ដើម្បីការពារបូរណភាពទឹកដីក្នុងដំណើរការនៃសកលភាវូបនីយកម្ម៕

បកប្រែដោយ Minh Trung